អ្នកជំនាញ​៖ វិស័យ​ដីធ្លី​នៅ​តំបន់​ភ្នំ​ប្រសិទ្ធ​និង​តំបន់​ជុំវិញ​កាន់តែ​មាន​សក្ដានុពល​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ចាប់តាំងពី​ដើមឆ្នាំ២០១៩​ វិស័យ​ដីធ្លី​ដែល​ស្ថិតនៅ​តំបន់​ភ្នំ​ប្រសិទ្ធ​ តំបន់​ភ្នំ​រាប​ ក៏ដូចជា​តំបន់​នៅ​ជុំវិញ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ កំពុងតែ​បង្ហាញ​ពី​សក្ដានុពល​និង​ភាព​ទាក់ទាញ​ក្នុង​វិនិយោគ​ ជាពិសេស​ក្រោយពេល​មាន​គម្រោង​និង​សកម្មភាព​អភិវឌ្ឍ​នៅ​តំបន់​ទំនប់​កប់​ស្រូវ​ តំបន់​បឹង​តា​មោឃ​ និង​តំបន់​ផ្លូវ៥១​ ដែល​ធ្វើ​ឱ្យ​តម្លៃ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។

ភាព​ជាក់ស្ដែង​នៅពេល​បច្ចុប្បន្ន​នេះ​ ក្រៅពី​សកម្មភាព​ពុះ​ដី​ឡូ​តិ៍​ជាច្រើន​គម្រោង​នៅ​តំបន់​ភ្នំ​ប្រសិទ្ធិ​ ភ្នំ​រាប​ និង​តំបន់​ជុំវិញ​ ក៏​មាន​បណ្តា​អ្នក​វិនិយោគ​លើ​វិស័យ​លំនៅ​ដ្ឋាន​មួយចំនួន​ចូល​ទៅ​ធ្វើការ​អភិវឌ្ឍ​ជា​បន្ត​ទបន្ទាប់​ ដែល​ភាគច្រើន​ជា​ប្រភេទ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​។

នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​ និង​ការ​លក់​របស់​ក្រុមហ៊ុន​ អចលនទ្រព្យ​ភ្នំ​រាប​ លោក​ ពៅ​ ចាន់​ថន​ ដែល​កំពុង​ពុះ​ដី​ឡូ​តិ៍​ជាច្រើន​ គម្រោង​នៅក្នុង​តំបន់​នេះ​បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ថា​ ត្រឹម​រយៈពេល​មិនដល់​មួយឆ្នាំ​ផង​ ក្រុមហ៊ុន​របស់​លោក​ទទួល​បាន​ជោគជ័យ​ លើ​ការ​លក់​រហូតដល់៤គម្រោង​។ លោក​បាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នេះ​គម្រោង​ទី៥​ និង​ទី៦​ របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ភ្នំ​រាប​ជិត​បាន​បញ្ចប់​ទៅ​ហើយ​ ដោយ​កំពុងតែ​រៀប​ដំណើរការ​គម្រោង​ថ្មី​បន្ត​ទៀត​។

លោក​ថា​ “ការ​ទទួល​បាន​ជោគជ័យ​លើ​ការ​លក់​ទាំងនេះ​ មិនមែន​ពឹងផ្អែក​តែ​ទៅលើ​ជំនាញ​ក្នុង​លក់​តែមួយមុខ​នោះ​ទេ​ ប៉ុន្តែ​ក៏​ព្រោះតែ​ទីតាំង​អំណោយផល​ មាន​ភាព​ទាក់ទាញ​ ទើប​អតិថិជន​ ក៏ដូចជា​អ្នក​វិនិយោគ​ចាប់អារម្មណ៍​”។

លោក​បន្ត​ថា​ ពេលនេះ​សកម្មភាព​ពុះ​ដី​ឡូ​តិ៍​នៅ​តាមផ្លូវ១៣០​ ចេញពី​ផ្សារ​ព្រែកព្នៅ​ឆ្ពោះទៅ​កាន់​តំបន់​ភ្នំ​ប្រសិទ្ធ​មិន​មាន​ទៀត​នោះ​ទេ​ ព្រោះ​តម្លៃ​បាន​ឡើង​ខ្ពស់​រហូតដល់​ប្រមាណ​ជាង៣០០ដុល្លារ​រួច​ទៅ​ហើយ​។ ការ​ពុះ​ដី​ឡូ​តិ៍​គឺ​មានតែ​នៅ​តំបន់​ផ្នែក​ខាងក្នុង​ ឆ្ងាយ​ពី​ផ្លូវ​ធំ​ ឬមិន​មែន​ជាទី​ប្រជុំជន​ ដែល​មានតម្លៃ​ប្រមាណ​ជិត១ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឡូ​តិ៍​ ហើយ​តម្លៃ​នេះ​នឹង​នៅតែ​បន្ត​ឡើងថ្លៃ​បន្តិចទៀត​។

អគ្គនាយក​ក្រុមហ៊ុន​ EASY​ PROPERTY​ INVESTMENT​ ​លោក​ ម៉ម​ សិរី​បញ្ញា​ ​ក៏បាន​មានប្រសាសន៍​ទទួលស្គាល់​ ពី​សក្ដានុពល​នៃ​តំបន់​ខាងលើ​នេះ​ផង​ដែរ​ ដោយ​លោក​បាន​បញ្ជាក់​ថា​ ការចាប់អារម្មណ៍​ពីសំណាក់​អ្នក​វិនិយោគ​លើ​វិស័យ​ដីធ្លី​នៅ​តំបន់​នេះ​ បាន​ចាប់ផ្តើម​កម្រើក​តាំងពី​ប្រមាណ២ឆ្នាំមុន​មក​ម៉្លេះ​ ប៉ុន្តែ​នៅ​ឆ្នាំនេះ​មានសន្ទុះ​ខ្លាំង​ជាង​ពេលមុន​។

​លោក​បាន​បន្ត​ទៀត​ថា​ “តម្លៃ​ដីធ្លី​នៅក្នុង​តំបន់​ភ្នំ​ប្រសិទ្ធ​ និង​តំបន់​ជុំវិញ​មាន​ភាព​ខុសគ្នា​ ដែល​វា​អាស្រ័យ​ទៅតាម​ទីតាំង​ ទំហំ​ និង​សណ្ឋានដី​”។ លោក​បន្ត​ទៀត​ថា​ “ពេលនេះ​ក្រៅពី​សកម្មភាព​នៃ​ការ​ពុះ​ដី​ឡូ​តិ៍​លក់​ ក៏​មាន​អ្នក​អភិវឌ្ឍ​កម្រិតមធ្យម​មួយចំនួន​តូច​ ចាប់ផ្តើម​ធ្វើសកម្មភាព​សាងសង់​សំណង់​ លំនៅ​ដ្ឋាន​កម្រិតមធ្យម​ចាប់ពី១០​-២០ល្វែង​ជា​បណ្តើរ​ៗហើយ​ ដែល​ទាំងនេះ​ក៏​ជា​កត្តា​មួយ​ជួយ​គៀង​គរ​អ្នក​អភិវឌ្ឍ​ដទៃទៀត​ ឱ្យ​ចូល​ទៅ​ចូលរួម​ធ្វើការ​វិនិយោគ​ និង​អភិវឌ្ឍ​នៅ​តំបន់​នេះ​បន្ថែម​ទៀត​”។

នៅក្នុង​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​នៅ​តំបន់​ភ្នំ​ប្រសិទ្ធ​ តំបន់​ភ្នំ​រាប​ និង​តំបន់​ផ្លូវ៥១​ ត្រូវ​បាន​ធ្វើឡើង​ក្នុង​រូបភាព​ខុសប្លែក​ពីគ្នា​ ដែល​តម្រូវ​តាម​ស្ថានភាព​ និង​ភាព​ជាក់ស្ដែង​នៃ​កម្រិត​តម្រូវការ​របស់​អតិថិជន​។ ជាក់ស្ដែង​ដូចជា​ លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​ដែល​ស្ថិតនៅ​តំបន់​ភ្នំ​ប្រសិទ្ធ​ មានតម្លៃ​ចាប់ពី​ជាង៣ម៉ឺន​ដុល្លារ​ឡើង​ទៅ​ ដោយឡែក​ចំពោះ​លំនៅ​ដ្ឋាន​ស្ថិតនៅ​តំបន់​ផ្លូវ៥១​ អាច​មានតម្លៃ​ចាប់ពី​ជាង៤ម៉ឺន​ដុល្លារ​ឡើង​ទៅ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ឲ្យដឹង​នៅ​ថ្ងៃ​ដដែល​ថា​ សក្ដានុពល​នៃ​តំបន់​ទាំងនេះ​ ក្រៅពី​ស្ថិតនៅ​ជាយ​រាជធានី​ភ្នំពេញ​ គឺ​មួយភាគធំ​ទទួល​ឥទ្ធិពល​ពី​គម្រោង​អភិវឌ្ឍ​ នៃ​តំបន់​ទំនប់​កប់​ស្រូវ​ គម្រោង​អភិវឌ្ឍ​បឹង​តា​ម៉ោក​ និង​វត្តមាន​របស់​បណ្តា​សំណង់​រោងចក្រ​ និង​ឃ្លាំង​ ដែល​ទើបតែ​ទៅ​តាំងនៅ​តំបន់​ជាប់​ផ្លូវ៥១​។

លោក​បាន​បញ្ជាក់​ថា​ “អ្វី​ដែល​កាន់​ជួយ​ជំរុញ​ឱ្យ​តំបន់​ទាំងនេះ​ មាន​ភាព​ទាក់ទាញ​ខ្លាំង​ ដោយសារ​មាន​ប្រព័ន្ធ​ហេដ្​រចនាសម្ព័ន្ធ​មាន​ភាពល្អ​ប្រសើរ​ខ្វាត់ខ្វែង​ ងាយស្រួល​ក្នុង​ការ​តភ្ជាប់​ពី​តំបន់​ទាំងនេះ​ទៅកាន់​រាជធានី​ភ្នំពេញ​ ជាពិសេស​ងាយស្រួល​ក្នុង​ការ​តភ្ជាប់​ទៅកាន់​ផ្លូវ​សំ​ខាន់​ៗមួយចំនួន​ទៀត​ដូចជា​ ផ្លូវជាតិ​លេខ៤​ និង​ផ្លូវជាតិ​លេខ៥​ ដែល​សុទ្ធតែ​ជា​ផ្លូវ​បម្រើ​ដល់​ការ​ដឹកជញ្ជូន​”។ លោក​បាន​បញ្ជាក់​ទៀត​ថា​ “យ៉ាង​យូរ​ត្រឹម​រយៈពេល៥ឆ្នាំខាងមុខ​នេះ​ តំបន់​ភ្នំ​ប្រសិទ្ធ​នឹង​ពោរពេញ​ ទៅ​ដោយ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​ធម្យម​ជាក់ជា​មិនខាន​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here