ដោយ គង់ សូរិយា
ភ្នំពេញ៖ ប្រទេសចិនបានឈរចំណាត់ថ្នាក់លេខ១ជាថ្មី ក្នុងការវិនិយោគ លើវិស័យសំណង់នៅកម្ពុជាធំជាងគេបំផុតក្នុងឆ្នាំ២០១៧ ដោយមានចំនួន១២៨គម្រោង ក្នុងទឹកប្រាក់ប្រមាណជាង២ពាន់លានដុល្លារអាមេរិក។
អនុរដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ឡៅ ទិព្វសីហា បានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា ប្រទេសឈលើលំដាប់ទី១ ដែលវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាឆ្នាំ ២០១៧ ហើយឈរលេខរៀងបន្ទាប់ចិន មានដូចជាប្រទេសកូរ៉េ ជប៉ុននិងប្រទេសសិង្ហបុរី។
លោកបន្តថា ប្រភេទគំរោងដែលមានការវិនិយោគច្រើនជាងគេ ក្នុងឆ្នាំនេះ មានដូចជា ប្រភេទអាគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅ សំណង់អាគារលំនៅឋាន និងលំនៅឋានប្រមូលផ្តុំបែបបុរី ដែលរីកដុះដាលច្រើនក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
លោកអនុរដ្ឋលេខាធិការបានបន្តថា “វិស័យសំណង់នៅកម្ពុជាក្នុងរយៈពេលកន្លងមកនេះ បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា ទាំងកម្មករមានជំនាញ និងកម្មករគ្មានជំនាញ អ្នកបច្ចេកទេស វិស្វករ និងស្ថាបត្យករ ជាងទឹក ជាងភ្លើង។ លោកបន្តថា “អ្នកធ្វើការពាក់ព័ន្ឋក្នុងវិស័យនេះ ទទួលបានប្រាក់បៀវត្ស៍មួយសមរម្យ ទទួលបានចំណេះដឹងបន្ថែម ដោយសារការអនុវត្តិផ្ទាល់នៅការដ្ឋាន និងទទួលបានបច្ចេកទេសថ្មីនៃវិស័យសំណង់ ដែលប្រទេសអភិវឌ្ឍន៍យកមកអនុវត្តនៅប្រទេសកម្ពុជា ហើយវិស័យ នេះផ្ទាល់ក៏បានចូលរួមយ៉ាងសំខាន់ ក្នុងកំណើនសេដ្ឋកិច្ចជាតិប្រមាណជា៧ភាគរយជារៀងរាល់ឆ្នាំផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងបានបង្ហាញថា គំរោងសំណង់ដែលបានអនុម័តនាឆ្នាំនេះមាន៣០៥២គម្រោង លើផ្ទៃក្រឡាជាង១០លានម៉ែត្រការ៉េ ដោយវាកើនឡើងជាង២២ភាគរយធៀប នឹងពេលវេលាដូចគ្នាកាលពីឆ្នាំមុនដែលការិនិយោគលើវិស័យសំណង់ មានទំហំទឹកប្រាក់ត្រឹមតែជាង៥ពាន់២រយ៥០លានដុល្លាអាមេរិក និងមានត្រឹមតែ ២៤០៥គម្រោង លើផ្ទៃក្រឡាជាង១១លានម៉ែត្រការ៉េ។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ការចូលមកវិនិយោគច្រើនរបស់អ្នកវិនិយោគចិន ជារឿងដែលត្រូវអបអរសាទរ ព្រោះការវិនិយោគកាន់តែច្រើន នឹងផ្តល់ផលប្រយោជន៍ដល់កម្ពុជាកាន់តែច្រើន ហើយការវិនិយោគច្រើនរបស់ចិន ដោយសារទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាលប្រទេសទាំងពីរ និងកត្តាផ្ទៃក្នុងកម្ពុជាល្អប្រសើរ ដូចជាសុខសន្តិភាព ស្ថិរភាពនយោបាយ និងច្បាប់វិនិយោគដ៏ល្អ។
លោកបន្តថា “ទោះជាយ៉ាងណាកម្ពុជាគួរធ្វើពិពិធកម្មលើការវិនិយោគ ដោយធ្វើយ៉ាងណាឲ្យមានការវិនិយោគពីប្រទេសជាច្រើន កុំពឹងផ្អែកតែប្រទេសមួយ ៗ ព្រោះបើប្រទេសនោះជួបវិបត្តិសេដ្ឋកិច្ចកម្ពុជាក៏មានបញ្ហាផងដែរ”៕