ចិន​វិនិយោគ​ទឹកប្រាក់​ជាង ២០០០លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៧ លើ​វិស័យ​សំណង់

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ប្រទេស​ចិន​បាន​ឈរ​ចំណាត់ថ្នាក់​លេខ១ជាថ្មី ក្នុងការ​វិនិយោគ លើ​វិស័យ​សំណង់​នៅ​កម្ពុជា​ធំជាងគេ​បំផុត​ក្នុង​ឆ្នាំ២០១៧ ដោយមាន​ចំនួន១២៨គម្រោង ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង២ពាន់​លាន​ដុល្លារ​អាមេរិក។

អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក​ ឡៅ ទិព្វ​សីហា ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា ប្រទេស​ឈ​លើ​លំដាប់​ទី១ ដែល​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ឆ្នាំ ២០១៧ ហើយ​ឈរ​លេខ​រៀង​បន្ទាប់​ចិន មានដូចជា​ប្រទេស​កូរ៉េ ជប៉ុន​និង​ប្រទេស​សិង្ហ​បុរី។

លោក​បន្តថា ប្រភេទ​គំរោង​ដែលមាន​ការវិនិយោគ​ច្រើនជាងគេ ក្នុងឆ្នាំនេះ មានដូចជា ប្រភេទ​អាគារខ្ពស់ៗចាប់ពី៥ជាន់​ឡើងទៅ សំណង់​អាគារ​លំនៅឋាន និង​លំនៅឋាន​ប្រមូលផ្តុំ​បែប​បុរី ដែល​រីកដុះដាល​ច្រើន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ។

លោក​អនុរដ្ឋលេខាធិការ​បាន​បន្តថា “វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​រយៈពេល​កន្លងមក​នេះ បានផ្ដល់​ផលប្រយោជន៍​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា ទាំង​កម្មករ​មាន​ជំនាញ និង​កម្មករ​គ្មាន​ជំនាញ អ្នកបច្ចេកទេស វិស្វករ និង​ស្ថាបត្យករ ជាង​ទឹក ជាងភ្លើង។ លោក​បន្តថា “អ្នកធ្វើការ​ពាក់​ព័​ន្ឋ​ក្នុង​វិស័យនេះ ទទួលបាន​ប្រាក់បៀវត្ស៍​មួយ​សមរម្យ ទទួលបាន​ចំណេះដឹង​បន្ថែម ដោយសារ​ការ​អនុវត្តិ​ផ្ទាល់​នៅ​ការដ្ឋាន និង​ទទួលបាន​បច្ចេកទេស​ថ្មី​នៃ​វិស័យ​សំណង់ ដែល​ប្រទេស​អភិវឌ្ឍន៍​យកមកអនុវត្ត​នៅ​ប្រទេស​កម្ពុជា ហើយ​វិស័យ នេះ​ផ្ទាល់​ក៏បាន​ចូលរួម​យ៉ាងសំខាន់ ក្នុង​កំណើនសេដ្ឋកិច្ច​ជាតិប្រមាណ​ជា៧ភាគរយ​ជា​រៀងរាល់ឆ្នាំ​ផងដែរ។

យោងតាម​របាយការណ៍​របស់​ក្រសួង​បាន​បង្ហាញថា គំរោង​សំណង់​ដែល​បានអនុម័ត​នា​ឆ្នាំនេះ​មាន៣០៥២គម្រោង លើ​ផ្ទៃក្រឡា​ជាង១០លាន​ម៉ែត្រការ៉េ ដោយ​វា​កើនឡើង​ជាង២២ភាគរយ​ធៀប នឹង​ពេលវេលា​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែល​កា​រិ​និ​យោគ​លើ​វិស័យ​សំណង់ មាន​ទំហំ​ទឹកប្រាក់​ត្រឹមតែ​ជាង៥ពាន់២រយ៥០លាន​ដុល្លា​អាមេរិក និង​មាន​ត្រឹមតែ ២៤០៥គម្រោង លើ​ផ្ទៃក្រឡា​ជាង១១លាន​ម៉ែត្រការ៉េ។

លោក​ គីម ហ៊ាង ​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែងថា ការ​ចូលមក​វិនិយោគ​ច្រើន​របស់​អ្នកវិនិយោគ​ចិន ជា​រឿង​ដែល​ត្រូវ​អបអរសាទរ ព្រោះ​ការវិនិយោគ​កាន់តែច្រើន នឹង​ផ្តល់​ផលប្រយោជន៍​ដល់​កម្ពុជា​កាន់តែច្រើន ហើយ​ការវិនិយោគ​ច្រើន​របស់​ចិន ដោយសារ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ និង​កត្តា​ផ្ទៃក្នុង​កម្ពុជា​ល្អប្រសើរ ដូចជា​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ច្បាប់​វិនិយោគ​ដ៏​ល្អ។

លោក​បន្តថា “ទោះជា​យ៉ាងណា​កម្ពុជា​គួរ​ធ្វើ​ពិពិធ​កម្ម​លើ​ការវិនិយោគ ដោយ​ធ្វើយ៉ាងណា​ឲ្យ​មានការ​វិនិយោគ​ពី​ប្រទេស​ជាច្រើន កុំ​ពឹងផ្អែក​តែ​ប្រទេសមួយ ៗ ព្រោះ​បើ​ប្រទេស​នោះ​ជួប​វិបត្តិ​សេដ្ឋកិច្ចកម្ពុជា​ក៏មាន​បញ្ហា​ផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here