ប្រែសម្រួលដោយ ប៊ី
មីយ៉ាន់ម៉ាៈ លោក U Myo Myint អគ្គលេខាធិការសមាគមភ្នាក់ងារសហគ្រិនសំណង់មីយ៉ាន់ម៉ា ក្នុងកិច្ចពិភាក្សាក្នុងទីក្រុងយ៉ាំងហ្គោន កាលពីសប្តាហ៍មុនបានឲ្យដឹងថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសមីយ៉ាន់ម៉ា មានភាពទន់ខ្សោយពោលគឺតាំងពីឆ្នាំ ២០១៥ ហើយស្ថានភាពនេះនឹងបន្តរហូតដល់ឆ្នាំក្រោយ។
លោកបានបន្តថា “នេះគឺជាស្ថានភាពបច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយអ្វីដែលល្អនោះ គឺថាវានឹងមិនមានបញ្ហាកាន់តែអាក្រក់នៅក្នុងលក្ខខណ្ឌ ឬការធ្លាក់ចុះនោះទេ”។ លោកបន្តថា “យើងមិនអាចនិយាយច្បាស់ថា តើទីផ្សារនេះនឹងកើនឡើងនៅឆ្នាំក្រោយឬយ៉ាងណានោះ គឺអាស្រ័យលើគោលនយោបាយរបស់រដ្ឋាភិបាល”។
លោក U Myo Myint បានបន្ថែមថា ការចំណាយលើការសាងសង់ឥឡូវនេះមានកម្រិតខ្ពស់ ដោយសារតែកំលាំងប្រាក់ដុល្លារអាមេរិក ដូច្នេះតម្លៃអចលនទ្រព្យមិនត្រូវបានរំពឹងថានឹងធ្លាក់ចុះ បើធៀបនឹងស្ថានភាពបច្ចុប្បន្ននោះទេ ខណៈតម្លៃប្រាក់ដុល្លារឡើងបន្តឡើងថ្លៃ។
ប្រតិបតិ្តការអចលនទ្រព្យបានធ្លាក់ចុះ៥០ភាគរយ ដោយសារតែតម្រូវការទាប បើធៀបនឹង៥ឆ្នាំមុន ដែលមានប្រតិបតិ្តការអចលនទ្រព្យខ្ពស់បំផុត។

លោកស្រី Daw Yin Yin Myat សមាជិកគណៈកម្មាធិការមជ្ឈិមនៃសមាគមអភិវឌ្ឍន៍ទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធមីយ៉ាន់ម៉ាបាននិយាយថា ខណៈដែលជនបរទេសនៅតែមិនអាចមានកម្មសិទ្ធិដីធ្លី នៅក្នុងប្រទេសមីយ៉ាន់ម៉ា វាបានបង្ហាញឲ្យយើងឃើញថា គ្មានការទិញអចលនទ្រព្យពីជនបរទេសនោះទេ៕
ប្រភព កាសែត មីយ៉ាន់ម៉ា ថែមស៍






