ដោយ Donald Lee
ភ្នំពេញៈ សេដ្ឋកិច្ចចិនកំពុងកាត់បន្ថយភាពពឹងផ្អែករបស់ខ្លួន ទៅរកការធ្វើពាណិជ្ជកម្មជាគ្រឹះនៃកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ អត្រាកំណើនផលិតផលសរុបក្នុងស្រុករបស់ចិន ពឹងផ្អែកច្រើនលើការប្រើប្រាស់ក្នុងស្រុកជាជាងការធ្វើពាណិជ្ជកម្ម។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាយោបល់ McKinsey ដែលទទួលស្គាល់លើពិភពលោក។
របាយការណ៍ស្រាវជ្រាវស៊ីជំរៅ ដែលផ្តោតលើសេដ្ឋកិច្ចចិនបានរកឃើញថា ការប្រើប្រាស់ក្នុងស្រុកមានចំនួន៦០ភាគរយ នៃកំណើនសេដ្ឋកិច្ចចិន ដែលគិតចន្លោះពីខែមករាឆ្នាំ ២០១៥ ដល់ខែ ធ្នូ ឆ្នាំ ២០១៨។
-->
ក្រុមហ៊ុន McKinsey បានថ្លែងនៅក្នុងរបាយការណ៍នេះថា “ការប៉ះពាល់របស់ចិនចំពោះពិភពលោកក្នុងន័យនេះបានធ្លាក់ចុះ ដោយសារតែការជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ខ្លួន គឺលែងពឹងលើការធ្វើពាណិជ្ជកម្មឬការវិនិយោគទៀតហើយ ពោលគឺការប្រើប្រាស់ក្នុងស្រុក”។
ជាក់ស្ដែងក្រុមហ៊ុនផលិតកម្មរបស់ចិន កំពុងតែលក់ដាច់ច្រើនទៅឱ្យទីផ្សារក្នុងស្រុកជាជាងនៅលើពិភពលោក។
របាយការណ៍នេះបានឱ្យដឹងថា ក្រុមហ៊ុនផលិតកម្មរបស់ចិន បាននាំចេញទំនិញរបស់ខ្លួនត្រឹមតែ៩ភាគរយនៃទំនិញរបស់ខ្លួននៅឆ្នាំ ២០១៧។
របាយការណ៍បានបន្តថា “ការធ្លាក់ចុះនៃការប៉ះពាល់របស់ចិន ក៏ឆ្លុះបញ្ចាំងពីការពិតដែលថាចិនមានសេដ្ឋកិច្ចបិទ (សេដ្ឋកិច្ចដែលមិនពឹងលើប្រទេសដទៃទៀត)បើប្រៀបធៀបជាមួយនឹងប្រទេសអភិវឌ្ឍន៍ដ៏ទៃទៀត”។
គួរឱ្យភ្ញាក់ផ្អើល ពិភពលោកបានពឹងផ្អែក កាន់តែខ្លាំងទៅលើប្រទេសចិន ខណៈប្រទេសចិនបានពឹងផ្អែកតិចលើពិភពលោក។
ប្រទេសកូរ៉េខាងត្បូង សឹង្ហបូរី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមកំពុងពឹងផ្អែកយ៉ាងខ្លាំងលើពាណិជ្ជកម្មជាមួយចិន ខណៈដែលពួកគេពឹងផ្អែកយ៉ាងខ្លាំងទៅលើខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់ចិន។
ប្រទេសដែលពោរពេញទៅដោយធនធានធម្មជាតិ ដូចជា ប្រទេសអូស្រ្តាលី ឈីលី កូស្តារីកា ហ្គាណា និងអាហ្វ្រិកខាងត្បូង ពឹងផ្អែកលើការនាំចេញវត្ថុធាតុដើមទៅកាន់ប្រទេសចិន។
លើសពីនេះទៅទៀតបណ្តាប្រទេស ស្ថិតក្នុងគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដូចជាកម្ពុជា កំពុងពឹងផ្អែកយ៉ាងខ្លាំងទៅលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងប្រាក់កម្ចី។
របាយការណ៍ខាងលើបានសន្និដ្ឋានថា “កំណើននៃផលប៉ះពាល់នៃពិភពលោកទាំងមូលទៅប្រទេសចិន ឆ្លុះបញ្ចាំងពីសារៈសំខាន់កាន់តែខ្លាំងឡើងរបស់ចិន ក្នុងនាមជាទីផ្សារអ្នកផ្គត់ផ្គង់ និងអ្នកផ្តល់មូលធន”។
ខណៈពេលដែលសង្រ្គាមពាណិជ្ជកម្មអាមេរិក ចិនត្រូវបានព្យួរនាពេលថ្មីៗនេះ ទំហំពាណិជ្ជកម្មត្រូវបានរំពឹងថា នឹងបន្តធ្លាក់ចុះរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកទាំងពីរ។
ការនាំចេញរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិនកាលពីខែមុន បានបន្តធ្លាក់ចុះជាង៣០ភាគរយ ធ្វើឲ្យទំហំនាំចេញអាមេរិកទៅកាន់ប្រទេសចិន មានទំហំទឹកប្រាក់ត្រឹមតែ៩,៣ពាន់លានដុល្លារ។ ការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះ៨ភាគរយ ហើយទំហំការនាំចេញទៅកាន់អាមេរិកមានតម្លៃ៣៩,២ ពាន់លានដុល្លារ៕