ដោយ ៖ ម៉ាណេត
ភ្នំពេញ ៖ ជប៉ុនបានចុះហត្ថលេខាជាមួយកម្ពុជាក្នុងការផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៤,៦ លានដុល្លារដល់កម្ពុជាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមព្រឹកនេះហើយ។
រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណង់ដល់កម្ពុជាចំនួន ៥០០លានយេន ស្មើនឹងប្រមាណ ៤,៦ លានដុល្លារ បន្ថែមទៀត ដើម្បីជួយដល់ការអនុវត្តលើកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។
នៅត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន រួមជាមួយនឹងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាបាលភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន៥០០លានយ៉េន (ប្រហាក់ប្រហែល ៤.៦លានដុល្លារ) សម្រាប់អនុវត្តគម្រោង “កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម” នៅកម្ពុជា។
ក្នុងឋានៈជាដៃគូអភិវឌ្ឍដ៏សំខាន់មួយ ជប៉ុនតែងបានជួយដល់ប្រទេសកម្ពុជា ក្នុងកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបានចូលរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងដល់វិស័យសេដ្ឋកិច្ច និងសុខុមាលភាពសង្គម ព្រមទាំងបង្កើនការតភ្ជាប់ជាមួយបណ្តាប្រទេសដទៃទៀតនៅភក្នុងតំបន់៕






