ដោយ វុត្ថា
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃសភាពាណិជ្ជកម្មកម្ពុជា បានស្នើដល់ឯកអគ្គរាជទូតតែងតាំងថ្មីនៃប្រទេសបារ៉ែនប្រចាំនៅកម្ពុជា ជំរាបដល់រដ្ឋាភិបាលពិបាលខ្លួនមកបំពេញទស្សនកិច្ចផ្លូវការនូវកម្ពុជា ដើម្បីបង្តើនទំនាក់ទំនង និងវិយោគនៃប្រទេសទាំងពីរ។
អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោកងួន ម៉េងតិចបានឱ្យដឹងនៅក្នុងជំនួបជាមួយ លោក បណ្ឌិត Mohamed Ghassan Shaikho ឯកអគ្គរាជទូតតែងតាំងថ្មីនៃព្រះរាជាណាចក្របារ៉ែន (Kingdom of Bahrain) ប្រចាំកម្ពុជានៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៩ នេះបានសំណូមពរដល់រាជរដ្ឋាភិបាលរបស់ប្រទេសបារ៉ែន ធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីបង្កើនទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលជាកត្តាចំបងសម្រាប់ការវិនិយោគរវាងធុរជននៃប្រទេសទាំងពីរ។
-->
លោកក៏បានលើកទឹកចិត្តដល់ឯកអគ្គរាជទូត ដឹកនាំវិនិយោគិននៃប្រទេសបារ៉ែន មកវិនិយោគនៅប្រទេសកម្ពុជា ហើយសភាពាណិជ្ជកម្ម នឹងរីករាយក្នុងការសហការរៀបចំជំនួបពាណិជ្ជកម្ម ក៏ដូចជាកម្មវិធីផ្សេងៗ ដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរផងដែរ។
លោក Mohamed Ghassan Shaikho ឯកអគ្គរាជទូតតែងតាំងថ្មីនៃព្រះរាជាណាចក្របារ៉ែនបានថ្លែងឱ្យដឹងដែរថា គោលបំណងនៃជំនួបនេះ គឺដើម្បីបង្កើតទំនាក់ទំនងល្អជាមួយសភាពាណិជ្ជកម្មកម្ពុជា និងស្វែងយល់ពីរចនាសម្ព័ន្ធក៏ដូចជាការងាររបស់សភាពាណិជ្ជកម្មកម្ពុជា។
ទន្ទឹមនឹងនេះដែរ លោក ក៏ចង់សិក្សាស្វែងយល់ពីសេដ្ឋកិច្ច ទីផ្សារ និងវិស័យដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ដើម្បីជាព័ត៌មានសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចនាពេលខាងមុខ។
រាជាណាចក្របារ៉ែន គឺជាប្រទេសស្ថិននៅលើកោះក្នុងឈូងសមុទ្រ Persian និងជារដ្ឋអធិបតេយ្យ ដែលបណ្តុំដោយកោះព័ទ្ធជុំវិញ និងនៅចន្លោះឧបទ្វីប Qatar និងនៅភាគកើតឈាងខាងត្បូងដែនសមុទ្រ Saudi Arabia។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក (WB) ឆ្នាំ២០១៧ បានឱ្យដឹងថា ប្រទេសនេះមានប្រជាជនចំនួន ១.៤៩៣លាននាក់ និងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់មានចំនួន២៣,៦៥៥ដុល្លារអាមេរិក។
នៅក្នុងរបាយការណ៍ចុងក្រោយបង្អស់ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសបារ៉ែនបានកើនឡើងដល់៩,៤ ពាន់លានដុល្លារនៅក្នុងខែមីនាឆ្នាំ២០១៩ ។ ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង 0,៧% ក្នុងខែមីនាឆ្នាំ២០១៩៕