អត្ថបទៈ ម៉ៃ វីរៈ
ភ្នំពេញៈ មន្រ្តីជំនាញបានឲ្យដឹងថា ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ កំពុងតែសាងសង់យ៉ាងសកម្ម និងគ្រោងពន្លឿនការសាងសង់ចប់មុនកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងធ្វើនៅខេត្តព្រះសីហនុនាឆ្នាំ២០២២ខាងមុខនេះ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោកវ៉ា ស៊ីមសូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី១៧ កក្កដាកន្លងមកថា ជាគោលការណ៍ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនចង់ឲ្យផ្លូវនេះសាងសង់ចប់មុនកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២។លោកបន្តថា បើសិនជាផ្លូវនេះបញ្ចប់បានមុនកិច្ចប្រជុំកំពូលអាស៊ាន មានន័យថាការស្ថាបនាផ្លូវនេះលឿនជាងកាលកំណត់។
លោកបន្តថា “ពេលនេះដំណើរការកសាងផ្លូវនេះកំពុងតែធ្វើយ៉ាងសកម្ម និងធ្វើនៅតាមតំបន់ដែលការដោះស្រាយផលប៉ះពាល់បានបញ្ចប់ ហើយកន្លែងណាដែលកំពុងដោះស្រាយផលប៉ះពាល់នឹងធ្វើនៅពេលបន្ទាប់”។លោកបន្តថា “គំរោងផ្លូវល្បឿនលឿនជាលើកដំបូងនេះមិនមានការចោះភ្នំធ្វើផ្លូវនោះទេ ព្រោះបើមានការចោះភ្នំធ្វើផ្លូវក្រោមរូងភ្នំ គឺត្រូវចំណាយខ្ពស់ណាស់”។
ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ត្រូវបានជ្រើសរើសដើម្បីអនុវត្តគម្រោងផ្លូវល្បឿនលឿនដែលនឹងតភ្ជាប់រវាងរាជធានីភ្នំពេញ ជាមួយនឹងកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជាស្ថិតក្នុងក្រុងព្រះសីហនុ។ ការស្ថាបនាផ្លូវនេះមានបួនគន្លងរថយន្ត និងមានប្រវែង១៩០ គីឡូម៉ែត្រត្រូវបានចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតតេជោហ៊ុន សែនកាលពីថ្ងៃទី២២ ខែមីនា កន្លងមកនេះ។

ផ្លូវនេះមានស្ពានអាកាសឆ្លងកាត់់ចំនួន៧ ក្នុងនោះមួយជាគំរោងស្ថិតនៅក្នុងការត្រៀមទុក៕






