ដោយ រ៉ាណេត
ភ្នំពេញៈ ស្របពេលសន្ទុះនៃការអភិវឌ្ឍវិស័យលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម កំពុងតែមានភាពពុះកញ្ច្រោល យ៉ាងខ្លាំង បានធ្វើឱ្យមនុស្សមួយចំនួនចាប់អារម្មណ៍ងាកទៅធ្វើការវិនិយោគ ក្នុងគោលបំណងចង់បានប្រាក់ចំណេញបន្តនៅថ្ងៃអនាគត។
ភាគច្រើនអ្នកវិនិយោគ ក៏ដូចជា អ្នកអភិវឌ្ឍលើវិស័យលំនៅដ្ឋានកម្រិតមធ្យម និងក្រោមធម្យម គឺតែងជ្រើសរើសទីតាំងដែលស្ថិតនៅតំបន់ជាយក្រុង ដោយសារតែទីតាំងទាំងនេះតម្លៃនៅទាប និងមានភាពធំទូលាយងាយស្រួលក្នុងការអភិវឌ្ឍ និងមានឱកាសទទួលបានប្រាក់ចំណេញច្រើន។ ប៉ុន្តែគ្រប់អ្នកអភិវឌ្ឍទាំងអស់នោះ មិនប្រាកដថាមានសុច្ចរិតភាពដូចគ្នាទាំងអស់នោះទេ ដោយអ្នកខ្លះដោយសារមហិច្ឆតា ចង់អភិវឌ្ឍវិស័យលំនៅដ្ឋាន ប៉ុន្តែគ្មានលទ្ធភាពគ្រប់គ្រាន់ ក៏យកប្លង់ដីរួមតម្កល់នៅធនាគារដើម្បីបង្កើទុន។
អ្វីជាហានិភ័យ? ហានិភ័យនៅត្រង់ថា នៅពេលដំណើរការលក់មិនបានជោគជ័យ វានឹងបង្កផលប៉ះពាល់ដល់ដំណើរការសាងសង់ ដែលវាជាហានិភ័យខ្ពស់ចំពោះអ្នកដែលទិញសំណង់លំនៅដ្ឋាន ក្នុងគោលបំណង់ស្នាក់នៅ ក៏ដូចជាអ្នកដែលទិញទុកវិនិយោគបន្តផងដែរ។
នាយិកាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Cambodia លោកស្រី Grace Rachny Fong បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា “គ្រប់ការវិនិយោគគ្រប់រូបភាពទាំងអស់ ក្នុងគោលបំណង់តែមួយគត់ គឺដើម្បីទទួលបានប្រាក់ចំណេញ។ លោកស្រីបានបន្តទៀតថា “លំនៅដ្ឋានតម្លៃមធ្យមពិតជាកើនឡើង ដោយសារអ្នកវិនិយោគនានាបានផ្តោតលើការអភិវឌ្ឍលំនៅដ្ឋានប្រភេទនេះ ដែលស្របទៅនឹងជីវភាពប្រជាជន”។
លោកស្រី Grace បានបន្ថែមថា ចំនួនប្រជាជនមានប្រាក់ចំណូលមធម្យម កំពុងកើនឡើងខ្លាំង ហើយការវិនិយោគលំនៅដ្ឋាន ដែលមានតម្លៃចាប់ពីជាង៣ម៉ឺនដុល្លារឡើងទៅ គឺសមស្របសម្រាប់ប្រជាជនក្នុងក្រុមនេះ។
លោកស្រីបានបន្តទៀតថា ទោះជាយ៉ាងណាអតិថិជន ដែលទិញលំនៅដ្ឋានប្រភេទនេះ ត្រូវប្រាកដថាគម្រោងដែលពួកគេបានទិញ ជាគម្រោងមានការអភិវឌ្ឍន៍ច្បាស់លាស់ ជាគម្រោងដែលមានគុណភាពសំណង់ល្អ ពិសេសគួរទិញជាមួយម្ចាស់បុរី ដែលមានកេរ្ត៍ឈ្មោះល្អ ដើម្បីបញ្ចៀសហានិភ័យ។
លោកស្រីបន្តថា បន្ថែមពីនេះក៏ត្រូវប្រាកដផងដែរថា លំនៅដ្ឋានដែលខ្លួនបានទិញ មានច្បាប់សាងសង់ និងច្បាប់អភិវឌ្ឍន៍ត្រឹមត្រូវដែលចេញដោយក្រសួងពាក់ព័ន្ឋ ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីងាយស្រួលទទួលបានប្លង់”៕






