ដោយ រ៉ាណេត
ភ្នំពេញ៖ ក្រុមហ៊ុន ប៉េង ហួតគ្រុប បានចូលរួមចែករំលែក និងពង្រឹងគុណភាពធនធានមនុស្សនៅក្នុងពុទ្ធចក្រក្នុងជួរព្រះសង្ឃតាមរយៈការប្រគេនទេយ្យវត្ថុ និងទេយ្យទានដល់ព្រះសង្ឃចំនួន ២០០អង្គ ដែលកំពុងគង់សិក្សាព្រះធម៌នៅក្នុងវត្តមហាមន្ត្រី។
ក្នុងនាមជាសាសនិក សាសនិកា កាន់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំនៃ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមពង្រឹងធនធានមនុស្សក្នុងជួរព្រះដោយការប្រគេនទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យជូនដល់ព្រះសង្ឃចំនួន២០០អង្គ ដែលនិមន្តមកពីបណ្តាខេត្តនានា និងគង់សិក្សាព្រះធម៌នៅក្នុងវត្តមហាមន្ត្រីកាលពី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ។
លោក អ៊ុក វីឡា នាយកធនធានមនុស្សបានគូសបញ្ជាក់ថា ក្នុងឱកាសថ្ងៃទី១នៃថ្ងៃចូលព្រះវស្សានេះ ក្រុមហ៊ុន ប៉េងហួតគ្រុប មានសេចក្តីសោមនស្សរីករាយនឹងដឹកនាំក្រុមការងាររបស់ក្រុមហ៊ុន មកចូលរួម និងប្រគេន ទេយ្យទាន ដល់ព្រះសង្ឃដែលនិមន្តមកពីបណ្តាខេត្តនានា ដើម្បីសិក្សាព្រះធម៌នៅវត្តមហាមន្ត្រី។
លោកនាយកធនធានមនុស្សរូបនេះបានបញ្ជាក់ទៀតថា កន្លងមក ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម ចែករំលែក ក្តីសុខ ក្តីសង្ឃឹមដល់បងប្អូន។ ជាក់ស្តែង កាលពីឆ្នាំមុន ក្រុមហ៊ុនបានសាងសង់ព្រះវិហារ ផ្លូវថ្នល់ផងដែរ។ល។
ប៉េង ហួត គ្រុប ដែលមាននិស្ស័យជាមួយព្រះពុទ្ធសាសនា សង្ឃឹម និង ចង់ឃើញការីកចម្រើនក្នុងវិស័យនេះ ព្រមទាំង សង្ឃឹមថានឹងមានពុទ្ធបរិស័ទ្ធយើងចូលរួមកាន់តែច្រើន។ទេយ្យទាន និងទេយ្យវត្ថុ ដែលតំណាងថា្នក់ដឹកនាំក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រគេនដល់ព្រះសង្ឃចំនួន ២០០ អង្គ រួមមានក្នុងមួយអង្គៗទទួលបានសម្ភារៈសិក្សា ថ្នាំសង្កូវ ប្រេងកូឡា ថ្នាំនិងច្រាសដុះធ្មេញ និងប្រគេនវត្តមហាមន្ត្រី នូវ បច្ច័យចំនួន៤លានរៀល ទៀនវស្សា ០១គូ អង្ករ ០១តោន ទឹកផ្លែឈើ ១០កេស ប្រេងកូឡា ៦០ប្រអប់ ទឹកសុទ្ធ១០០យួរ និងថ្នាំសង្កូវ១០ប្រអប់ ។
ដោយឡែកដើម្បីគាំទ្រ និងលើកស្ទួយដល់កម្មវិធីវិទ្យុផ្សព្វផ្សាយព្រះធម៌ តំណាងថ្នាក់ដឹកនាំក្រុមហ៊ុន ប៉េង ហួត គ្រុប បានប្រគេនបច្ច័យចំនួន ៤លានរៀលផងដែរ៕