ដោយៈ រ៉ាណេត
ភ្នំពេញ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បាននិងកំពុងព្យាយាមទាក់ទាញការវិនិយោគពីអាមេរិក មកកាន់កម្ពុជាកាន់តែច្រើនថែមទៀត ដើម្បីជំរុញការលើកកំពស់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ពិសេសវិស័យអចលនទ្រព្យ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍កាលបិព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះថា តាមរយៈកម្មវិធី Global Real Estate and Trade Mission ដែលជាកិច្ចជំនួបរបស់បណ្តាញភ្នាក់ងារអចលនទ្រព្យមកពីរដ្ឋ Chicago សហរដ្ឋអាមេរិក ដែលធ្វើឡើងនៅក្នុងប្រទេសថៃ CVEA បានឡើងធ្វើបទបង្ហាញពីសក្ដានុពល និងឱកាសដ៏ល្អក្នុងការវិនិយោគនៅកម្ពុជា ដើម្បីទាក់ទាញបណ្តាក្រុមហ៊ុននានា នៅសហរដ្ឋអាមេរិកឱ្យចូលមកកាន់កម្ពុជាបន្ថែមទៀត។
លោកបានបន្តទៀតថា “ភាគច្រើននៃអ្នកវិនិយោគមកពីសហរដ្ឋអាមេរិក បានចាប់អារម្មណ៍នៅក្នុងការវិនិយោគនៅក្នុងប្រទេសថៃ ប៉ុន្តែយើងក៏បានព្យាយាមបញ្ជ្រាបព័ត៌មានលម្អិតពីវិស័យអចលនទ្រព្យនៅកម្ពុជាទៅកាន់ពួកគេផងដែរ”។ លោកបានបន្តទៀតថា “ជាឱកាសនៅក្នុងការធ្វើបទបង្ហាញ ខ្ញុំបានលើកឡើងចំនួន៣ចំណុចសំខាន់ៗពីកាលានុវត្តន៍ភាពនៅកម្ពុជា”។
ទី១ ទិដ្ឋភាពទូទៅនៃសក្ដានុពលនៃវិស័យអចលនទ្រព្យនៅកម្ពុជា នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ទី២ ហេតុផលដែលមានបណ្តាក្រុមហ៊ុនអន្តរជាតិជាច្រើនចូលមកវិនិយោគអចលនទ្រព្យនៅកម្ពុជា និងទី៣ គឺបង្ហាញពីបែបផែននៃការវិនិយោគ ក៏ដូចជាការទិញអចលនទ្រព្យនៅកម្ពុជា។
លោកច្រឹក សុខនីមបានបញ្ជាក់ថា ជាលទ្ធផល យើងទទួលបានការចាប់អារម្មណ៍ច្រើនពីបណ្តាអ្នកតំណាងសមាគមភ្នាក់ងារអចលនទ្រព្យនៅរដ្ឋ Chicago សហរដ្ឋអាមេរិក ( Chicago Association of Realtors) ហើយពួកគេនឹងចូលមកសិក្សាបន្ថែមពីឱកាសវិនិយោគនៅកម្ពុជាក្នុងខាងមុខនេះ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍បង្ហាញពីភាពសុទិដ្ឋិនិយម ចំពោះកំណើននៃវត្តមានក្រុមហ៊ុនអន្តរជាតិធំចូលមកកាន់កម្ពុជា។លោកស្រីបន្តទៀតថា “នៅពេលដែលកម្ពុជាមានក្រុមហ៊ុនអចលនទ្រព្យធំៗល្បីៗ ចូលមកកាន់កម្ពុជាកាន់តែច្រើន វាជារឿងកាន់តែល្អចំពោះវិស័យមួយនេះ។ លោកស្រីបានបន្តទៀតថា នៅពេលមានក្រុមហ៊ុនកាន់តែ ការប្រកួតប្រជែងក៏កាន់តែច្រើន ដែលតម្រូវឱ្យក្រុមហ៊ុនដទៃទៀត ស្ថិតនៅក្នុងវិស័យរួមគ្នាប្រឹងប្រែងពង្រឹងសមត្ថភាព។
លោកស្រីបន្តថា “នៅពេលសមត្ថភាពមានកាន់តែខ្លាំង វានឹងជំរុញឱ្យវិស័យអចលន្រទ្យនៅកម្ពុជា កាន់តែផ្តល់ទំនុកចិត្តបណ្តាអ្នកវិនិយោគ”។
នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក្រុមហ៊ុនអចលនទ្រព្យជាច្រើន ដែលរាប់ទាំងក្រុមហ៊ុនដែលបានចុះបញ្ជី និងមិនទាន់ចុះបញ្ជី កំពុងមានប្រតិបត្តិការមិនក្រោម៣០០ក្រុមហ៊ុននោះទេ ជាពិសេសក្រុមហ៊ុនផ្នែកសេវាកម្មភ្នាក់ងារ។ នៅក្នុងចំណោមក្រុមហ៊ុនទាំងអស់នេះ ក៏មានវត្តមានក្រុមហ៊ុនអន្តរជាតិលំដាប់ពិភពលោកផងដែរ ដូចជា ក្រុមហ៊ុន Century 21 Cambodia ក្រុមហ៊ុន CBRE Cambodia ក្រុមហ៊ុន Knight Frank ក្រុមហ៊ុន (KW) Keller Williams ក្រុមហ៊ុន ERA ជាដើម៕






