CVEA​ ចូលរួម​ទាក់ទាញ​អ្នក​វិនិយោគ​វិស័យ​អចលនទ្រព្យ​ពី​សហរដ្ឋអាមេរិក​មកកាន់កម្ពុជា​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំពេញ​៖ សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​) បាន​និង​កំពុង​ព្យាយាម​ទាក់ទាញ​ការ​វិនិយោគ​ពី​អាមេរិក​ មកកាន់​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត​ ដើម្បី​ជំរុញ​ការ​លើក​កំពស់​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ ពិសេស​វិស័យ​អចលនទ្រព្យ​។

​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​កាល​បិ​ព្រឹក​ថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ថា​ តាមរយៈ​កម្មវិធី​ Global​ Real​ Estate​ and​ Trade​ Mission​ ដែល​ជា​កិច្ច​ជំនួប​របស់​បណ្តាញ​ភ្នាក់ងារ​អចលនទ្រព្យ​មក​ពីរ​ដ្ឋ​ Chicago​ សហរដ្ឋអាមេរិក​ ដែល​ធ្វើឡើង​នៅក្នុង​ប្រទេស​ថៃ​ CVEA​ បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ពី​សក្ដានុពល​ និង​ឱកាស​ដ៏​ល្អ​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ ដើម្បី​ទាក់ទាញ​បណ្តា​ក្រុមហ៊ុន​នានា​ នៅ​សហរដ្ឋអាមេរិក​ឱ្យ​ចូល​មកកាន់​កម្ពុជា​បន្ថែម​ទៀត​។

លោក​បាន​បន្ត​ទៀត​ថា​ “ភាគច្រើន​នៃ​អ្នក​វិនិយោគ​មក​ពី​សហរដ្ឋអាមេរិក​ បាន​ចាប់អារម្មណ៍​នៅក្នុង​ការ​វិនិយោគ​នៅក្នុង​ប្រទេស​ថៃ​ ប៉ុន្តែ​យើង​ក៏បាន​ព្យាយាម​បញ្ជ្រាប​ព័ត៌មាន​លម្អិត​ពី​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ទៅកាន់​ពួកគេ​ផង​ដែរ​”។ លោក​បាន​បន្ត​ទៀត​ថា​ “ជា​ឱកាស​នៅក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ ខ្ញុំ​បាន​លើកឡើង​ចំនួន៣ចំណុច​សំ​ខាន់​ៗពី​កាលានុវត្តន៍​ភាព​នៅ​កម្ពុជា​”។

ទី១​ ទិដ្ឋភាព​ទូទៅ​នៃ​សក្ដានុពល​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​ថ្ងៃ​អនាគត​ ទី២​ ហេតុផល​ដែល​មាន​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​ចូល​មក​វិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុជា​ និង​ទី៣​ គឺ​បង្ហាញ​ពី​បែបផែន​នៃ​ការ​វិនិយោគ​ ក៏ដូចជា​ការទិញ​អចលនទ្រព្យ​នៅ​កម្ពុជា​។

លោក​ច្រឹក​ សុ​ខនី​មបាន​បញ្ជាក់​ថា​ ជា​លទ្ធផល​ យើង​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពី​បណ្តា​អ្នកតំណាង​សមាគម​ភ្នាក់ងារ​អចលនទ្រព្យ​នៅ​រដ្ឋ​ Chicago​ សហរដ្ឋអាមេរិក​ ( Chicago​ Association​ of​ Realtors​) ហើយ​ពួកគេ​នឹង​ចូល​មក​សិក្សា​បន្ថែម​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ខាងមុខនេះ​។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អន្តរជាតិ​ CBRE​ Cambodia​ លោកស្រី​ អាន​ សុធី​តា​ បាន​មានប្រសាសន៍​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ ចំពោះ​កំណើន​នៃ​វត្តមាន​ក្រុមហ៊ុន​អន្តរជាតិ​ធំ​ចូល​មកកាន់​កម្ពុជា​។លោកស្រី​បន្ត​ទៀត​ថា​ “នៅពេល​ដែល​កម្ពុជា​មាន​ក្រុមហ៊ុន​អចលន​ទ្រព្យ​ធំៗ​ល្បី​ៗ ចូល​មកកាន់​កម្ពុជា​កាន់តែ​ច្រើន​ វា​ជា​រឿង​កាន់តែ​ល្អ​ចំពោះ​វិស័យ​មួយ​នេះ​។ លោកស្រី​បាន​បន្ត​ទៀត​ថា​ នៅពេល​មាន​ក្រុមហ៊ុន​កាន់តែ​ ការប្រកួត​ប្រជែង​ក៏​កាន់តែ​ច្រើន​ ដែល​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ដទៃទៀត​ ស្ថិតនៅ​ក្នុង​វិស័យ​រួមគ្នា​ប្រឹងប្រែង​ពង្រឹង​សមត្ថភាព​។

លោកស្រី​បន្ត​ថា​ “នៅពេល​សមត្ថភាព​មាន​កាន់តែ​ខ្លាំង​ វា​នឹង​ជំរុញ​ឱ្យ​វិស័យ​អចលន្រទ្យ​នៅ​កម្ពុជា​ កាន់តែ​ផ្តល់​ទំនុកចិត្ត​បណ្តា​អ្នក​វិនិយោគ​”។

នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ក្រុមហ៊ុន​អចលនទ្រព្យ​ជាច្រើន​ ដែល​រាប់ទាំង​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ និង​មិនទាន់​ចុះបញ្ជី​ កំពុង​មាន​ប្រតិបត្តិ​ការ​មិន​ក្រោម៣០០ក្រុមហ៊ុន​នោះ​ទេ​ ជាពិសេស​ក្រុមហ៊ុន​ផ្នែក​សេវាកម្ម​ភ្នាក់ងារ​។ នៅក្នុងចំណោម​ក្រុមហ៊ុន​ទាំងអស់​នេះ​ ក៏​មាន​វត្តមាន​ក្រុមហ៊ុន​អន្តរជាតិ​លំដាប់​ពិភពលោក​ផង​ដែរ​ ដូចជា​ ក្រុមហ៊ុន​ Century​ 21​ Cambodia​ ក្រុមហ៊ុន​ CBRE​ Cambodia​ ក្រុមហ៊ុន​ Knight​ Frank​ ក្រុមហ៊ុន​ (KW​) Keller​ Williams​ ក្រុមហ៊ុន​ ERA ​ជាដើម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here