ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណៈ និងដឹកជញ្ជូនការស្នើឱ្យមានវិធានការចាំបាច់សំដៅទប់ស្កាត់ការរដ្ឋានសំណង់ខុសច្បាប់ ដើម្បីធានាអាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និងគុណភាពសំណង់ទូទាំងប្រទេស។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធារណៈការ និងដឹកជញ្ជូនបានសរសេរលិខិតមួយផ្ញើទៅកាន់ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូណគ្រប់រាជធានី-ខេត្តកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ កន្លងមកនេះបានឱ្យដឹងថា បច្ចុប្បន្ននេះ វិស័យសំណង់មានការរីកលូតលាស់យ៉ាងឆាប់រហ័ស ជាពិសេសនៅតាមទីរួមខេត្ត ទីរួមស្រុក ទីក្រុង និងទីប្រជាជន។
-->
លោកបន្តថា ទោះជាយ៉ាងណាក៏ដោយ ក្រសួងតែងតែសង្កេតឃើញថា មានសំណង់មួយចំនួនមិនមានច្បាប់ និងលិខិតអនុញ្ញាតត្រឹមត្រូវ ចេញដោយក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ហើយបានតភ្ជាប់ចូល និងប្រើប្រាស់បណ្តាញលូសាធារណៈរបស់រាជធានី- ខេត្តដោយមិនមានការត្រួតពិនិត្យលក្ខខណ្ឌបច្ចេកទេស និងនីតិវិធីច្បាប់ឱ្យបានត្រឹមត្រូវឡើយ។
ដើម្បីរួមចំណែកជំរុញ និងពង្រឹងប្រសិទ្ធិភាពក្នុងការគ្រប់គ្រងសំណង់ប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងដើម្បីអនុវត្តនូវវិធានការចាំបាច់សំដៅទប់ស្កាត់ ការដ្ឋានសំណង់ខុសច្បាប់ ធានាអាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និងគុណភាពសំណង់ទូទាំងប្រទេស លោករដ្ឋមន្ត្រីបានធ្វើការណែនាំ ដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន គ្រប់រាជធានី-ខេត្តទាំងអស់ដូចខាងក្រោម ដូចជា ទី១ មិនអនុញ្ញាតឱ្យសំណង់ទាំងអស់ដែលមិនមានច្បាប់ និងលិខិតអនុញ្ញាតត្រឹមត្រូវតភ្ជាប់ចូល និងប្រើប្រាស់បណ្តាញលូសាធារណៈរបស់រាជធានី-ខេត្តឡើយ។
ទី២ ពង្រឹងការតាមដាន និងពិនិត្យមើលឡើងវិញនូវការស្នើសុំតភា្ជប់ និងប្រើប្រាស់បណ្តាញលូសាធារណៈ។ ទី៣ សហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងស្ថាប័នពាក់ព័ន្ធ ដើម្បីមានវិធានការចាំបាច់តាមនីតិវិធីច្បាប់ ដល់ជនដែលបានតភ្ជាប់ចូល និងប្រើប្រាស់បណ្តាញលូសាធារណៈរបស់រាជធានី ខេត្តដោយមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ទី៤ អប់រំផ្សព្វផ្សាយ ជូនដំណឹងដល់ប្រជាពលរដ្ឋ ពិសេសម្ចាស់សំណង់គ្រប់ប្រភេទទាំងអស់ឱ្យយល់ដឹងអំពីនីតិវិធីច្បាប់ សម្រាប់ការស្នើសុំតភ្ជាប់ និងប្រើប្រាស់បណ្តាញលូសាធារណៈ និងលិខិតបទដ្ឋានពាក់ព័ន្ធក្នុងវិស័យសំណង់សាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈពិសេសស្នើសុំតភ្ជាប់ និងប្រើប្រាស់បណ្តាញលូសាធារណៈ។
លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្នើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញវិធានការចាំបាច់មួយចំនួន ដើម្បីទប់ស្កាត់សំណង់ខុសច្បាប់ ធានាអាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និងគុណភាពសំណង់ទូទៅ។
លិខិតចេញនៅថ្ងៃទី២៧ ខែមិថុនា របស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ផ្ញើជូនលោក ហ៊ុន សែន បញ្ជាក់ថា វិធានការដែលលោកចង់អោយអនុវត្តចំពោះការដ្ឋានសំណង់ដែលខុសច្បាប់ទាំងនោះរួមមាន ទី១ ក្រសួងរ៉ែ និងថាមពលអាចចាត់មិនអោយមានការផ្គត់ផ្គង់ថាមពលអគ្គិសនី ក្រសួងឧស្សាហកម្ម និងសិប្បកម្មអាចចាត់មិនអោយផ្គត់ផ្គង់ទឹកស្អាត ក្រសួងសាធារណការ និងដឹកជញ្ជូនមិនត្រូវអនុញ្ញាតអោយតបណ្ដាញលូភ្ជាប់ទៅលូសាធារណៈ ក្រសួងព័ត៌មានអាចបិទមិនអោយមានការផ្សព្វផ្សាយពាណិជ្ជកម្ម ឯស្ថាប័ន និងអង្គភាពផ្សេងទៀតមិនត្រូវផ្ដល់លិខិតអនុញ្ញាតអោយប្រកបអាជីវកម្ម។
លិខិតដដែលបញ្ជាក់ទៀតថាសំណើវិធានការបែបនេះ នឹងត្រូវអនុវត្តចំពោះការដ្ឋានសំណង់សណ្ឋាគារ អគារស្នាក់នៅរួម អគារពាណិជ្ជកម្ម រោងចក្រ សិប្បកម្ម និងសំណង់ផ្សេងៗទៀត ដែលគ្មានច្បាប់អនុញ្ញាត ការសាងសង់ខុសលក្ខណៈបច្ចេកទេស ដោយលើកលែងលំនៅឋានផ្ទាល់របស់ពលរដ្ឋ។
ករណីសំណង់អាគារនៅខេត្តព្រះសីហនុ អាជ្ញាធរបានរកឃើញថាមានសំណង់អគារចំនួន៥ទីតាំងកំពុងសាងសង់ ដោយពុំមានច្បាប់អនុញ្ញាត បន្ទាប់ពីមានករណីបាក់រលំអគារ៧ជាន់នៅក្នុងខេត្តនេះ បណ្ដាលអោយកម្មករសំណង់២៨នាក់ស្លាប់ និង២៦នាក់របួស៕