ព្រមាន​៖ រដ្ឋមន្ត្រី​សាធារណៈ​មិន​អនុញ្ញាត​ឱ្យ​តបណ្តាញ​លូ​ចំពោះ​សំណង់​ខុសច្បាប់​

0

ដោយ​ នៅ​ ស៊ី​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ និង​ដឹកជញ្ជូន​ការ​ស្នើ​ឱ្យ​មាន​វិធានការ​ចាំបាច់​សំដៅ​ទប់ស្កាត់​ការ​រដ្ឋា​នសំណង់​ខុសច្បាប់​ ដើម្បី​ធានា​អាយុជីវិត​មនុស្ស​ ទ្រព្យសម្បត្តិ​ សុវត្ថិភាព​ និង​គុណភាព​សំណង់​ទូទាំង​ប្រទេស​។

លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ធា​រណៈ​ការ​ និង​ដឹកជញ្ជូន​បាន​សរសេរ​លិខិត​មួយ​ផ្ញើ​ទៅកាន់​ប្រធាន​មន្ទីរ​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូ​ណគ្រប់​រាជធានី​-ខេត្ត​កាលពី​ថ្ងៃទី១៨​ ខែកក្កដា​ ឆ្នាំ២០១៩​ កន្លងមក​នេះ​បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ វិស័យ​សំណង់​មានការ​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស​ ជាពិសេស​នៅ​តាម​ទីរួមខេត្ត​ ទីរួមស្រុក​ ទីក្រុង​ និង​ទី​ប្រជាជន​។

លោក​បន្ត​ថា​ ទោះជាយ៉ាងណា​ក៏ដោយ​ ក្រសួង​តែងតែ​សង្កេតឃើញ​ថា​ មាន​សំណង់​មួយចំនួន​មិន​មានច្បាប់​ និង​លិខិត​អនុញ្ញាត​ត្រឹមត្រូវ​ ចេញ​ដោយ​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ ហើយ​បាន​តភ្ជាប់​ចូល​ និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​របស់​រាជធានី​- ខេត្ត​ដោយ​មិន​មានការ​ត្រួតពិនិត្យ​លក្ខខណ្ឌ​បច្ចេកទេស​ និង​នីតិវិធី​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ឡើយ​។

ដើម្បី​រួមចំណែក​ជំរុញ​ និង​ពង្រឹង​ប្រសិទ្ធិ​ភាព​ក្នុង​ការគ្រប់គ្រង​សំណង់​ប្រព័ន្ធ​លូ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ និង​ដើម្បី​អនុវត្ត​នូវ​វិធានការ​ចាំបាច់​សំដៅ​ទប់ស្កាត់​ ការដ្ឋាន​សំណង់​ខុសច្បាប់​ ធានា​អាយុជីវិត​មនុស្ស​ ទ្រព្យសម្បត្តិ​ សុវត្ថិភាព​ និង​គុណភាព​សំណង់​ទូទាំង​ប្រទេស​ លោក​រដ្ឋមន្ត្រី​បាន​ធ្វើការ​ណែនាំ​ ដល់​ប្រធានមន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ គ្រប់​រាជធានី​-ខេត្ត​ទាំងអស់​ដូច​ខាងក្រោម​ ដូចជា​ ទី១​ មិន​អនុញ្ញាត​ឱ្យ​សំណង់​ទាំងអស់​ដែល​មិន​មានច្បាប់​ និង​លិខិតអនុញ្ញាត​ត្រឹមត្រូវ​តភ្ជាប់​ចូល​ និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​របស់​រាជធានី​-ខេត្ត​ឡើយ​។

ទី២​ ពង្រឹង​ការ​តាមដាន​ និង​ពិនិត្យមើល​ឡើងវិញ​នូវ​ការ​ស្នើសុំ​តភា្ជប់​ និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​។ ទី៣​ សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ ខេត្ត​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​មាន​វិធានការ​ចាំបាច់​តាម​នីតិវិធី​ច្បាប់​ ដល់​ជន​ដែល​បាន​តភ្ជាប់​ចូល​ និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​របស់​រាជធានី​ ខេត្ត​ដោយ​មិន​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។ ទី៤​ អប់រំ​ផ្សព្វផ្សាយ​ ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ ពិសេស​ម្ចាស់​សំណង់​គ្រប់​ប្រភេទ​ទាំងអស់​ឱ្យ​យល់ដឹង​អំពី​នីតិវិធី​ច្បាប់​ សម្រាប់​ការ​ស្នើសុំ​តភ្ជាប់​ និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​ និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​ក្នុង​វិស័យ​សំណង់​សាធារណៈ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ពិសេស​ស្នើសុំ​តភ្ជាប់​ និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ស្នើ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចេញ​វិធានការ​ចាំបាច់​មួយចំនួន​ ដើម្បី​ទប់ស្កាត់​សំណង់​ខុសច្បាប់​ ធានា​អាយុជីវិត​មនុស្ស​ ទ្រព្យសម្បត្តិ​ សុវត្ថិភាព​ និង​គុណភាព​សំណង់​ទូទៅ​។

លិខិត​ចេញ​នៅ​ថ្ងៃទី២៧​ ខែមិថុនា​ របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ ផ្ញើ​ជូន​លោក​ ហ៊ុន​ សែន​ បញ្ជាក់​ថា​ វិធាន​ការ​​ដែល​លោក​ចង់​អោយ​អនុវត្ត​ចំពោះ​ការដ្ឋាន​សំណង់​ដែល​ខុសច្បាប់​ទាំងនោះ​រួមមាន​ ទី១​ ក្រសួង​រ៉ែ​ និង​ថាមពល​អាច​ចាត់​មិន​អោយ​មានការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​អាច​ចាត់​មិន​អោយ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​មិន​ត្រូវ​អនុញ្ញាត​អោយ​តបណ្ដាញ​លូ​ភ្ជាប់​ទៅ​លូ​សាធារណៈ​ ក្រសួងព័ត៌មាន​អាច​បិទ​មិន​អោយ​មានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ឯស្ថាប័ន​ និង​អង្គភាព​ផ្សេងទៀត​មិន​ត្រូវ​ផ្ដល់​លិខិតអនុញ្ញាត​អោយ​ប្រកប​អាជីវកម្ម​។

លិខិត​ដដែល​បញ្ជាក់​ទៀត​ថា​សំណើ​វិធានការ​បែបនេះ​ នឹង​ត្រូវ​អនុវត្ត​ចំពោះ​ការដ្ឋាន​សំណង់​សណ្ឋាគារ​ អគារ​ស្នាក់នៅ​រួម​ អគារ​ពាណិជ្ជកម្ម​ រោងចក្រ​ សិប្បកម្ម​ និង​សំ​ណង់​ផ្សេង​ៗទៀត​ ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ ការសាងសង់​ខុស​លក្ខណៈ​បច្ចេកទេស​ ដោយ​លើកលែង​លំនៅឋាន​ផ្ទាល់​របស់​ពលរដ្ឋ​។

ករណី​សំណង់​អាគារ​នៅ​ខេត្ត​ព្រះសីហនុ​ អាជ្ញាធរ​បាន​រក​ឃើញថា​មាន​សំណង់​អគារ​ចំនួន៥ទីតាំង​កំពុង​សាងសង់​ ដោយ​ពុំ​មានច្បាប់​អនុញ្ញាត​ បន្ទាប់ពី​មាន​ករណី​បាក់​រលំ​អគារ៧ជាន់​នៅក្នុង​ខេត្ត​នេះ​ បណ្ដាល​អោយ​កម្មករ​សំណង់២៨នាក់​ស្លាប់​ និង២៦នាក់​របួស​៕

LEAVE A REPLY

Please enter your comment!
Please enter your name here