ដោយ វុត្ថា
ភ្នំពេញ៖ ហាងកាហ្វេដ៏ល្បីល្បាញមកពីសហរដ្ឋអាមេរិក Starbucks នឹងបន្តពង្រីកខ្លួនទៅកាន់ផ្សារទំនើប Furi Times Square នៅក្នុងក្រុងព្រះសីហនុ ដែលគ្រោងនឹងបើកដំណើរជាផ្លូវការនាពេលខាងមុខនេះ បន្ទាប់ពីទទួលបានជោគជ័យ នៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀបរាប។

-->
លោកប៉ោ លីម តំណាងហាងកាហ្វេ Starbucks បានឱ្យដឹងតាមទូរស័ព្ទកាលពីដើមសប្តាហ៍នេះថា ក្រោយពីទទួលបានជោគជ័យ លើការពង្រីកខ្លួននៅក្នុងរាជធានីភ្នំពេញមាន១៤ទីតាំង និង២ទីតាំងនៅក្នុងខេត្តសៀមរាប ក្រុមហ៊ុននឹងបន្តពង្រីកខ្លួនបន្ថែមទៀត ទៅកាន់ខេត្តព្រះសីហនុនាពេលខាងមុខនេះ។
លោកបន្តថា “ការពង្រីកខ្លួនទៅកាន់ក្រុងព្រះសីហនុ ដែលជាគោលដៅទី៣នេះ ដោយសារខេត្តព្រះសីហនុក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ មានសក្តានុពលក្នុងការវិនិយោគ”។ លោកបន្តថា “បន្ថែមពីនេះ វិស័យអចលនទ្រព្យនៅក្នុងខេត្តជាប់សមុទ្រមួយនេះ មានអគារសំណង់មានសន្ទុះរីកចម្រើនយ៉ាងកំហុក ជាពិសេសមានផ្សារទំនើប Furi Times Squares ដែលគ្រោងនឹងបើកដំណើរជាផ្លូវការដំបូងនៅក្នុងខេត្តនេះ គឺជាពេលវេលាដ៏ត្រឹមត្រូវមួយសម្រាប់ Starbucks ក្នុងការបន្តពង្រីកខ្លួនទៅកាន់ទីនោះ”។
លោកប៉ោ លីមបានបន្ថែមទៀតថា ផ្សារទំនើប Furi Times Squares ស្ថិតនៅទីតាំងល្អ និងស្ថិតនៅតាមបណ្តោយផ្លូវដ៏សំខាន់ នៅក្នុងកណ្តាលក្រុងព្រះសីហនុ ដូច្នេះ Starbucks និងទទួលបានជោគជ័យ និងមានការគាំទ្រច្រើន។លោកបន្តថា ផ្សារនេះមិនត្រឹមតែស្ថិតនៅទីតាំងល្អនោះទេ តែមានការរៀបចំឌីសាញដ៏ទាក់ទាញ មានការរៀបចំប្រព័ន្ឋនៃការលក់យ៉ាងល្អប្រសើរ ដែលផ្តល់នូវអំណាចនៃការទាក់ទាញអតិថិជនយ៉ាងច្រើននាពេលអនាគត។
នៅចុងឆ្នាំនេះ Starbucks នឹងបន្តពង្រីកខ្លួនបានឱ្យបាន២០ទីតាំងនៅទូទាំងប្រទេស។
នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន FURI Real Estate កញ្ញាលឹម សុខាដាវីនបានមានប្រសាសន៍ឲ្យដឹងថា តាមរយៈការជួបជុំជាមួយអតិថិជនកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានទទួលបានយោបល់ល្អ និងមានការកោតសរសើរពីអតិថិជនអ្នកជួលផ្សារទំនើបនេះ ដោយសារផ្សារនេះ ផ្តោតលើការរៀបចំប្រព័ន្ឋនៃការលក់ទូលាយល្អ មានទីធ្លាសាធារណៈធំទូលាយ ការឌីសាញមានភាពទាក់ទាញ និងទីតាំងនៃគម្រោងនេះល្អ។
ផ្សារទំនើបកំពស់៥ជាន់នេះ ស្ថិតនៅលើផ្លូវឯករាជ្យ ស្ថិតក្នុងសង្កាត់មិត្តភាព ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ។
កញ្ញាដាវីនបានបន្តថា “ការទទួលបានការសរសើរពីអតិថិជន អ្នកជួលទីតាំងលក់រាយក្នុងគំរោងនេះ ដោយសារការវិនិយោគរបស់អ្នកវិនិយោគផ្សារទំនើបនេះ ផ្តោតលើការវិនិយោគរយៈពេលវែងជាជាងរកផលចំណេញ”។ កញ្ញាបន្ថែមថា“រហូតមកទល់ពេលនេះហាងអាហារ និងផលិតផលល្បីឈ្មោះជាង ២០ក្រុមហ៊ុន បានចុះកុងត្រាលក់នៅផ្សារនេះ ហើយផលិតផលល្បីៗជាច្រើនទៀតកំពុងដំណើរការនិតិវិធី”៕


