ដោយ Donald Lee
ភ្នំពេញៈ ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមហ៊ុន ផ្តល់សេវាហិរញ្ញវត្ថុអាមេរិកឈ្មោះ Mastercard បានបង្ហាញថា ភ្ញៀវទេសចរមកពីប្រទេសកូរ៉េខាងត្បូង ជប៉ុន ចិន និងតៃវ៉ាន់បានចូលរូមចំណែក២០ភាគរយនៃការចំណាយលើការធ្វើទេសចរណ៍សរុបលើពិភព។
ស្ថិតិថ្មីបង្ហាញពីការកើនឡើង១១ភាគរយ ធៀបនឹងការចំណាយកាលពី ១០ឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ Global Destination Cities Index របស់ក្រុមហ៊ុន Mastercard។
-->
លោក Rupert Naylor អនុប្រធានជាន់ខ្ពស់ផ្នែកទិន្នន័យនិងសេវាកម្មរបស់អាស៊ីប៉ាស៊ីហ្វិក ឲ្យដឹងថា “អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត ចំនួនភ្ញៀវទេសចរមកពីអាស៊ីប៉ាស៊ីហ្វិក មិនត្រឹមតែជាការចំណាយដែលចូលរួមចំណែកច្រើនដល់ពិភពលោក ដែលមានកើនឡើងជិតទ្វេដងក្នុងទសវត្សចុងក្រោយនេះទេ ប៉ុន្តែយើងក៏នឹងឃើញចំនួនភ្ញៀវទេសចរដែលធ្វើដំណើរទៅក្រៅប្រទេស នឹងកើនឡើងកាន់តែច្រើនផងដែរនៅពេលអានាគត”។
ឧស្សាហកម្មទេសចរណ៍ នៅតែជាវិស័យដ៏មានឥទ្ធិពលមួយ សម្រាប់សេដ្ឋកិច្ចពិភពលោក។
យោងតាមក្រុមប្រឹក្សាអង្គការទេសចរណ៍ពិភពលោក កាលពីឆ្នាំមុនបានឲ្យដឹងថា ឧស្សាហកម្មទេសចរណ៍ពិភពលោក រកប្រាក់ចំណូលបាន៨,៨ពាន់ពាន់លានដុល្លារ និងបង្កើតការងារ៣១៩លានកន្លែងដល់ប្រជាជន។
អ្នកធ្វើដំណើរដែលជាប់លំដាប់កំពូលៗ នៅលើពិភពលោកត្រូវបានចំណាត់ថ្នាក់ដោយប្រទេស ទីមួយ គឺ អាមេរិក បន្ទាប់មកប្រទេសចិន អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។ កូរ៉េខាងត្បូង ជប៉ុន និងតៃវ៉ាន់បានឈរក្នុងលំដាប់កំពូលទាំង១០។
យោងតាមវិទ្យាស្ថានទេសចរណ៍ចិន (CTA) បានបង្ហាញថា កាលពីឆ្នាំមុនភ្ញៀវទេសចរចិនបានធ្វើដំណើរ១៤០លានដង ទៅកាន់បណ្តាប្រទេសនៅបរទេសដែលកើនឡើង១៤ភាគរយធៀបនឹងឆ្នាំមុន។
ឧស្សាហកម្មទេសចរណ៍នៅកម្ពុជានៅតែរឹងមាំ ហើយនៅតែជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់មួយនៃសេដ្ឋកិច្ច ដែលបានទទួលប្រយោជន៍យ៉ាងច្រើន ពីអ្នកដំណើរនៅអាស៊ី។
ភ្ញៀវទេសចរជាង៦លាននាក់ បានមកទស្សនាកម្ពុជាកាលពីឆ្នាំមុន ដោយត្រូវបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសទី៧ ដែលទទួលាបានការទស្សនាច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៨ ដោយមានភ្ញៀវទេសចរមកពីអាស៊ីភាគច្រើន។ វិស័យទេសចរណ៍បានបង្កើតប្រាក់ចំណូលជាង៤ពាន់លានដុល្លារដល់កម្ពុជា។
យោងតាមក្រសួងទេសចរណ៍ឱ្យដឹងថា ចំនួនភ្ញៀវទេសចរចិនមកកម្ពុជាបានកើនឡើង៣៧ភាគរយ ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ ដែលស្មើនឹង ៨៨៧,០០០នាក់។ ប្រទេសវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ២ ជាមួយនឹងភ្ញៀវទេសចរជាង១៨៦ពាន់នាក់ បន្ទាប់មកគឺប្រទេសឡាវដែលមានចំនួន ១២១,០០០0នាក់ និងប្រទេសថៃដែលមានភ្ញៀវទេសចរជិត៨,០០០នាក់៕