ក្រសួងទេសចរណ៍​ជ្រើសរើស​ខេត្តកំពត​ជា​ខេត្ត​គំរូ​ក្នុង​ការរៀបចំ​ «វិថី​ម្ហូបអាហារ​ ឬហៅ​ថា​ Street​ Food​»

0

ដោយ​ វុត្ថា​

កំពត​៖ អជ្ញា​ធរ​កម្ពុជា​តារ​មយៈ​ក្រសួងទេសចរណ៍​ និង​រដ្ឋបាល​ខេត្តកំពត​បាន​ កំណត់​យក​ខេត្តកំពត​ ជា​ខេត្ត​គំរូ​ក្នុង​ការរៀបចំ​ឱ្យ​មាន​ «វិថី​ម្ហូបអាហារ​ ឬហៅ​ថា​ Street​ Food​» ឱ្យ​បាន​លេច​ធ្លោ​រឡើង​ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី៨​ ជុំ​ទី២​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី២០​-២១​-២២​ ខែធ្នូ​ ឆ្នាំ២០១៩​ ខាងមុខ​។

ដើម្បី​ត្រៀម​រៀបចំ​ព្រឹត្តិ​ការណ៍​ទេសចរណ៍​ធំ​ ប្រចាំឆ្នាំ​នេះ​ ប្រកបដោយ​ភាព​ជោគជ័យ​ ក្រសួងទេសចរណ៍​ រដ្ឋបាល​ខេត្តកំពត​ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ បាន​ជួប​ប្រជុំ​ជាមួយគ្នា​ជា​រឿយ​ៗ ជាក់ស្ដែង​កាលពី​ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​លើកឡើង​ពី​ការងារ​មួយចំនួន​ដែល​ត្រូវ​រួមគ្នា​អនុវត្ត​បន្ត​ ក្នុង​នោះ​រួមមាន​៖

* ជំរុញ​ឱ្យ​មានការ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​នានា​ នៅ​ខេត្តកំពត​ឱ្យ​បាន​ទូលំទូលាយ​ ពិសេស​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​ តំបន់​កសិ​ទេសចរណ៍​កូនសត្វ​ ចម្ការ​ម្រេច​ និង​ផលិ​ផល​ម្រេច​កំពត​ ភ្នំ​កំពង់ត្រាច​ រមណីយដ្ឋាន​ទឹកឈូ​ និង​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​ទៀត​។

* ត្រូវ​ត្រៀម​រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុង​ស្រុក​ ដែល​ជា​ផលិតផល​កសិកម្ម​នាំចេញ​នៅនឹង​កន្លែង​ ដូចជា​ ធូរេន​ ចេក​ សាវម៉ាវ​ ដូង​ ស្រកានាគ​ជាដើម​។

* ត្រូវ​ត្រៀម​រៀបចំ​ព្រឹត្តិ​ការណ៍​សិល្បៈ​ ទស្សនីយភាព​ របាំ​ តន្ត្រី​ និង​ត្រូវ​អញ្ជើញ​ក្រុម​សិល្បៈ​របស់​ប្រទេសជិតខាង​ និង​ខេត្ត​ដែល​ជា​សម្ពន្ធមេត្រី​របស់​ខេត្តកំពត​ ឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​ខាងមុខ​នោះ​។

* ជំរុញ​ឱ្យ​រដ្ឋបាល​ខេត្តកំពត​ គប្បី​រៀបចំ​ឆ្នេរខ្សាច់​ថ្មីទៀត​ ដើម្បី​បង្កើត​ជា​ផលិតផល​ទេសចរណ៍​ទាក់ទាញ​បន្ថែម​។

* ស្នើ​ឱ្យ​ក្រុមហ៊ុន​សុខា​បូកគោ​ គប្បី​រៀបចំ​ព្រឹត្តិ​ការណ៍​កម្សាន្ត​ផ្សេង​ៗតាមដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​រួមចំណែក​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ក្នុង​ព្រឹត្តិ​ការណ៍​ធំ​នេះ​ ដូចជា​ព្រឹត្តិ​ការណ៍​ដើរកម្សាន្ត​ក្នុង​ព្រៃ​ រត់​ម៉ា​រ៉ា​តុន​ ប្រណាំង​កង់​ ប្រណាំងទូក​ និង​ទស្សនា​កម្សាន្ត​នៅ​តាម​តំបន់​ទាក់ទាញ​មួយចំនួន​ទៀត​នៅ​លើ​ភ្នំបូកគោ​។

* លោក​រដ្ឋមន្ត្រី​បាន​គាំទ្រ​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​កីឡា​ឱ្យ​បាន​ច្រើន​ ពិសេស​ប្រភេទ​កីឡា​ដែល​នឹង​ត្រូវ​ដាក់​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ មក​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​បុណ្យ​សមុទ្រ​ ឱ្យ​បាន​ច្រើន​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ដូចជា​ ជិះកង់​ រត់ប្រណាំង​ កីឡា​លើទឹក​ លើ​ឆ្នេរ​ និង​លើគោក​។

* ជំរុញ​ឱ្យ​យកចិត្ត​ទុកដាក់​ពង្រឹងគុណភាព​សេវាកម្ម​ អនាម័យ​ចំណីអាហារ​ ត្រូវ​បាន​បដិសណ្ឋារ​កិច្ច​ល្អ​ ត្រូវ​មាន​ឯកសណ្ឋាន​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ត្រូវ​មានការ​លើកទឹកចិត្ត​ចំពោះ​មូលដ្ឋាន​អាជីវកម្ម​ណា​ ដែល​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​នៃ​ការ​ត្រួតពិនិត្យ​ វាយតម្លៃ​របស់ក្រ​សួង​ទេសចរណ៍​។

* ចំពោះ​ការងារ​ពាក់ព័ន្ធ​នឹង​សហគមន៍​ទេសចរណ៍​ និង​រមណីយដ្ឋាន​នានា​នៅ​ខេត្តកំពត​ កែប​ និង​ខេត្ត​ព្រះសីហនុ​ ត្រូវ​យកចិត្ត​ទុកដាក់​លើ​ការ​ពង្រឹងគុណភាព​សេវាកម្ម​ អនាម័យ​ចំណីអាហារ​ សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ ពិសេស​ត្រូវ​ផ្សព្វផ្សាយ​ឱ្យ​បាន​ឆាប់រហ័ស​ អំពី​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​មកកាន់​ខេត្តកំពត​ និង​តំបន់ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​កម្ពុជា​ទាំងមូល​ តាមរយៈ​កម្មវិធី​នៅ​លើ​ទូរស័ព្ទ​វៃឆ្លាត​ (Mobile​ App​)។

* ត្រូវ​រៀបចំ​ការ​តុបតែង​លម្អ​ឱ្យ​មាន​សោភ័ណភាព​ល្អ​ ពិសេស​គឺ​ការចូលរួម​ពីសំណាក់​ប្រជាពលរដ្ឋ​ ធ្វើ​ឱ្យ​យ៉ាងណា​ឱ្យ​ទូទាំង​ខេត្ត​ និង​ក្រុង​កំពត​មាន​ភាព​ស្អាត​ និង​ត្រូវ​មាន​បង្គន់​អនាម័យ​ឱ្យ​បាន​គ្រប់គ្រាន់​ ត្រូវ​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​គួរ​ជា​ទី​មោទ​នៈ​។

រី​ឯបង្គន់​អនាម័យ​ និង​បន្ទប់ទឹក​នៅ​តាម​ភោជនីយដ្ឋាន​ អាហារដ្ឋាន​ ផ្ទះសំណាក់​ សណ្ឋាគារ​ ស្ថានីយ​ប្រេង​ឥន្ទ​នៈ​ ទី​សាធារណៈ​ទៀតសោត​ ក៏​ត្រូវតែ​ស្អាត​ជានិច្ច​។ ជាមួយគ្នា​នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន រ៉ា​នី​ ហ៊ុន​សែន​ នឹង​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​សមុទ្រ​លើក​ទី៨​ ជុំ​ទី២​ នៅ​ខេត្តកំពត​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី២០​-២១​-២២​ ខែធ្នូ​ ឆ្នាំ២០១៩​ ខាងមុខ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here