ដោយ វុត្ថា
កំពត៖ អជ្ញាធរកម្ពុជាតារមយៈក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពតបាន កំណត់យកខេត្តកំពត ជាខេត្តគំរូក្នុងការរៀបចំឱ្យមាន «វិថីម្ហូបអាហារ ឬហៅថា Street Food» ឱ្យបានលេចធ្លោរឡើងក្នុងពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០-២១-២២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ។

-->
ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំ ប្រចាំឆ្នាំនេះ ប្រកបដោយភាពជោគជ័យ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពត មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានជួបប្រជុំជាមួយគ្នាជារឿយៗ ជាក់ស្ដែងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងពីការងារមួយចំនួនដែលត្រូវរួមគ្នាអនុវត្តបន្ត ក្នុងនោះរួមមាន៖
* ជំរុញឱ្យមានការផ្សព្វផ្សាយពីគោលដៅទេសចរណ៍នានា នៅខេត្តកំពតឱ្យបានទូលំទូលាយ ពិសេសរមណីយដ្ឋានឋានសួគ៌បូកគោ តំបន់កសិទេសចរណ៍កូនសត្វ ចម្ការម្រេច និងផលិផលម្រេចកំពត ភ្នំកំពង់ត្រាច រមណីយដ្ឋានទឹកឈូ និងរមណីយដ្ឋានទេសចរណ៍ជាច្រើនទៀត។
* ត្រូវត្រៀមរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក ដែលជាផលិតផលកសិកម្មនាំចេញនៅនឹងកន្លែង ដូចជា ធូរេន ចេក សាវម៉ាវ ដូង ស្រកានាគជាដើម។
* ត្រូវត្រៀមរៀបចំព្រឹត្តិការណ៍សិល្បៈ ទស្សនីយភាព របាំ តន្ត្រី និងត្រូវអញ្ជើញក្រុមសិល្បៈរបស់ប្រទេសជិតខាង និងខេត្តដែលជាសម្ពន្ធមេត្រីរបស់ខេត្តកំពត ឱ្យចូលរួមក្នុងព្រឹត្តិការណ៍ខាងមុខនោះ។
* ជំរុញឱ្យរដ្ឋបាលខេត្តកំពត គប្បីរៀបចំឆ្នេរខ្សាច់ថ្មីទៀត ដើម្បីបង្កើតជាផលិតផលទេសចរណ៍ទាក់ទាញបន្ថែម។
* ស្នើឱ្យក្រុមហ៊ុនសុខាបូកគោ គប្បីរៀបចំព្រឹត្តិការណ៍កម្សាន្តផ្សេងៗតាមដែលអាចធ្វើទៅបាន ដើម្បីរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរបន្ថែមក្នុងព្រឹត្តិការណ៍ធំនេះ ដូចជាព្រឹត្តិការណ៍ដើរកម្សាន្តក្នុងព្រៃ រត់ម៉ារ៉ាតុន ប្រណាំងកង់ ប្រណាំងទូក និងទស្សនាកម្សាន្តនៅតាមតំបន់ទាក់ទាញមួយចំនួនទៀតនៅលើភ្នំបូកគោ។
* លោករដ្ឋមន្ត្រីបានគាំទ្រឱ្យមានព្រឹត្តិការណ៍កីឡាឱ្យបានច្រើន ពិសេសប្រភេទកីឡាដែលនឹងត្រូវដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេម មកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដូចជា ជិះកង់ រត់ប្រណាំង កីឡាលើទឹក លើឆ្នេរ និងលើគោក។
* ជំរុញឱ្យយកចិត្តទុកដាក់ពង្រឹងគុណភាពសេវាកម្ម អនាម័យចំណីអាហារ ត្រូវបានបដិសណ្ឋារកិច្ចល្អ ត្រូវមានឯកសណ្ឋានឱ្យបានត្រឹមត្រូវ និងត្រូវមានការលើកទឹកចិត្តចំពោះមូលដ្ឋានអាជីវកម្មណា ដែលអនុវត្តបានត្រឹមត្រូវតាមនីតិវិធីនៃការត្រួតពិនិត្យ វាយតម្លៃរបស់ក្រសួងទេសចរណ៍។
* ចំពោះការងារពាក់ព័ន្ធនឹងសហគមន៍ទេសចរណ៍ និងរមណីយដ្ឋាននានានៅខេត្តកំពត កែប និងខេត្តព្រះសីហនុ ត្រូវយកចិត្តទុកដាក់លើការពង្រឹងគុណភាពសេវាកម្ម អនាម័យចំណីអាហារ សុវត្ថិភាពភ្ញៀវទេសចរ ពិសេសត្រូវផ្សព្វផ្សាយឱ្យបានឆាប់រហ័ស អំពីកញ្ចប់ទស្សនកិច្ចទេសចរណ៍មកកាន់ខេត្តកំពត និងតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជាទាំងមូល តាមរយៈកម្មវិធីនៅលើទូរស័ព្ទវៃឆ្លាត (Mobile App)។
* ត្រូវរៀបចំការតុបតែងលម្អឱ្យមានសោភ័ណភាពល្អ ពិសេសគឺការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ធ្វើឱ្យយ៉ាងណាឱ្យទូទាំងខេត្ត និងក្រុងកំពតមានភាពស្អាត និងត្រូវមានបង្គន់អនាម័យឱ្យបានគ្រប់គ្រាន់ ត្រូវធ្វើឱ្យមានការប្រែប្រួលគួរជាទីមោទនៈ។

រីឯបង្គន់អនាម័យ និងបន្ទប់ទឹកនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ស្ថានីយប្រេងឥន្ទនៈ ទីសាធារណៈទៀតសោត ក៏ត្រូវតែស្អាតជានិច្ច។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញចូលរួមពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពតដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០-២១-២២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ៕