ដោយ ម៉ាណេត
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់មូលនិធិ៥០លានដុល្លារអាមេរិកក្នុងការរួមចំណែកដើមទុនបន្ថែម ដើម្បីគាំទ្រដល់ប្រតិបត្តិការធានានូវមូលនិធិវិនិយោគឥណទាន (CGIF) ដែលបានបង្កើតឡើង ដើម្បីលើកកម្ពស់ការអភិវឌ្ឍទីផ្សាររូបិយប័ណ្ណក្នុងតំបន់ និងសាច់ប្រាក់ងាយស្រួលក្នុងតំបន់ និងនៅក្នុងតំបន់អាស៊ាន+3។
មូលនិធិវិនិយោគឥណទាន (CGIF) ត្រូវបានបង្កើតឡើងនៅខែមេសា ឆ្នាំ ២០១០ ដោយមានដើមទុនដំបូង ដែលមានទឹកប្រាក់ចំនួន ៧០០លានដុល្លារ រួមទាំងការចូលរួមវិភាគទានចំនួន១៣០លានដុល្លារពី ADB។
-->
មូលនិធិវិនិយោគឥណទានត្រូវបានបង្កើតឡើងជាផ្នែកមួយ នៃសកម្មភាពគោលនយោបាយ ដែលបានព្រមព្រៀងក្រោមគំនិតផ្តួចផ្តើមទីផ្សារសញ្ញាប័ណ្ណអាស៊ី ដើម្បីលើកកម្ពស់ការអភិវឌ្ឍទីផ្សារមូលបត្រ ជាពិសេសតាមរយៈការផ្តល់ការធានាឥណទានដល់អ្នកចេញប័ណ្ណបំណុលអាស៊ាន +3។
អាស៊ាន +3 រួមមានប៊្រុយណេដារ៉ូសាឡឹម កម្ពុជា សាធារណរដ្ឋប្រជាមានិតចិន ឥណ្ឌូណេស៊ី ជប៉ុន សាធារណរដ្ឋកូរ៉េ ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបូរី ថៃ និងវៀតណាម។
លោក Michael Barrow អគ្គនាយកប្រតិបត្តិផ្នែកប្រតិបត្តិការផ្នែកឯកជនរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានមានប្រសាសន៍ថា “ការមានទីផ្សារមូលបត្របំណុលដែលមានការអភិវឌ្ឍន៍ និងការរួមបញ្ចូលគ្នាគឺជាផ្នែកសំខាន់សម្រាប់ប្រទេសមួយ ដើម្បីដោះស្រាយការវិនិយោគបន្ថែមទៀត ឆ្ពោះទៅរកការរីកចម្រើននិងការអភិវឌ្ឍសេដ្ឋកិច្ច”។
លោកបានថ្លែងថា “ប៉ុន្តែទីផ្សារសញ្ញាប័ណ្ណមួយចំនួននៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៅតែមិនទាន់មានការអភិវឌ្ឍន៍នៅឡើយ”។
លោកបានបន្តថា “មូលនិធិវិនិយោគឥណទានដែលប្រើប្រាស់ការធានា និងការលើកកម្ពស់ឥណទានអាចជួយបាន ព្រោះវាផ្តល់ទំនុកចិត្តកាន់តែច្រើនដល់វិនិយោគិនក្នុងស្រុក និងបរទេស ក៏ដូចជា ការជំរុញឱ្យក្រុមហ៊ុនកាន់តែច្រើនចូលមករកទីផ្សារមូលបត្របំណុលដែលជំរុញឱ្យមានការរីកចម្រើនរបស់ពួកគេ”៕