ដោយ វុត្ថា និង Donald Lee
ភ្នំពេញៈ ពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចចិន និងអាស៊ានបាននិងកំពុងធ្វើការរួមគ្នា ដើម្បីវិបុលភាពតំបន់ និងអាចពង្រីកសក្តានុពលខ្លំាង ក្នុងការធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានសន្ទុះរីកចម្រើន។

ដោយ វុត្ថា និង Donald Lee
ភ្នំពេញៈ ពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចចិន និងអាស៊ានបាននិងកំពុងធ្វើការរួមគ្នា ដើម្បីវិបុលភាពតំបន់ និងអាចពង្រីកសក្តានុពលខ្លំាង ក្នុងការធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានសន្ទុះរីកចម្រើន។

លោក Vichai Kinchong Choi អនុប្រធាននៃធនាគារ Kasikorn របស់ប្រទេសថៃបានប្រាប់សារព័ត៌មានស៊ីនហួរកាលពីពេលថ្មីៗនេះថា អាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ប្រទេសចិនសម្រាប់ឆ្នាំ២០១៩នេះ ដោយវ៉ាដាច់ប្រទេសសហរដ្ឋអាមេរិក ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៩ កន្លងមកនេះ។
យោងបាយការណ៍ទិន្ន័យគយរបស់ប្រទេសចិនបានបង្ហាញថា ពាណិជ្ជកម្មចិនជាមួយអាស៊ាន បានកើនឡើងប្រមាណ១០.៥ភាគរយ ដែលមានទឹកប្រាក់ប្រមាណ ២៨៨ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងពាក់កណ្តាលឆ្នាំនេះ ខណៈពាណិជ្ជកម្មចិនជាមួយសហរដ្ឋអាមេរិកធ្លាក់ចុះ៩ភាគរយ ដែលមានទឹកប្រាក់ប្រមាណ២៥៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Xinhau កាលពីថ្មីៗនេះលោក Vichai បានឱ្យដឹងថា “ចាប់តាំងពីរដ្ឋសមាជិកអាស៊ានចំនួន១0 មានធនធានធម្មជាតិច្រើន និងមានប្រជាជនសរុបប្រហែល៧00លាននាក់ សក្តានុពលនៃពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅនៅក្នុងតំបន់នេះគឺមានទំហំធំធេងណាស់”។
លោកបន្តថា “ក្នុងនាមជាប្រទេសជិតខាងអាស៊ាន និងចិនបានរក្សាទំនាក់ទំនងជិតស្និទ្ធហើយទីផ្សារអាស៊ាន កាន់តែមានសារៈសំខាន់សម្រាប់ប្រទេសចិន” ។
លោកមានជំនឿថា ប្រទេសចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ លើពិភពលោក និងអាស៊ានដែលជាទីផ្សារកំពុងរីកចម្រើន និងមានសក្តានុពលដ៏ធំអាចធ្វើការសហការយ៉ាងជិតស្និទ្ធ ដើម្បីក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោកឱ្យកាន់តែមានការរីកចំរើនបន្ថែមទៀត។
ចិនបានដាក់ចេញយុទ្ឋសាស្រ្តបំបែកអាមេរិក ខណៈជម្លោះពាណិជ្ជកម្មអាមេរិក និងចិននៅតែបន្តភាពតានតឹងតានតឹងតានតឹង ក្រុងប៉េកាំងនៅតែដំណើរការយុទ្ធវិធីសង្រ្គាមត្រជាក់ដើម្បីការពារខ្លួនពីការវាយប្រហារសេដ្ឋកិច្ចអាមេរិក។
ចិនកំពុងតែព្យាយាមរៀបចំសេដ្ឋកិច្ចសកលឡើងវិញ តាមរយៈការទាញយកនូវការវិនិយោគទុនបរទេសដ៏ច្រើននៅសហរដ្ឋអាមេរិក ដោយចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ដែលនឹងញែកសេដ្ឋកិច្ចអាមេរិក និងជំរុញពាណិជ្ជកម្មជាមួយបណ្ដាប្រទេសដែលមានគូប្រជែងរបស់អាមេរិកខ្លាំងដូចជា រុស្ស៊ី។
ការវិនិយោគផ្ទាល់ពីបរទេសរបស់ចិន ចូលទៅកាន់ទីផ្សារអាមេរិកបានធ្លាក់ចុះជិត ៩០ភាគរយ ចាប់តាំងពីការចាប់ផ្តើមអាណតិ្ត នៅក្នុងការកាន់តំណែងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ។
យោងតាមក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ច Rhodium Group បានឲ្យដឹងថា ការវិនិយោគផ្ទាល់ពីបរទេសចិន នៅអាមេរិកមានទឹកប្រាក់ចំនួន ៤៦,៥ពាន់លានដុល្លារក្នុងឆ្នាំ ២០១៦ នៅពេលដែលប្រធានាធិបតីអាមេរិក លោក Trump បានឡើងកាន់តំណែង។ ប៉ុន្តែនៅឆ្នាំ២០១៨ ការវិនិយោគផ្ទាល់ពីបរទេសរបស់ចិន នៅអាមេរិកបានធ្លាក់ចុះត្រឹមតែ ៥,៤ពាន់លានដុល្លារពោលគឺធ្លាក់ចុះជិត៩០ភាគរយ។
លោក Eswar Prasad អតីតប្រធាននៃមូលនិធិរូបិយវត្ថុអន្ដរជាតិ នៃប្រទេសចិន បានឆ្លើយតបទៅកាន់កាសែតញូវយ៉កថែមស៍ថា “ការពិតដែលថា ការវិនិយោគផ្ទាល់ពីបរទេសបានធ្លាក់ចុះយ៉ាងខ្លាំង គឺជាសញ្ញានៃទំនាក់ទំនងសេដ្ឋកិច្ចរវាងអាមេរិក និងប្រទេសចិនដែលកាន់តែយ៉ាប់យ៉ឺន”។
លោកបន្តថា “អាមេរិកមិនជឿទុកចិត្តលើជនជាតិចិនទេ ហើយប្រទេសចិនមិនទុកចិត្តអាមេរិកទេ”។
ការវិនិយោគបរទេសរបស់ចិន នៅក្នុងអចលនទ្រព្យអាមេរិក ក៏មានភាពស្មើគ្នានឹងការវិនិយោគបរទេសផ្ទាល់នៅក្នុងវិស័យដទៃទៀតដែរ។ របាយការណ៍វិភាគអចលនទ្រព្យដែលធ្វើឡើងនៅឆមាសទី១នៃឆ្នាំនេះបានរកឃើញថា វិនិយោគិនចិនបានទិញអចលនទ្រព្យចំនួន៣៧កន្លែង ដែលមានតម្លៃ២,៣ពាន់លានដុល្លារ ប៉ុន្តែបានលក់អចលនទ្រព្យចេញក្នុងតម្លៃជិត៣,១ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នា។
របាយការណ៍អចលនទ្រព្យរបស់អាមេរិកដោយ Cushman & Wakefield បានឱ្យដឹងថា “វាមានភាពច្របូកច្របល់ក្នុងបោះបង់ចោលការវិនិយោគរបស់វិនិយោគិនចិន”។
ឥទ្ធិពលនៃការវិនិយោគរបស់ចិន អាចត្រូវបានគេមើលឃើញយ៉ាងច្បាស់នៅក្នុងវត្តមានរបស់ខ្លួននៅអាមេរិក។ ទោះបីជាមានការបង្រួបបង្រួម នៃវិស័យអចលនទ្រព្យដោយវិនិយោគិន ចិននៅតែជាអ្នកទិញបរទេសធំបំផុត នៃអចលនទ្រព្យទ្រព្យនៅអាមេរិក។
ស្របពេលជាមួយគ្នានោះ ទីក្រុងប៉េកាំង និងមូស្គូកំពុងធ្វើយុទ្ធសាស្រ្តដើម្បីញែកសេដ្ឋកិច្ចអាមេរិក ដោយការស្វែងរកមធ្យោបាយ ដើម្បីបង្កើនពាណិជ្ជកម្មរវាងមហាអំណាចទី២ និងទី៣ របស់ពិភពលោកនេះ។
យោងតាមរដ្ឋមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក Maxim Oreshkin បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវបានរំពឹងថា នឹងកើនឡើងទ្វេដងដល់២០០ពាន់លានដុល្លារ បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកាលពីដើមខែនេះ។
លោក Oreshkin បានប្រាប់សារព័ត៌មានស៊ិនហួរ ថា “ប្រទេសទាំងពីរមិនត្រឹមតែត្រូវអនុវត្តគម្រោងធំៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវទំនិញប្រើប្រាស់ចុងក្រោយ និងការវិនិយោគផងដែរ។ បរិមាណទាំងនេះនឹងកើនឡើងយ៉ាងខ្លាំង”។
ប្រទេសចិន និងរុស្ស៊ីបានព្រមព្រៀងគ្នារួចហើយ ដើម្បីបង្កើនការធ្វើពាណិជ្ជកម្មសណ្ដែកសៀង ដែលជាទំនិញនាំចេញកសិផលសំខាន់មួយសម្រាប់អាមេរិក និងចំណុចរសើបសម្រាប់ប្រធានាធិបតីអាមេរិក Trump ខណៈ លោកព្យាយាមធានាការបោះឆ្នោតពីកសិករអាមេរិក ក្នុងការគាំទ្រដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំក្រោយ។
អាមេរិកជាអ្នកផ្គត់ផ្គង់សណ្ដែកសៀងធំបំផុតរបស់ចិន។ ប៉ុន្តែចិនបានបញ្ឈប់ការនាំចូលសណ្តែកសៀងពីអាមេរិក បន្ទាប់ពីមានការបង្កើនពន្ធរហូតដល់២៥ភាគរយលើទំនិញរបស់អាមេរិក។
របាយការណ៍មួយចេញផ្សាយដោយ នាយកដ្ឋានកសិកម្មអាមេរិកនៅក្នុងឆ្នាំនេះ បានបង្ហាញថា “ការលក់ និងការនាំចេញសណ្តែកសៀងរបស់អាមេរិក ទៅប្រទេសចិនមានកម្រិតទាបខ្លាំងដែលវាកំពុងតែកើតមាន”។
លើសពីនេះទៀត ប្រទេសចិនបានឧបត្ថម្ភ ដល់តំបន់ពាណិជ្ជកម្មសេរីអាស៊ីមួយដែលរួមមានរដ្ឋសមាជិកអាស៊ាន និងប្រទេសសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកសំខាន់ៗដូចជាប្រទេស ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងឥណ្ឌា។ តំបន់ពាណិជ្ជកម្មសេរីអាស៊ីមួយនេះត្រូវបានធ្វើឡើងដោយមិនរាប់បញ្ចូលអាមេរិក និងព្យាយាមញែកប្រទេសមហាអំណាចពិភពលោកនេះ ចេញពីតំបន់មួយនេះ ដែលមានប្រជាជន ៣,៥ពាន់លាននាក់ និង៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបលើពិភពលោក។
ប្រសិនបើរដ្ឋជាសមាជិកបានចុះកិច្ចព្រមព្រៀង ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងត្រូវបានហៅថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) វានឹងស្រដៀងនឹងសហភាពអឺរ៉ុប (EU)។
តំណាងពាណិជ្ជកម្មមកពីរដ្ឋជាសមាជិកអាស៊ានទាំង១០ និងដៃគូរបស់ខ្លួនដែលមានប្រទេស ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី ញូហ្សេឡែន និងឥណ្ឌា បានបើកកិច្ចប្រជុំជាច្រើនដើម្បីស្វែងរកព័ត៌មានលំអិត នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងតំបន់ដែលមានលក្ខណៈបែបសហភាពអឺរ៉ុប និងដែលនឹងធ្វើឱ្យប៉ះពាល់ដល់ឥទ្ធិពលរបស់អាមេរិកនៅក្នុងតំបន់។
ការសង្កត់ធ្ងន់លើកិច្ចព្រមព្រៀងនេះបានកើតមានឡើង នៅពេលដែលជម្លោះរវាងអាមេរិក និងចិនបានធ្វើឱ្យអស្ថិរភាពសេដ្ឋកិច្ចអាស៊ី និងពិភពលោក។
រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលីលោក Simon Birmingham បានហៅកិច្ចព្រមព្រៀង RCEP ថា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ក្នុងចំណោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗបំផុតនៅក្នុងពិភពលោក។
លោក Simon បានបន្ថែមថា អូស្ត្រាលី មិនអាចដោះស្រាយជម្លោះរវាងអាមេរិក និងចិនបានទេ ហើយអូស្ត្រាលីត្រូវតែស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ប្រកបដោយគុណសម្បត្តិ បើទោះបីជាពួកគេមិនរាប់បញ្ចូលដៃគូប្រពៃណីដូចជា សហរដ្ឋអាមេរិក។
របាយការណ៍សេដ្ឋកិច្ច Bloomberg បានចេញផ្សាយកាលពីសប្តាហ៍មុនថា ការចំណាយការខាតបង់ នៃសង្រ្គាមពាណិជ្ជកម្មអាមេរិក និងចិនអាចឈានដល់១,២ពាន់ពាន់លានដុល្លារ ដែលប៉ះពាល់ដល់ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៨។

លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha នៅសន្និសីទកំពូលអាស៊ានលើកទី ៣៤ ស្តីពី RCEP បាននិយាយថា “នៅពេលដែលបូកបញ្ចូលគ្នារវាងអាស៊ាន និងបណ្តាប្រទេសអាស៊ី នឹងបង្កើតប្លុកតំបន់ដ៏ធំបំផុតនៅក្នុងពិភពលោក”។
លោកបានបន្ថែមថា “ប្រសិនបើយើងអាចធ្វើដូច្នេះបាន យើងនឹងមានអំណាចចរចា និងមានមូលដ្ឋានសម្រាប់ចរចា”៕