ដោយ៖ រ៉ាណេត
ព្រះសីហនុៈ ស្របពេលដែលក្រុងព្រះសីហនុ កំពុងតែមានភាពរីកចម្រើន និងអភិវឌ្ឍយ៉ាងគំហុក ហាងលក់សម្លៀកបំពាក់ដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ His &Her បានបោះជំហានពង្រីកសាខារបស់ខ្លួន តាមរយៈការជួលទីតាំងលក់រាយនៅក្នុងផ្សារទំនើបដ៏ធំលើកដំបូងនៅគេដែលមានឈ្មោះថា Furi Times Square ដែលគ្រោងនឹងបើកសម្ពោធនៅពេលឆាប់ៗខាងមុខនេះ។

-->
អ្នកចាត់ការទូទៅហាងលក់សម្លៀកបំពាក់ His &Her លោកស្រី វ័ន្ត កញ្ចនា បានមានប្រសាសន៍ប្រាប់ឱ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៣ កក្កដានេះថា និមិត្តសញ្ញា និងម៉ាកសម្លៀកបំពាក់ដែលល្បីឈ្មោះប្រចាំប្រទេសថៃមួយនេះ ត្រូវបាននាំចូលមកកាន់ទីផ្សារកម្ពុជាតាំងពីអំឡុងឆ្នាំ២០១៤ ដែលរហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនបានពង្រីកសាខារបស់ខ្លួនបានចំនួន២ទីតាំង ក្នុងរាជធានីភ្នំពេញរួចទៅហើយ។
លោកស្រីបានបន្តទៀតថា “នៅថ្ងៃខាងមុខឆាប់ៗនេះ ហាងលក់សម្លៀកបំពាក់ដ៏ល្បីឈ្មោះនេះ នឹងបង្ហាញវត្តមាននៅក្នុងផ្សារទំនើបដ៏ធំ Furi Times Square ដែលទើបតែមានលើកដំបូងគេនៅក្នុងក្រុងព្រះសីហនុ”។ លោកស្រីបានបន្តទៀតថា “ខ្ញុំជឿជាក់ថា តាមរយៈផ្សារទំនើបដ៏ធំមួយនេះ និមិត្តសញ្ញា និងម៉ាកសម្លៀកបំពាក់ដ៏ទាន់សម័យ His &Her ពិតជាទទួលបានភាពជោគជ័យក្នុងការលក់ ហើយអាចនឹងបន្តពង្រីកសាខានៅក្នុងខេត្តមួយនេះបន្ថែមនៅពេលអនាគត”។
លោកស្រី វ័ន្ត កញ្ចនា បានបង្ហាញពីភាពជឿជាក់ថា នៅក្នុងខេត្តព្រះសីហនុគឺមានការអភិវឌ្ឍខ្លាំងជាងបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ហើយក៏ជាខេត្តដែលមានភាពស៊ីវិល័យ ប្រមូលផ្តុំទៅដោយបណ្តាអ្នកវិនិយោគជាតិ និងអន្តរជាតិ ជាពិសេសចំនួនភ្ញៀវទេសចរចំរុះជាតិសាសន៍ជាច្រើន ចូលមកជាច្រើនជាប់ជាប្រចាំ ដែលជម្រុញឱ្យសេដ្ឋកិច្ចខេត្តមួយនេះមានភាពល្អប្រសើរ ស័ក្ដិសមនឹងការប្រើប្រាស់ផលិតផលម៉ាកល្បីៗដូចជានិមិត្តសញ្ញាសម្លៀកបំពាក់របស់លោក។

ផ្សារទំនើបកំពស់៥ជាន់នេះ ស្ថិតនៅលើផ្លូវឯករាជ្យ ស្ថិតក្នុងសង្កាត់មិត្តភាព ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ។
នាយកទីផ្សារនៃក្រុមហ៊ុន FURI Real Estate កញ្ញា លឹម សុខាដាវីន បានប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះមានហាងអាហារ ភេសជ្ជៈ ហាងលក់សម្លៀកបំពាក់ និងផលិតផលម៉ាកល្បីៗជាង ២០ក្រុមហ៊ុនហើយ បានចុះកុងត្រាលក់នៅក្នុងផ្សារទំនើបមួយនេះ ហើយផលិតផលល្បីៗជាច្រើនទៀត កំពុងតែដំណើរការនិតិវិធីដើម្បីជួលទីតាំងលក់រាយ។
កញ្ញាបានបន្តឱ្យដឹងទៀតថា ជាមួយនឹងវត្តមាននៃក្រុមហ៊ុនធំៗ និងល្បីៗទាំងអស់នេះ Furi Times Square ក៏ទទួលបានយោបល់ល្អ និងមានការកោតសរសើរពីអតិថិជនដែលជាអ្នកជួលផងដែរ ដោយសារផ្សារនេះ ផ្តោតលើការរៀបចំប្រព័ន្ធនៃការលក់ទូលាយល្អ មានទីធ្លាសាធារណៈធំទូលាយ ការឌីសាញមានភាពទាក់ទាញ និងទីតាំងនៃគម្រោងនេះល្អ ជាពិសេស ក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍផ្សារទំនើបមួយនេះ មិនបានគិតទៅលើប្រាក់ចំណេញក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែបានផ្តោតសំខាន់លើការវិនិយោគក្នុងរយៈពេលវែងប្រកបដោយភាពជោគជ័យ៕









