ប្រែសម្រួលដោយ ប៊ី
បាងកកៈ អាជ្ញាធរកំពង់ផែថៃកំពុងធ្វើការសិក្សាពីលទ្ធភាព ក្នុងការធ្វើឱ្យប្រសើរឡើងនូវកំពង់ផែ Klong Yai នៅខេត្តត្រាតនៃប្រទេសប្រទេសថៃ ដើម្បីសម្រួលការដឹកជញ្ជូនតាមសមុទ្រ និងការបង្កើនការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា។
អាជ្ញាធរកំពង់ផែថៃ (PAT) បានថ្លែងនៅក្នុងរបាយការណ៍ពាក់ព័ន្ធមួយថា ការធ្លាក់ចុះសេដ្ឋកិច្ចសកល រួមជាមួយសង្រ្គាមពាណិជ្ជកម្មអាមេរិក ចិនបានធ្វើឲ្យមានការយឺតយ៉ាវនូវការនាំចេញទំនិញ តាមរយៈកំពង់ផែរបស់ខ្លួន ដោយមានកំណើនត្រឹម៣ភាគរយ នៅឆ្នាំនេះ។ ដូច្នេះអាជ្ញាធរកំពង់ផែថៃកំពុងពន្លឿន ការធ្វើឱ្យប្រសើរឡើងនូវកំពង់ផែដើម្បីសម្រួលការដឹកជញ្ជួន។
-->
លោក Kamolsak Promprayoon អគ្គនាយកអាជ្ញាធរកំពង់ផែថៃ PAT បាននិយាយថា បច្ចុប្បន្នអាជ្ញាធរកំពង់ផែថៃ កំពុងធ្វើការសិក្សាពីលទ្ធភាព ក្នុងការធ្វើឱ្យប្រសើរឡើងនូវកំពង់ផែ Klong Yai នៅខេត្តត្រាតទៅជាកំពង់ផែយុទ្ធសាស្ត្រមួយ សម្រាប់ការដឹកជញ្ជូនតាមសមុទ្រជាផ្នែកមួយនៃគម្រោងសេដ្ឋកិច្ចផ្លូវខាងកើត។
ការប្រសើរឡើងនូវកំពង់ផែ Klong Yai ត្រូវបានរំពឹងថា នឹងបញ្ចប់នៅខែ តុលា ហើយកំពង់ផែនេះ នឹងបម្រើការដឹកជញ្ជូនទំនិញរវាងប្រទេសថៃ និងកម្ពុជា និងប៉ែកខាងត្បូងនៃវៀតណាម។
លោកបានលើកឡើងថា តម្លៃនៃការធ្វើពាណិជ្ជកម្មតាមព្រំដែនរវាងថៃ និងកម្ពុជាកាលពីឆ្នាំមុនមានចំនួន១៤៥,៧ពាន់លានបាត កើនឡើង១៦ភាគរយ៕
ប្រភព (បាងកកប៉ុស្តិ៍)