ដោយ វុត្ថា
ភ្នំពេញ៖ អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញរបាយការណ៍របស់ខ្លួនថា សម្រាប់ឆមាសទី១ ឆ្នាំ២០១៩ ចំណូលសរុបមានប្រមាណជាង ៥.៩ទ្រីលានរៀល (ប្រមាណ ១,៤៧៥ លានដុល្លារអាមេរិក) កើនឡើង ២៥.៥% (ប្រមាណ ៣០០លានដុល្លារអាមេរិក) ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។
លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងនៅក្នុងកិច្ចប្រជុំបូកសរុបការងារគយនិងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០១៩ កាលពីម្សិលមិញនេះថា លទ្ធផលចំណូលនេះត្រូវប្រមាណជា ៦៥% នៃផែនការឆ្នាំ ដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០១៩។
-->
បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ លទ្ធផលចំណូលតាមប្រភេទពន្ធនិងអាករសំខាន់ៗដែលប្រមូលដោយគយមានកំណើនគួរឲ្យកត់សម្គាល់ ក្នុងនោះ ពន្ធគយ (ពន្ធនាំចូល)មានកំណើនជាង ៣៣.៨%, អាករពិសេសកើន ៣១.១% និងអាករលើតម្លៃបន្ថែម (VAT)កើន ២៨.៦%។
លោកបន្តថា មុខទំនិញជាប្រភពចំណូលសំខាន់ៗរួមមាន៖ (១).យានយន្តនិងគ្រឿងចក្រគ្របដណ្តប់ប្រមាណជាង ៥២% នៃចំណូលសរុប, (២).ប្រេងឥន្ធនៈ និងថាមពលប្រមាណ ១៧.១% នៃចំណូលសរុប និង (៣).ទំនិញចម្រុះនិងគ្រឿងសំណង់មានប្រមាណ ២៩.៥% នៃចំណូលសរុប។
លទ្ធផលដ៏ល្អប្រសើរនេះ គឺបានមកដោយសារកម្ពុជាមានស្ថិរភាពនយោបាយ, ការកែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាល, ការពង្រឹងអភិបាលកិច្ចផ្ទៃក្នុងរបស់អង្គភាពគយ និងការរីកចម្រើនផ្នែកសមត្ថភាពធនធានមនុស្ស។
លោកបន្ថែមថា ទន្ទឹមនឹងការងារប្រមូលចំណូលចូលថវិកាជាតិបានលើសផែនការ អគរ ក៏បានសម្រេចនូវសមិទ្ធផលនានាផ្សេងទៀតដូចជាការចូលរួមកសាងបទប្បញ្ញ្តត្តិនិងគោលនយោបាយពាក់ព័ន្ធនឹងគយ, ការធ្វើវិចារណកម្មអត្រាពន្ធគយលើទំនិញមួយចំនួន, ការពង្រឹងការងារបង្ការនិងបង្រ្កាបអំពើរត់គេចពន្ធ, ការចូលរួមទប់ស្កាត់ការលាងសម្អាតប្រាក់ និងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការចូលរួមអនុវត្តវិធានការកែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងគយ ដូចជាការអនុវត្តកម្រៃផ្លូវការនៃការផ្តល់សេវាសាធារណៈរបស់ អគរ , ការកាត់បន្ថយកម្រៃស្កែន និងបរិមាណកុងតែន័រដែលត្រូវឆ្លងកាត់ការត្រួតពិនិត្យដោយម៉ាស៊ីនស្កែន, ការផ្សព្វផ្សាយគោលនយោបាយលើកទឹកចិត្តដល់សហគ្រាសធុនតូចនិងមធ្យម (SMEs) និងការជំរុញយ៉ាងសកម្មការអភិវឌ្ឍន៍ប្រព័ន្ធបញ្ជរតែមួយជាតិ និងប្រព័ន្ធបញ្ជរតែមួយអាស៊ាន ហើយបានដាក់ឲ្យអនុវត្តជំហានដំបូងនៃប្រព័ន្ធទាំងពីរនេះ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ជាដើម៕