ដោយ ម៉ាណេត
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងថា ទឹកប្រាក់បុព្វលាភក្នុងវិស័យធានារ៉ាប់រងរំពឹងកើនឡើងពីជាង១៩៦លានដុល្លារ ដល់២៦០លានដុល្លារអាមេរិកនៅឆ្នាំនេះ។
លោកស្រីងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ឲ្យដឹងកាលពីព្រឹកថ្ងៃទី២៥ កក្កដានេះថា ចំនួនបុព្វលាភក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា មានការរីកធំធាត់យ៉ាងឆាប់រហ័ស ដោយមានបុព្វលាភធានារ៉ាប់រងដុលសរុប ៣៥% ជាមធ្យមក្នុង១ឆ្នាំ ហើយរយៈពេល៥ឆ្នាំចុងក្រោយនេះ កើនឡើងដល់១៩៦.៤លានដុល្លារក្នុងឆ្នាំ២០១៨។
-->
លោកស្រីបន្តថា “បុព្វលាភក្រុមហ៊ុនធានារ៉ាប់រងកម្ពុជា ត្រូវបានព្យាករណ៍ថា កើនឡើងដល់២៦០លានដុល្លារនៅចុងឆ្នាំនេះ”។
លោកស្រីងួន សុខាបានបន្ដថា ជាមួយកំណើននៃការរីកធំធាត់ នៃវិស័យធានារ៉ាប់រងនៅកម្ពុជានេះ ក៏ឃើញថាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន៣១ក្រុមហ៊ុន ក្នុងនោះ១៣ក្រុមហ៊ុន ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅ ១១ក្រុមហ៊ុនជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និង៧ក្រុមហ៊ុនជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច។
លោកស្រីបញ្ជាក់ថា ជាមួយគ្នានេះនៅលើទីផ្សារធានារ៉ាប់រង ក៏មានក្រុមហ៊ុនធានារ៉ាប់រងបន្ដចំនួន១ ប្រតិបត្តិករសុខភាពចំនួន៣ ក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន៣ ក្រុមហ៊ុនជើងសាធានារ៉ាប់រងចំនួន១៦ និងក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន២២។
ក្រុមហ៊ុនទាំងអស់មានគ្រប់ប្រភេទទាំង ក្រុមហ៊ុនបរទេស១០០% និងក្រុមហ៊ុនក្នុងស្រុក១០០% និងក្រុមហ៊ុនចំរុះ។ ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់មានទ្រព្យសកម្ម ៤២៧.៣លានដុល្លារអាមេរិក និងមូលនិធិភាគហ៊ុនិកចំនួន២៤៣.៩លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨។
កាលពីឆ្នាំ២០១៨ ទីផ្សារធានារ៉ាប់រងកម្ពុជាបានធានាហានិភ័យ (Sum Insured) ចំនួន២១៨ពាន់លានដុល្លារអាមេរិក ក្នុងបណ្ណសន្យារ៉ាប់រងចំនួន២.៧លានបណ្ណ ក្នុងនោះបណ្ណសន្យារ៉ាប់រងទូទៅចំនួន១៣២ពាន់បណ្ណ, បណ្ណសន្យារ៉ាប់រងអាយុជីវិត ៣៨៣ពាន់បណ្ណ និង២.២លានបណ្ណសន្យារ៉ាប់រងខ្នាតតូច។
ក្នុងការធានាហានិភ័យទាំងអស់នេះ ក្រុមហ៊ុនធានារ៉ាប់រង បានរៀបចំបង្កើតផលិតផលធានារ៉ាប់រងគ្រប់ប្រភេទ សម្រាប់អតិថិជនមានដូចជា៖ ផលិតផលធានារ៉ាប់រងលើទ្រព្យសម្បត្តិ អគ្គិភ័យ ផលិតផល ធានារ៉ាប់រងវិស្វកម្ម ផលិតផលធានារ៉ាប់រង ការដឹកជញ្ជូនទំនិញ ផលិតផលធានារ៉ាប់រងយានយន្ត ផលិតផលធានារ៉ាប់រងសុខភាព ផលិតផលធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ផលិតផលធានារ៉ាប់រងអាយុជីវិតមានកាលកំណត់ ផលិតផលធានារ៉ាបរងអាយុជីវិតមួយជីវិតកាលជាដើម៕