ដោយ វុត្ថា
ភ្នំពេញៈ នៅក្នុងការទិញលក់ផ្សេងៗ យើងមិនដែលមានកិច្ចសន្យាជាលាយលក្ខណ៍អក្សរទេ គឺធ្វើឡើងត្រឹមតែផ្ទាល់មាត់ទទេ។ កិច្ចសន្យានេះជាទូទៅ ច្បាប់មិនតម្រូវថាត្រូវតែធ្វើឡើងជាលាយលក្ខណ៍អក្សរទេ (មាត្រា ៥១៦ នៃក្រមរដ្ឋប្បវេណី) លើកលែងតែករណី ដែលមានបញ្ញត្តិពិសេសណាមួយ (ឧទាហរណ៍ កិច្ចសន្យាទិញលក់ផ្ទះឬដីធ្លី ជាដើម)។
ដូច្នេះការព្រមព្រៀងទិញលក់ ធ្វើឡើងដោយផ្ទាល់មាត់ គឺជាកិច្ចសន្យា ដែលមានសុពលភាពពេញលេញតាមផ្លូវច្បាប់។ ក៏ប៉ុន្តែគូភាគីនៃកិច្ចសន្យាអាចព្រមព្រៀងគ្នាកំណត់ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរបាន។ អាចធ្វើត្រឹមតែជាលិខិតឯកជន (កិច្ចសន្យាធ្វើឡើងជាលក្ខណៈឯកជន រវាងអ្នកលក់ និងអ្នកទិញ) ឬអាចធ្វើជាទម្រង់លិខិតយថាភូត (កិច្ចសន្យាដែលតាក់តែង និងមានប្រថាប់ត្រាដោយមន្រ្តីសាធារណៈ)។
តែយ៉ាងណាក៏ដោយ ត្រូវធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ (បើទោះបីជាច្បាប់មិនតម្រូវក៏ដោយ) គឺទាក់ទងនឹងភស្តុតាងនៅក្នុងករណីមានវិវាទ។ បើធ្វើត្រឹមតែផ្ទាល់មាត់ កិច្ចសន្យាទិញលក់នេះមានសុពលភាពពេញលេញពិតមែន ក៏ប៉ុន្តែនៅពេលមានវិវាទ ការបង្ហាញភស្តុតាង អំពីអ្វី ដែលនិយាយគ្នាតែមាត់ទទេ គ្មានលិខិតជាលាយលក្ខណ៍អក្សរ វាអាចនឹងមានបញ្ហាស្មុគស្មាញ។
ម្យ៉ាងទៀត ការព្រមព្រៀងគ្នាត្រឹមតែផ្ទាល់មាត់ វាអាចនាំឲ្យមានភាពស្រពិចស្រពិល ការយល់ច្រឡំទៅលើអ្វីដែលបានព្រមព្រៀងគ្នា ឬក៏ការភ្លេចភ្លាំងជាដើម។ បើសរសេរជាលាយលក្ខណ៍អក្សរ វាអាចធ្វើឲ្យគូភាគីយល់ច្បាស់លាស់ជាង អំពីខ្លឹមសារនៃកិច្ចសន្យា។
ដូច្នេះកិច្ចសន្យាទិញលក់ បើទោះបីជាច្បាប់មិនតម្រូវក៏ដោយ ក៏គូភាគីគួរតែពិចារណារៀបចំធ្វើជាលាយលក្ខណ៍អក្សរដែរ ជាពិសេសចំពោះកិច្ចសន្យា ដែលមានទំហំទឹកប្រាក់ច្រើន ឬក៏មានលក្ខណៈស្មុគស្មាញ អាចនាំឲ្យមានការយល់ច្រឡំ ឬយល់មិនច្បាស់អំពីខ្លឹមសារនៃកិច្ចសន្យា។
បើសិនជាការធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរនេះ ចាំបាច់ត្រូវរកមេធាវីឲ្យសរសេរឲ្យ ហើយសោហ៊ុយធ្វើលិខិត ឬសោហ៊ុយផ្សេងៗទៀត ដែលចំណាយក្នុងការធ្វើកិច្ចសន្យាលក់ទិញ ភាគីទាំងសងខាងត្រូវចេញស្មើគ្នា (ពាក់កណ្តាលម្នាក់)។ក៏ប៉ុន្តែ បើសិនជាគូភាគីព្រមព្រៀងគ្នា ចង់កំណត់ផ្សេងក្រៅពីនេះ ក៏ច្បាប់មិនហាមឃាត់ដែរ(មាត្រា ៥២២)៕