រដ្ឋសភា​ទទួលយក​សេចក្តី​ព្រាងច្បាប់​ចំនួន​ពីរ​ដែល​ស្នើ​ឡើង​ដោយ​រាជរដ្ឋាភិបាល​មក​ពិនិត្យ​សិក្សា​នៅ​ថ្ងៃនេះ​

0

ដោយ​ ប៊ី​

ភ្នំពេញ​៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិន​ ប្រធាន​រដ្ឋសភា​ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ ដែល​ជា​លទ្ធផល​គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​ បានសម្រេច​ទទួលយក​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ កិច្ចការពារ​អ្នកប្រើ​ប្រាស់​ និង​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច​ ដែល​ស្នើ​ឡើង​ដោយ​រាជរដ្ឋាភិបាល​ មក​ពិនិត្យ​សិក្សា​។

គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​រដ្ឋសភា​ បាន​អនុម័ត​ប្រគល់​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ កិច្ចការពារ​អ្នកប្រើ​ប្រាស់​ដល់​គណៈកម្មការ​សាធារណការ​ ដឹកជញ្ជូន​ ទូរគមនាគមន៍​ ប្រៃសណីយ៍​ ឧស្សាហកម្ម​ រ៉ែ​ ថាមពល​ ពាណិជ្ជកម្ម​ រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ពិនិត្យ​សិក្សា​ ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​វិញ​។

ចំណែក​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច​ គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​ បាន​អនុម័ត​ប្រគល់​ជូន​គណៈកម្មការ​សាធារណការ​ ដឹកជញ្ជូន​ ទូរគមនាគមន៍​ ប្រៃសណីយ៍​ ឧស្សាហកម្ម​ រ៉ែ​ ថាមពល​ ពាណិជ្ជកម្ម​ រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ នៃ​រដ្ឋសភា​ ពិនិត្យ​សិក្សា​ ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការ​បរទេស​ សហប្រតិបត្តិ​ការអន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​ នៃ​រដ្ឋសភា​ ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​វិញ​។

ជាមួយគ្នា​នេះ​ កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​ ក៏បាន​អនុម័ត​លើ​សំណើសុំ​ជ្រើស​តំាង​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ នៃ​អង្គចៅក្រម​ សម្រាប់​ អាណត្តិ​ថ្មី​ ចំនួន១រូប​ ជំនួស​ ឯកឧត្តម​ អ៊ិ​ត រ៉ា​ឌី​ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ដែល​ត្រូវ​បញ្ចប់​អាណត្តិ​ ដោយ​បាន​ប្រគល់​ភារកិច្ច​ដល់​ អគ្គលេខាធិការ​ដ្ឋាន​រដ្ឋសភា​ ធ្វើ​សេចក្តី​ជូនដំណឹង​ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ជ្រើសរើស​ឥស្សរជន​ ដែល​មាន​លក្ខណៈ​សម្បត្តិ​សមស្រប​ ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​វិញ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here