ដោយ Donald lee
ភ្នំពេញៈ វិនិយោគិនបានភ្ញាក់ផ្អើល ដោយរដ្ឋាភិបាលអាមេរិកបានបង្ហាញពីកំណើនសេដ្ឋកិច្ចយឺតយ៉ាវនៅក្នុងត្រីមាសទី២ ដោយសារតែការនាំចេញធ្លាក់ចុះ ដែលជាផលវិបាកនៃសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន។

ដោយ Donald lee
ភ្នំពេញៈ វិនិយោគិនបានភ្ញាក់ផ្អើល ដោយរដ្ឋាភិបាលអាមេរិកបានបង្ហាញពីកំណើនសេដ្ឋកិច្ចយឺតយ៉ាវនៅក្នុងត្រីមាសទី២ ដោយសារតែការនាំចេញធ្លាក់ចុះ ដែលជាផលវិបាកនៃសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន។

សេដ្ឋកិច្ចអាមេរិកមានអត្រាកំណើនយឺតបំផុត ក្នុងរយៈពេលជាងពីរឆ្នាំ ខណៈការចរចាពាណិជ្ជកម្មជាមួយ ចិនបានជួបបរាជ័យនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
មន្ត្រីជាន់ខ្ពស់អាមេរិក នឹងជួបជាមួយលោក Liu He អនុមន្រ្តីចិននៅសៀងហៃនៅសប្តាហ៍ក្រោយ ដើម្បីស្វែងរកព័ត៌មានលម្អិត នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ បន្ទាប់ពីការចរចានៅខែឧសភា បានបរាជ័យ។
លោក Ryan Sweet សេដ្ឋវិទូជាន់ខ្ពស់នៅ Moody’s Analytics បានប្រាប់រ៉យទ័រថា “ប្រសិនបើយើងទទួលបានការធ្លាក់ចុះសេដ្ឋកិច្ចនៅឆ្នាំក្រោយ វានឹងកើតឡើងដោយសារតែយើងបានធ្វើឱ្យមានភាពតានតឹងផ្នែកពាណិជ្ជកម្ម”។
ក្រុមអ្នកជំនាញជឿជាក់ថា អត្រាកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងធ្លាក់ចុះមកនៅត្រឹម ២,៥ភាគរយនៅឆ្នាំនេះ។ សេដ្ឋកិច្ចអាមេរិកបានកើនឡើងជិត ៣ភាគរយកាលពីឆ្នាំមុន។
ការសង្កត់ធ្ងន់លើការពន្លឿនកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោកកើតមានឡើង នៅពេលដែលជម្លោះពន្ធដារបានធ្វើឱ្យមានអស្ថិរភាពសេដ្ឋកិច្ចពិភពលោក។

របាយការណ៍សេដ្ឋកិច្ច Bloomberg ដែលបានចេញផ្សាយកាលពីខែមុន បានប៉ាន់ស្មានថា ការខាតបង់សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនអាចនឹងមានទំហំទឹកប្រាក់ដល់ទៅ១,២ ពាន់ពាន់លានដុល្លារ ដែលអាចប៉ះពាល់ផលិតផលសរុបក្នុងស្រុកលើពិភពលោក និងសេដ្ឋកិច្ចពិភពលោកមានភាពយឺតយ៉ាវ ដែលមិនធ្លាប់មានចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨៕