ដោយ វុត្ថា
ភ្នំពេញ៖ ទេសាភិបាលធនាគារជាតិកម្ពុជា បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាបន្តមានវឌ្ឍនភាពល្អប្រសើរ ដែលទទួលបានភាពអំណោយផលទាំងពីកត្តាខាងក្រៅនិងខាងក្នុង ខណៈអ្នកជំនាញថាសេដ្ឋកិច្ចកម្ពុជាអះអាងថា នៅតែមានភាពស្រពិចស្រពិលជុំវិញភាពមិនច្បាស់លាសការដកអនុគ្រោះពន្ធ (EBA) និងការចំណាយថ្លៃដើមនៅតែមានកំរិតខ្ពស់។
លោកជា ចាន់តូ ទេសាភិបាលកម្ពុជា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៩ នេះ បានពន្យល់ថា កត្តាគាំទ្រខាងក្រៅរួមមាន កំណើនតម្រូវការចំពោះផលិតផលនាំចេញរបស់កម្ពុជា លំហូរចូលនៃវិនិយោគទុនបរទេស និងកំណើនក្នុងវិស័យទេសចរណ៍។
-->
កត្តាខាងក្នុងគឺស្ថិរភាពដ៏រឹងមាំនៃសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ភាពអំណោយផលនៃបរិយាកាសវិនិយោគនិងធុរកិច្ច ការធ្វើពិពិធកម្មមូលដ្ឋានកំណើន និងការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។
លោកបន្តទៀថា អតិផរណាមានកម្រិតទាប អត្រាប្តូរប្រាក់មានស្ថិរភាពល្អប្រសើរ ហើយទុនបម្រុងអន្តរជាតិត្រូវបានគរពូនឱ្យកើនឡើងខ្ពស់ ដែលបានចូលរួមពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លើសពីនេះ វិស័យធនាគារនិងហិរញ្ញវត្ថុកម្ពុជាបានបន្តដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រនិងវិសមភាព។
បច្ចុប្បន្ន សេវាហិរញ្ញវត្ថុបានពង្រីកវិសាលភាពទូទាំងប្រទេស ហើយបានផ្តល់ឱកាសដល់ប្រជាជនកាន់តែច្រើនក្នុងការពង្រីកសកម្មភាពសេដ្ឋកិច្ចសម្រាប់លើកស្ទួយជីវភាពរស់នៅឱ្យកាន់តែប្រសើរ។
លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចកម្ពុជាបានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពស្រពិចស្រពិល ខណៈបញ្ហាការចំណាយថ្លៃដើមធ្វើអាជីវកម្មនៅក្នុងប្រទេសនៅមានកម្រិតខ្ពស់ រួមជាមួយនឹងការគំរាមដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប។
លោកបន្តថា “បើយើងពិនិត្យជាក់ស្តែងនៃភាពខ្លាំងនៅខាងក្នុង គឹហិរញ្ញវត្ថុចាក់ចូលនៅក្នុងវិស័យអចលនទ្រព្យនៅដំណើរការធម្មតា អត់មានភាពប្រែប្រួល និងទាក់ទងជាមួយនឹងខាងក្រៅហ្នឹង (បញ្ហាEBA) ក៏មិនទាន់ចូលជាធរមាន ដូច្នេះ អ្វីៗតែធម្មតា”។
លោកបន្ថែមថា “ហើយទៅមុខទៀត នឹងមានការប្រែប្រួលនៅពេលដែលមានវិធានការជាក់ស្តែងរបស់សហភាពអឺរ៉ុប និងវិវត្តន៍ដំណើរការទៅមុខទៀតរបស់ប្រព័ន្ធវិស័យហិរញ្ញវត្ថុ ព្រោះវិស័យហិរញ្ញវត្ថុបានចាក់ចូលទៅក្នុងវិស័យអចលនវត្ថុច្រើន ហើយបើវិស័យអចលនទ្រព្យនៅមានសុខភាពល្អ និងវិស័យហិរញ្ញវត្ថុនៅមានដំណើរការល្អ នឹងមិនមានបញ្ហាដល់សេដ្ឋកិច្ចកម្ពុជានោះទេ៕