ដោយ វុត្ថា
ភ្នំពេញៈ ជាទូទៅ កិច្ចសន្យាគឺជាច្បាប់របស់គូភាគី ដែលបានសន្យាគ្នាទៅវិញទៅមក ឬជាកាសន្យារបស់ភាគីម្ចាងទៅភាគីម្ខាងទៀត ក្នុងគោលបំណងជាការផ្លាស់ប្តូរប្រយោជន៍ទៅវិញទៅមក។
ដើម្បីធ្វើកិច្ចសន្យាមួយ ទៅជាកិច្ចសន្យា ដែលមានសុពលភាពអាចអនុវត្តបានឬជាកិច្ចសន្យា ដែលជាគោលការណ៍ទទួលស្គាល់ដោយច្បាប់ ភាគីនីមួយៗនាំអោយកិច្ចសន្យាត្រូវតែគោរពនូវលក្ខខណ្ឌចំបងៗដូចជា៖
១) ឆន្ទៈរបស់គូភាគី
កិច្ចសន្យា ឬការសន្យាណាក៏ដោយ ក៏ត្រូវតែធ្វើឡើងដោយឆន្ទះរបស់គូភាគី ពោលគឺត្រូវតែធ្វើឡើងដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំពីសំណាក់ភាគីនៃកិច្ចសន្យា ឬជនទីបីដែលពាក់ព័ន្ធនឹងផលប្រយោជន៍ក្នុងកិច្ចសន្យានោះទេ។ ម្យ៉ាងទៀតច្បាប់ក៏មិនអាចយកជាការបានដែរ នៅពេលដែលភាគីណាម្នាក់ ចុះកិច្ចសន្យាដោយកាលៈទេសៈ ឬស្ថានភាពសេដ្ឋកិច្ចណាមួយមកបង្ខំ។
២) កម្មវត្ថុនៃកិច្ចសន្យា
ដើម្បីធ្វើកិច្ចសន្យាមួយបាន លុះត្រាតែកិច្ចសន្យានោះធ្វើឡើងដោយមានកម្មវត្ថុច្បាស់លាស់ និងជាកម្មវត្ថុដែលស្ថិតក្នុងពាណិជ្ជកម្ម ពោលគឺជាកម្មវត្ថុដែលច្បាប់អនុញ្ញាតអោយមានការរកស៊ី ជួញដូរបានក្នុងទីផ្សារ។ ភាគីមិនអាចចុះកិច្ចសន្យា ទិញគ្រឿងញៀន កិច្ចសន្យាផ្នាល់បាល់ ប្រដាល់ ឬជលមាន់ គឺជាកិច្ចសន្យាដែលមានកម្មវត្ថុក្រៅកិច្ចសន្យា ពោលគឺវាត្រូវបានហាមឃាត់ដោយច្បាប់។
៣) សមត្ថភាពរបស់គូភាគី
បុគ្គលដែលជាអ្នកធ្វើកិច្ចសន្យា គឺត្រូវតែជាបុគ្គលមានសមត្ថភាពដែលទទួលស្គាល់ដោយច្បាប់ ពោលគឺជាភាគីឬបុគ្គលដែលជាមនុស្សមានស្មារតីត្រឹមត្រូវ មនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និងជាបុគ្គលដែលត្រូវបានអនុញ្ញាតដោយច្បាប់ថាពិតជាមានសមត្ថភាពក្នុងការចុះកិច្ចសន្យាបាន។ ក្នុងករណីនេះ មនុស្សដែលមានវិប្បល្លាស់ស្មារតី និងមនុស្សចាស់ជរាវង្វេងម្តងម្កាល គឺមិនអាចចាតុទុកថាជាមនុស្សដែលមានសមត្ថភាពដើម្បីចុះកិច្ចសន្យាបានទេ។
សរុបសេចក្តីមក កិច្ចសន្យាប្រភេទណាក៏ដោយ គឺត្រូវតែគោរពគោលការទាំងបីនេះ ពីព្រោះវាគឺជាគោលការណ៍គ្រឹះដែលគ្រប់ភាគី នៃកិច្ចសន្យាត្រូវតែមានជាដាច់ខាតនៅពេលដែលចុះកិច្ចសន្យា៕