ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាលើកដំបូងហើយ ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែនបានប្រកាសឲ្យដឹងថា កម្ពុជាមានទុនបម្រុងក្នុងប្រទេស ជាសាច់ប្រាក់សុទ្ធចំនួន ១លានលានរៀលស្មើនឹងប្រមាណ ៣៥០០លានដុល្លារ និងទុនបម្រុងក្រៅប្រទេសចំនួន ១៥ពាន់លានដុល្លារ។
ឆ្លើយតបទៅនឹងមតិរិះគន់រាជរដ្ឋាភិបាលថា មិនមានថវិកាជាតិគ្រប់គ្រាន់ទៅនឹងការចំណាយផ្សេងៗនៅក្នុងប្រទេសកម្ពុជា ជាពិសេសការចំណាយជាប្រចាំទៅលើមន្ត្រីរាជការ និងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ននានានោះ សម្តេច តេជោ ហ៊ុន សែន បានប្រកាសក្នុងពិធីអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡាដ្ឋានមរតកតេជោ នាព្រឹកថ្ងៃទី២៩កក្កដានេះថា បច្ចុប្បន្ននេះថវិកាបម្រុងរបស់រដ្ឋាភិបាលកម្ពុជា ដែលតម្កល់នៅរតនាគារជាតិ និងធនាគារជាតិកម្ពុជា មានសាច់ប្រាក់សុទ្ធចំនួន១លានលានរៀល ស្មើនឹងប្រមាណ៣៥០០លានដុល្លារសហរដ្ឋអាមេរិក។
-->
សម្ដេចបញ្ជាក់ថា “សាច់ប្រាក់សុទ្ធតែទាំងនេះ នៅមិនទាន់រាប់បញ្ចូលថវិកាបម្រុងនៅក្រៅប្រទេសដែលមានចំនួន១៥ពាន់លានដុល្លារនោះទេ”។ សម្ដេចបានមានប្រសាសន៍បន្តទៀតថា “ជាប្រចាំខែកម្ពុជាត្រូវចំណាយប្រមាណ៣០០លានដុល្លារ ខណៈដែលចំណូលប្រចាំខែ មានចំនួនច្រើនជាង៤០០លានដុល្លារ ដែលចំនួនទាំងអស់នេះវាមិនមែនជាសញ្ញាអវិជ្ជមាននោះទេ”។
ជាមួយនឹងការទទួលបានចំណូលតាមរយៈការប្រមូលពន្ធ ចំណូលពីវិស័យទេសចរណ៍ ក៏ដូចជា លំហូរចូលនៃចំនួនអ្នកវិនិយោគលើគ្រប់វិស័យនោះ រដ្ឋាភិបាលកម្ពុជា ក៏បានចំណាយទុនជាតិផ្ទាល់ ដើម្បីធ្វើការវិនិយោគផងដែរ ដែលយ៉ាងហោចណាស់ក្នុងមួយឆ្នាំមានចំនួនចាប់ពី៧០០-៨០០លានដុល្លារ ដើម្បីបម្រុងទុកសម្រាប់ស្ថាបនា និងកសាងហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ។សម្តេចតេជោបញ្ជាក់ឲ្យដឹង។
ដោយពិនិត្យឃើញពីការយល់ច្រឡំមួយចំនួន ពាក់ព័ន្ធនឹងទុនបម្រុងអន្តរជាតិ ដែលជាសូចនាករមួយដ៏សំខាន់ បង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ច លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាបានពន្យល់បន្ថែមពីទុនបម្រុងអន្តរជាតិ ដែលរួមមាន យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទុនបម្រុងអន្តរជាតិនៃប្រទេសមួយ សំដៅលើទ្រព្យសម្បត្តិដែលទទួលស្គាល់ជាអន្តរជាតិ ដែលប្រទេសមួយមាន និងត្រូវបានគ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុ សម្រាប់ប្រើក្នុងករណីចាំបាច់ ដូចជា ការផ្តល់ហិរញ្ញប្បទានដល់ជញ្ជីងទូទាត់ ប្រសិនបើមានតម្រូវការ ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ដើម្បីគ្រប់គ្រងការប្រែប្រួលអត្រាប្តូរប្រាក់ និងការរក្សាជំនឿទុកចិត្តលើរូបិយវត្ថុនិងសេដ្ឋកិច្ចជាតិ។
លោកស្រីពន្យល់ថា “ទុនបម្រុងអន្តរជាតិអាចមានទម្រង់ជាមាស និងរូបិយប័ណ្ណនានា ដែល IMF ទទួលស្គាល់ជាអន្តរជាតិ (ដូចជា ប្រាក់ដុល្លារអាមេរិក ប្រាក់អឺរ៉ូ ផោនអង់គ្លេស យេនជប៉ុន និងយ៉ន់ចិន)”។
IMF តែងតែផ្តល់អនុសាសន៍ឱ្យប្រទេសសមាជិក រក្សាកម្រិតទុនបម្រុងអន្តរជាតិឱ្យបានគ្រប់គ្រាន់។ ដើម្បីកំណត់កម្រិតគ្រប់គ្រាន់នេះ IMFតែងតែធ្វើការប្រៀបធៀបទំហំទុនបម្រុងអន្តរជាតិ ទៅនឹងចំនួនខែនៃការនាំចូលទំនិញ និងសេវានៅគ្រាខាងមុខ។ ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា កម្រិតគ្រប់គ្រាន់អប្បបរមា នៃទុនបម្រុងអន្តរជាតិដែលគួរមានគឺចំនួន៣ខែនៃការនាំចូលទំនិញ និងសេវានៅគ្រាខាងមុខ។
មូលហេតុដែល IMF និយមធ្វើការប្រៀបធៀបទុនបម្រុងអន្តរជាតិ ទៅនឹងការនាំចូល ដោយសារតែការនាំចូលជាតម្រូវការលើទំនិញនិងសេវាបរទេស ដែលប្រទេសមួយចាំបាច់ត្រូវការ ដើម្បីផ្គត់ផ្គង់ដល់សេដ្ឋកិច្ចឱ្យបានគ្រប់គ្រាន់ បន្ថែមលើការផលិតក្នុងស្រុក។ ដូច្នេះ កម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិធៀបនឹងការនាំចូល បង្ហាញពីលទ្ធភាពខ្ពស់ដែលប្រទេសមួយអាចនាំចូលបាន និងធានាបាននូវដំណើរការល្អនៃសេដ្ឋកិច្ច។
ចំពោះកម្ពុជាទុនបម្រុងអន្តរជាតិបានកើនឡើងជាលំដាប់ និងរក្សាបានក្នុងកម្រិត ៥ខែនៃការនាំចូលទំនិញនិងសេវា សម្រាប់តម្រូវការទំនិញនាំចូលនាពេលខាងមុខ ពោលគឺខ្ពស់ជាង៣ខែ ដែលជាកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន៕