ប្រទេស​ថៃ​នឹង​ចចារ​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប​ជាថ្មី​បន្ទាប់ពី​ផ្អាក​កំឡុង​រដ្ឋប្រហារ​

0

ដោយ​ Donald​ Lee​

បាងកក​៖​ ប្រទេស​ថៃ​ និង​សហគមន៍​អឺរ៉ុប​នឹង​ធ្វើការ​ចរចា​ពាណិជ្ជកម្ម​សេរី​ជាថ្មី​ម្តង​ទៀត​ បន្ទាប់ពី​បាន​ផ្អាក​អស់​រយៈពេល ៥ឆ្នាំ​កន្លង​នេះ​។ នេះ​បើ​យោង​តាម​នាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម​របស់​ប្រទេស​ថៃ​។

សហភាព​អឺរ៉ុប​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី៣របស់​ប្រទេស​ថៃ​។ ប៉ុន្តែ​កិច្ចចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​ បាន​ជាប់​គាំង​អស់​រយៈពេល៥ឆ្នាំ​ ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ២០១៤​ សហភាព​អឺរ៉ុប​បាន​លុបចោល​ រាល់​ការចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​ទាំងអស់​។

លោក​ Auramon​ Supthaweethum​ អគ្គនាយក​នៃ​នាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម​ថៃ​ បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃច័ន្ទ​ថា​ “នេះ​ធ្វើតាម​ការណែនាំ​ពី​ឧបនាយក​រដ្ឋមន្រ្តី​ថ្មី​ និង​ជារ​ដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​លោក​ Jurin​ Laksanavisit​ ដែល​បាន​ប្រកាស​នៅក្នុង​សភា​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា​ ប្រទេស​ថៃ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ការចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​ជាមួយ​អឺរ៉ុប​ ដែល​បាន​ជាប់​គាំង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ដោយសារតែ​បញ្ហា​នយោបាយ​”។

យោង​តាម​នាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម​ថៃ​ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ថៃ​និង​អឺរ៉ុប​បាន​កើនឡើង ៦​,៥ភាគរយ​កាលពី​ឆ្នាំមុន​ ដែល​ស្មើនឹង​ដល់ ៤៧​,៣ពាន់​លាន​ដុល្លារ​។ ការនាំចេញ​ថៃ​ទៅកាន់​អឺរ៉ុប​បាន​កើនឡើង៥​ ភាគរយ​ ស្មើនឹង ២៥ពាន់​លាន​ដុល្លារ​ និង​ការនាំចូល​ថៃ​ពី​អឺរ៉ុប​មានតម្លៃ ២២​,៣ពាន់​លាន​ដុល្លារ​។

ការនាំចេញ​សំ​ខាន់​ៗរបស់​ថៃ​ទៅកាន់​អឺរ៉ុប​ រួមមាន​ គ្រឿង​កុំព្យូទ័រ​ គ្រឿងបន្លាស់​រថយន្ត​ គ្រឿងអលង្ការ​ និង​គ្រឿងអគ្គិសនី​។

ការនាំចូល​សំ​ខាន់​ៗពី​សហភាព​អឺរ៉ុប​រួមមាន​ យន្ដ​ហោះ​ Gliders​ ផលិតផល​គីមី​ ការ​ផ្គត់ផ្គង់​វេជ្ជ​សាស្រ្ត​ និង​ពេជ្រ​។

ថ្មី​ៗនេះ​ អឺរ៉ុប​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ជាមួយ​បណ្តា​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​គឺ​សិង្ហបុរី​ និង​វៀតណាម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here