ការ​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា​កើន​ដល់​ទឹកប្រាក់​ ២,៥០០លាន​ដុល្លារ​អាមេរិក​

0
ទុនវិនិយោគជប៉ុន
ផ្សារទំនើប AEON

ដោយ​រ៉ា​ ណេត​

ភ្នំ​ពេញៈ​ មន្រ្តី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា​ ជាមួយនឹង​លំហូរ​ចូល​នៃ​ការ​វិនិយោគ​ពី​បណ្តា​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា​ បាន​ធ្វើឲ្យ​លំហូរ​ទុន​វិនិយោគ​របស់​ជប៉ុន​កើន​ជិតដល់ ២៥០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ហោ​ ណាំ​ហុង​ បាន​មានប្រសាសន៍​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គ​រដ្ឋទូត​ជប៉ុន​លោក​ ហ៊ី​ដេ​ហ៊ី​សា​ ហូរី​ណូ​ជិ​ (Hidehisa​ HORINOUCHI​) នៅ​ព្រឹក​ថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០១៩​ នេះ​ថា​ ជប៉ុន​ គឺជា​ភាគី​មិត្តភាព​ដ៏​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​ ជាច្រើន​ឆ្នាំ​កន្លងមក​ហើយ​ ហើយ​ថែមទាំង​ព្យាយាម​ជួយ​ និង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ជំរុញ​ និង​អភិវឌ្ឍ​ប្រទេស​ឱ្យ​កាន់តែ​មាន​ភា​ពល្អ្រ​សើរ​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​ការ​ផ្តល់​ជំនួយ​ឥត​សំណង់​ ការ​ផ្តល់​កម្ចី​ដើម្បី​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ក៏ដូចជា​ជំរុញ​ និង​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​មកកាន់​កម្ពុជា​ផង​ដែរ​។

​លោក​បាន​បន្ត​ថា​ នៅក្នុង​អំឡុង​ពេល​បំពេញបេសកកម្ម​ ចាប់តាំងពី​ឆ្នាំ២០១៦​ ដល់២០១៩​ របស់​លោ​កហ៊ី​ដេ​ហ៊ី​សា​ ហូរី​ណូ​អូ​ជិ​ ដែល​ទើបតែ​ចប់​អាណត្តិ​បេសកកម្ម​នៅ​កម្ពុជា​ ជប៉ុន​បាន​ផ្ដល់​ជំនួយឥតសំណង​ ដល់​កម្ពុជា​សរុប​ចំនួន​ជាង ១៨១ លាន​ដុល្លារ​អាមេរិក​ និង​កម្ចី​ចំនួន​ជិត ៤២២លាន​ដុល្លារ​អាមេរិក​។

លោក​ ហ៊ី​ដេ​ហ៊ី​សា​ បាន​មានប្រសាសន៍​ផង​ថា​ ក្នុង​ពេល​បំពេញបេសកកម្ម​នៅ​កម្ពុជា​ លោក​បានឃើញ​ប្រទេស​កម្ពុជា​មាន ការ​រីកចម្រើន​ខ្លាំង​។ លោក​បាន​យល់ស្រប​ទៅ​នឹង​ការ​លើកឡើង​ពី​ភាព​រីកចម្រើន​ និង​កើនឡើង​នូវ​ទំហំ​វិនិយោគ​ផ្ទាល់​របស់​ជប៉ុន​នៅ​កម្ពុជា​ ពោល​គឺ​បាន​កើនឡើង​ចំនួន៣៤ភាគរយ​ បើ​ធៀប​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ដែល​ក្នុង​រួមមាន​ដូចជា​វិស័យ​ទេសចរណ៍​ សណ្ឋាគារ​ វិស័យ​កសិកម្ម​ សំណង់​ ការអប់រំ​ និង​សុខាភិបាល​ជដើម​។

ទុនវិនិយោគជប៉ុន

លោក​បាន​បញ្ជាក់​ថា​ “ក្រោយពេល​វិលត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ​ លោក​នឹង​ព្យាយាម​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ ដល់​បណ្តា​ក្រុមហ៊ុន​នានា​នៅក្នុង​ប្រទេស​ជប៉ុន​ ដើម្បី​ជំរុញ​ឱ្យ​មានការ​វិនិយោគ​បន្ថែម​ទៀត​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here