ដោយ វុត្ថា
ប្រទេសថៃ៖ រដ្ឋាភិបាលថៃគ្រោងសម្ពោធសាងសង់ផ្លូវដែកជាលើកដំបូង នៅក្នុងខេត្តឈៀងម៉ៃរបស់ប្រទេសថៃ ដែលគ្រោងចំណាថវិការប្រមាណ៣០ពាន់លានបាតដើម្បីឆ្លើយតបទៅនឹងការដឹកជញ្ជូន និងការធ្វើដំណើរកើនឡើងនៅក្នុងខេត្តនេះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post កាលពីថ្ងៃពុធកន្លងមកនេះបានឱ្យដឹងថា អាជ្ញាធរដឹកជញ្ជូនថៃ កាលពីថ្ងៃពុធកន្លងមកនេះ បានរៀបចំផ្សព្វផ្សាយជាសាធារណៈ លើគម្រោងសាងសង់ផ្លូវដែកជាលើកដំបូង នៅក្នុងខេត្តឈៀងម៉ៃដោយ ; រំពឹងថា គម្រោងនេះនឹងរៀបចំរួចរាល់ សម្រាប់ឱ្យមានការអនុម័តជាផ្លូវការនៅដើមឆ្នាំក្រោយនេះ ពីសំណាក់គណរដ្ឋមន្ត្រីនៃរដ្ឋាភិបាលថៃ។
លោក Pakapong Sirikantaramas ប្រធានអជ្ញាធរដឹកជញ្ជូនផ្លូវដែកថៃ បានឱ្យដឹងថា ការសាងសង់គម្រោងផ្លូវដែកនេះ នឹងចប់សព្វគ្រប់នៅក្នុងឆ្នាំ២០២៧ ដើម្បីផ្តល់ជូននៅជម្រើសថ្មីៗបន្ថែមទៀត សម្រាប់អ្នកធ្វើដំណើរក្នុងខេត្តឈៀងម៉ៃ។ លោកបន្តថា ផ្លូវដែកនេះមានចំងាយ១២គីឡូ ដោយរត់ចាប់ពីមន្ទីរពេទ្យ Nakhon Ping ទៅផ្លូវប្រសព្វ Mae Hia ដែលមានផ្លូវដែកខ្លះរត់នៅក្រោមដី។
តម្លៃនៃការសាងសាង់ផ្លូវដែកនេះ តាមគម្រោងប៉ាន់ស្មាននឹងត្រូវចំណាយថវិកាប្រមាណ ៣០ពាន់លានបាត ។
បើតាមលោក Pakapong នៅក្នុងក្រុងឈៀងម៉ៃនេះ អាចនឹបន្ថែមផ្លូវដែកចំនួន២ ខែ្សទៀត អាស្រ័យលើភាពជោគជ័យនៃគម្រោងទី១នេះ។ ការបន្ថែមផ្លូវដែកពីរខ្សែបន្ថែមទៀតនេះមាន១២គីឡូម៉ែត្រ ពីតំបន់សួនសត្វឈៀងម៉ៃ (Chiang Mai Zoo) ទៅកាន់ផ្លូវប្រសព្វ Sri Bua Nhern Pattana និងមួយទៀតមាន១១គីឡូម៉ែត្រ ពីតំបន់ផ្លូវប្រសព្វ Ruam Choke ទៅកាន់ព្រលានយន្តហោះឈៀងម៉ៃ៕