ដោយនៅ វឌ្ឈនា
ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគបើករោងចក្រចំនួន២៣ទៀត សរុបទុនវិនិយោគជាង១២៨លានដុល្លារនៅខែកក្កដា ឆ្នាំ២០១៩កន្លងមកនេះ និងបង្កើតការងាររាប់ម៉ឺនកន្លែងជូនដល់ពលរដ្ឋកម្ពុជា។
យោងតាម Facebook របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេលពេញ១ខែ ក្នុងខែកក្កដា ឆ្នាំ២០១៩ ខ្លួនបានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន២៣ ដែលភាគច្រើនជាក្រុមហ៊ុនចម្រុះរួមមាន រោងចក្រកាត់ដេរ រោងចក្រអេឡិកត្រូនិក រោងចក្រផលិតឥដ្ឋ រោងចក្រផលិតបន្ទះសូឡា រោងចក្រផលិតក្តារបន្ទះជាដើម៕






