ដោយៈ រ៉ាណេត
កោះកុងៈ ស្ថិតនៅជាប់តំបន់ឆ្នេរ ខេត្តកោះកុងបច្ចុប្បន្នកំពុងតែប្រែក្លាយមុខមាត់ក្រោមការអភិវឌ្ឍពីសំណាក់អជ្ញាធរ និងការចូលវិនិយោគយ៉ាងគំហុកពីសំណាក់ក្រុមហ៊ុនឯកជនទៅលើវិស័យអចលនទ្រព្យ និងទេសចរណ៍។
ដោយៈ រ៉ាណេត
កោះកុងៈ ស្ថិតនៅជាប់តំបន់ឆ្នេរ ខេត្តកោះកុងបច្ចុប្បន្នកំពុងតែប្រែក្លាយមុខមាត់ក្រោមការអភិវឌ្ឍពីសំណាក់អជ្ញាធរ និងការចូលវិនិយោគយ៉ាងគំហុកពីសំណាក់ក្រុមហ៊ុនឯកជនទៅលើវិស័យអចលនទ្រព្យ និងទេសចរណ៍។
ជាក់ស្ដែងពេលនេះ អជ្ញាធរក្នុងតំបន់បាន និងកំពុងព្យាយាមកែច្នៃតំបន់មួយចំនួនឱ្យក្លាយជាមណ្ឌលទេសចរណ៍ដ៏ទាក់ទាញ។
អភិបាលនៃគណៈអភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះ ថា នៅខេត្តកោះកុង តំបន់ដែលមានភាពទាក់ទាញលើវិស័យទេសចរណ៍គឺតំបន់ព្រៃកោងកាង និងតំបន់ឆ្នេរ ដែលខាងរដ្ឋបាលខេត្ត កំពុងតែយកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍ។ លោកជំទាវបានមានប្រសាសន៍បន្តទៀតថា អាស្រ័យដោយមើលឃើញពីសក្ដានុពលនៃតំបន់ទាំងនេះ បច្ចុប្បន្នរដ្ឋបាលខេត្តបានព្យាយាមអូសទាញវិស័យឯកជន ពាក់ព័ន្ធនឹងវិស័យនេះចូលរួមជាមួយគ្នា។
តំបន់ដែលមានសក្ដានុពល ប្រចាំខេត្តកោះកុងរួមមាន ដូចជា ឆ្នេរចាំយាម ឆ្នេរប៉ាក់ខ្លង ចេតិយឃុនឆាងឃុនផែន តំបន់តាតៃ តំបន់ស្ទឹងអារ៉ែង តំបន់ជីផាត តំបន់ឆ្នេរនេសាទ តំបន់ឆ្នេរតារាសាគរ តំបន់កោះ រួមជាមួយនឹងតំបន់ព្រៃកោងកាង ស្ថិតនៅក្នុងស្រុកមណ្ឌលសីមា ដែលកំពុងមានការអភិវឌ្ឍខ្លាំងក្នុងវិស័យមួយនេះ។
លោកជំទាវមិថុនា ភូថង បានមានប្រសាសន៍ថា តំបន់ទេសចរណ៍ព្រៃកោងកាង ដែលស្ថិតនៅក្នុងស្រុកមណ្ឌលសីលា បច្ចុប្បន្នរដ្ឋបាលខេត្តកំពុងតែយកចិត្តទុកដាក់អភិវឌ្ឍបន្ថែម ដើម្បីឱ្យមានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលសូម្បីតែផ្លូវក៏មានការកែលម្អរបន្ថែម និងការដាំដើមឈើ ជាពិសេសប្រភេទរុក្ខជាតិមានផ្កាដែលទាក់ទាញ។ លោកជំទាវបានបញ្ជាក់ថា “ក្រៅពីរៀបចំហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវជាដើម ពេលនេះអជ្ញាធរបានបង្កើតកម្មវិធីដាំដើមឈើ ដែលមានផ្កាលម្អ ដូចជា តំបន់ផ្កាសាគូរ៉ា និងតំបន់ផ្កាត្របែកព្រៃ ដែលទើបតែចុះដាំកាលពីកាលពីចុងសប្ដាហ៍កន្លងទៅនេះ។
លោកជំទាវបានបង្ហាញពីក្ដីរំពឹងថា បន្ទាប់ពីមានការអភិវឌ្ឍបន្ថែម តំបន់ទេសចរណ៍នានានៅក្នុងខេត្តកោះកុងពិតជាមានភាពទាក់ទាញខ្លាំង។
ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា លោកជំទាវឆាយ ស៊ីវលីន បានមានប្រសាសន៍តាមទូរស័ព្ទ កាលពីព្រឹកថ្ងៃជាមួយគ្នាននេះផងដែរថា ខេត្តកោះកុងមានភាពទាក់ទាញច្រើន បើទោះជាការចូលរួមពីសំណាក់ វិស័យឯកជននៅមានកម្រិតក៏ដោយ។
លោកជំទាវបានបន្តទៀតថា “កោះកុងមានភាពទាក់ទាញខ្លាំង រាប់ចាប់តាំងពីផ្លូវដែលពោរពេញ ទៅដោយសម្រស់ធម្មជាតិយ៉ាងអស្ចារ្យខុសប្លែកពីខេត្តដទៃ។
លោកជំទាវបានបន្តទៀតថា ខេត្តសម្បូរទៅដោយ ព្រៃភ្នំ ជ្រោះ ព្រែក តំបន់សហគមន៍ និងតំបន់ឆ្នេរជាដើម។ នៅក្នុងគម្រោងមេរបស់ក្រសួងទេសចរណ៍បានកំណត់រួចហើយថា នៅពេលខាងមុខនេះ នឹងធ្វើឱ្យកោះកុងក្លាយជាទីក្រុងទេសចរណ៍ដ៏ធំប្រចាំប្រទេស ជាពិសេសក្រោយពេលព្រលានយន្តហោះ ដែលស្ថិតនៅក្នុងក្រុងចាប់ផ្ដើមដំណើរ។
ខេត្តកោះកុង បច្ចុប្បន្នបានក្លាយជាគោលដៅវិនិយោគ របស់បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើន ជាពិសេសពីសំណាក់ក្រុមហ៊ុនចិន តែម្ដងទៅលើវិស័យអចលនទ្រព្យ ។ បន្ថែមពីនេះដើម្បីលើកស្ទួយ និងបង្កើនសក្ដានុពលនៅក្នុងខេត្តមួយនេះ រដ្ឋាភិបាលបានសម្រេចសាងសង់ និងកែលម្អរឡើងវិញនូវព្រលានយន្តហោះចំនួន២ ដើម្បីជួយសម្រួលដល់វិស័យដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមការព្យាករណ៍ថា ខេត្តមួយនេះនឹងមានសកម្មភាពខ្លាំងលើផ្នែកទេសចរណ៍៕