កោះកុង​ទឹកដី​នៃ​សក្តានុពល​ទេសចរណ៍ធម្មជាតិ និង​ការកែច្នៃ

0
កោះកុង​ទឹកដី​នៃ​សក្តានុពល​ទេសចរណ៍ធម្មជាតិ និង​ការកែច្នៃ

ដោយៈ រ៉ា​ណេ​ត

កោះកុងៈ ស្ថិត​នៅជាប់​តំបន់ឆ្នេរ ខេត្តកោះកុង​បច្ចុប្បន្ន​កំពុងតែ​ប្រែក្លាយ​មុខមាត់​ក្រោម​ការអភិវឌ្ឍ​ពី​សំណាក់​អជ្ញាធរ និង​ការចូល​វិនិយោគ​យ៉ាងគំហុក​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​ទៅលើ​វិស័យ​អចលនទ្រព្យ និង​ទេសចរណ៍។

កោះកុង​ទឹកដី​នៃ​សក្តានុពល​ទេសចរណ៍ធម្មជាតិ និង​ការកែច្នៃ

ជាក់ស្ដែង​ពេលនេះ អជ្ញាធរ​ក្នុង​តំបន់​បាន និង​កំពុង​ព្យាយាម​កែច្នៃ​តំបន់​មួយចំនួន​ឱ្យ​ក្លាយជា​មណ្ឌល​ទេសចរណ៍​ដ៏​ទាក់ទាញ។

អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកោះកុង លោកជំទាវ មិថុនា ភូ​ថង បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះ ថា នៅ​ខេត្តកោះកុង តំបន់​ដែលមាន​ភាព​ទាក់ទាញ​លើ​វិស័យ​ទេសចរណ៍​គឺ​តំបន់​ព្រៃកោងកាង និង​តំបន់ឆ្នេរ ដែល​ខាង​រដ្ឋបាលខេត្ត កំពុងតែ​យកចិត្តទុកដាក់​ខ្លាំង​ក្នុងការ​អភិវឌ្ឍ។ លោកជំទាវ​បាន​មានប្រសាសន៍​បន្តទៀតថា អាស្រ័យ​ដោយ​មើលឃើញ​ពី​សក្ដានុពល​នៃ​តំបន់​ទាំងនេះ បច្ចុប្បន្ន​រដ្ឋបាលខេត្ត​បាន​ព្យាយាម​អូសទាញ​វិស័យ​ឯកជន ពាក់ព័ន្ធ​នឹង​វិស័យនេះ​ចូលរួម​ជាមួយគ្នា។

តំបន់​ដែលមាន​សក្ដានុពល ប្រចាំខេត្ត​កោះកុង​រួមមាន ដូចជា ឆ្នេរ​ចាំ​យាម ឆ្នេរ​ប៉ាក់​ខ្លង ចេតិយ​ឃុន​ឆាង​ឃុន​ផែន តំបន់​តា​តៃ តំបន់​ស្ទឹង​អា​រ៉ែ​ង តំបន់​ជី​ផាត តំបន់ឆ្នេរ​នេសាទ តំបន់ឆ្នេរ​តារា​សាគរ តំបន់​កោះ រួមជាមួយ​នឹង​តំបន់​ព្រៃកោងកាង ស្ថិតនៅក្នុង​ស្រុក​មណ្ឌល​សីមា ដែល​កំពុងមាន​ការអភិវឌ្ឍ​ខ្លាំង​ក្នុង​វិស័យ​មួយ​នេះ។

លោកជំទាវ​មិថុនា ភូ​ថង បាន​មានប្រសាសន៍ថា តំបន់​ទេសចរណ៍​ព្រៃកោងកាង ដែល​ស្ថិតនៅ​ក្នុងស្រុក​មណ្ឌល​សីលា បច្ចុប្បន្ន​រដ្ឋបាលខេត្ត​កំពុងតែ​យកចិត្តទុកដាក់​អភិវឌ្ឍ​បន្ថែម ដើម្បី​ឱ្យមាន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​សូម្បីតែ​ផ្លូវ​ក៏មាន​ការកែលម្អរ​បន្ថែ​ម និង​ការដាំ​ដើមឈើ ជាពិសេស​ប្រភេទ​រុក្ខជាតិ​មាន​ផ្កា​ដែល​ទាក់ទាញ។ លោកជំទាវ​បាន​បញ្ជាក់ថា “ក្រៅពី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវ​ជាដើម ពេលនេះ​អជ្ញាធរ​បាន​បង្កើត​កម្ម​វិធី​ដាំ​ដើមឈើ ដែលមាន​ផ្កា​លម្អ ដូចជា តំបន់​ផ្កា​សាគូ​រ៉ា និង​តំបន់​ផ្កាត្របែកព្រៃ ដែល​ទើបតែ​ចុះ​ដាំ​កាលពី​កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ។

លោកជំទាវ​បានបង្ហាញ​ពី​ក្ដី​រំពឹងថា បន្ទាប់ពី​មានការ​អភិវឌ្ឍ​បន្ថែម តំបន់​ទេសចរណ៍​នានា​នៅក្នុង​ខេត្តកោះកុង​ពិតជា​មាន​ភាព​ទាក់ទាញ​ខ្លាំង។

ប្រធាន​សមាគម​ភ្នាក់ងារទេសចរណ៍​កម្ពុជា លោកជំទាវ​ឆាយ ស៊ីវ​លីន បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃ​ជាមួយគ្នា​ន​នេះ​ផងដែរ​ថា ខេត្តកោះកុង​មាន​ភាព​ទាក់ទាញ​ច្រើន បើទោះជា​ការចូលរួម​ពី​សំណាក់ វិស័យ​ឯកជន​នៅមានកម្រិត​ក៏ដោយ។

លោកជំទាវ​បាន​បន្តទៀតថា “កោះកុង​មាន​ភាព​ទាក់ទាញ​ខ្លាំង រាប់​ចាប់តាំងពី​ផ្លូវ​ដែល​ពោរពេញ ទៅដោយ​សម្រស់​ធម្មជាតិ​យ៉ាង​អស្ចារ្យ​ខុសប្លែក​ពី​ខេត្ត​ដទៃ។

កោះកុង​ទឹកដី​នៃ​សក្តានុពល​ទេសចរណ៍ធម្មជាតិ និង​ការកែច្នៃ

លោកជំទាវ​បាន​បន្តទៀតថា ខេត្ត​សម្បូរ​ទៅដោយ ព្រៃភ្នំ ជ្រោះ ព្រែក តំបន់​សហគមន៍ និង​តំបន់ឆ្នេរ​ជាដើម។ នៅក្នុង​គម្រោង​មេ​របស់​ក្រសួងទេសចរណ៍​បានកំណត់​រួចហើយ​ថា នៅពេល​ខាងមុខនេះ នឹង​ធ្វើឱ្យ​កោះកុង​ក្លាយជា​ទីក្រុង​ទេសចរណ៍​ដ៏​ធំ​ប្រចាំ​ប្រទេស ជាពិសេស​ក្រោយពេល​ព្រលានយន្តហោះ ដែល​ស្ថិតនៅក្នុង​ក្រុង​ចាប់ផ្ដើម​ដំណើរ។

ខេត្តកោះកុង បច្ចុប្បន្ន​បានក្លាយ​ជា​គោលដៅ​វិនិយោគ របស់​បណ្តា​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​ជាច្រើន ជាពិសេស​ពី​សំណាក់​ក្រុមហ៊ុន​ចិន តែម្ដង​ទៅលើ​វិស័យ​អចលនទ្រព្យ ។ បន្ថែម​ពីនេះ​ដើម្បី​លើកស្ទួយ និង​បង្កើន​សក្ដានុពល​នៅក្នុង​ខេត្ត​មួយ​នេះ រដ្ឋាភិបាល​បានសម្រេច​សាងសង់ និង​កែលម្អរ​ឡើងវិញ​នូវ​ព្រលានយន្តហោះ​ចំនួន២ ដើម្បី​ជួយ​សម្រួល​ដល់​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ក្រោម​ការព្យាករណ៍​ថា ខេត្ត​មួយ​នេះ​នឹងមាន​សកម្មភាព​ខ្លាំង​លើ​ផ្នែក​ទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here