ដោយ វុត្ថា
ភ្នំពេញៈ អនុលោមតាមមាត្រា៣២ នៃច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ១៩៩៥ កម្មសិទ្ធិករនៃដីធ្លីជាប់ពន្ធ មានភារកិច្ចត្រូវគណនាប្រាក់ពន្ធ tax computation តាមគំរូលិខិតប្រកាសបង់ពន្ធ tax declaration form និងត្រូវបង់ប្រាក់ពន្ធ យ៉ាងយឺតបំផុតនៅថ្ងៃទី៣០ខែកញ្ញា នៃឆ្នាំនីមួយៗ ជូនទៅផ្នែកពន្ធនៅកន្លែងដែលដីធ្លីជាប់ពន្ឋស្ថិតនៅ។
កម្មសិទ្ធិករនៃដីធ្លីជាប់ពន្ធនីមួយៗ ត្រូវធ្វើលិខិតប្រកាស១ច្បាប់។ ប៉ុន្ដែសេចក្ដីជូនដំណឹងលេខ ០១០ សហវ.ប្រក.ពដ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០០៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពី ការគ្រប់គ្រងប្រមូល ពន្ធលើដីធ្លីមិនបានប្រើប្រាស់បានណែនាំឱ្យកម្មសិទ្ធិករជាប់ពន្ធនីមួយៗ ដាក់លិខិតប្រកាសពន្ធចំនួន០២ច្បាប់ និង គណនាប្រាក់ពន្ធដោយខ្លួនឯង ហើយត្រូវបង់ពន្ធឱ្យចប់សព្វគ្រប់យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំសារ- ពើពន្ធនីមួយៗ ជូនទៅសាខាពន្ធដារខេត្ដ-ក្រុងដែលដីធ្លីនោះស្ថិតនៅ។
ឧទាហរណ៍ ៖ ប្រសិនបើដីធ្លីជាប់ពន្ធ មានទីតាំងស្ថិតនៅក្នុងក្រុងសៀមរាប កម្មសិទ្ធិករនៃដីធ្លីជាប់ពន្ធទាំងនោះ ត្រូវដាក់លិខិតប្រកាសពន្ធ និងត្រូវបង់ពន្ធជូន សាខាពន្ធដារខេត្ដសៀមរាប។
ទាក់ទងនឹងលិខិតប្រកាសពន្ធខាងលើ ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ១៩៩៥ តម្រូវឱ្យធ្វើចំនួន០១ច្បាប់។ រីឯសេចក្ដីជូនដំណឹងលេខ ០១០ សហវ.ប្រក.ពដ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០០៧ ណែនាំឱ្យ ធ្វើជា០២ ច្បាប់។ តើកម្មសិទ្ធិករជាប់ពន្ធត្រូវធ្វើលិខិតប្រកាសពន្ធតែមួយច្បាប់ ឬពីរច្បាប់?។
ប្រសិនបើផ្អែកតាម វិធាននៃឋានានុក្រម នៃលិខិតបទដ្ឋានគតិយុត្ដ ច្បាប់មានអានុភាពខ្ពស់ជាង។ ដោយឡែកសេចក្ដី ជូន ដំណឹង គឺគ្រាន់តែជាការជូនដំណឹងមួយប៉ុណ្ណោះ ប៉ុន្ដែវាបង្កើតនូវគោលការណ៍ នៃការអនុវត្ដជាក់ស្ដែងហើយ ទើបតែត្រូវ បានបង្កើតឡើងនាពេលក្រោយនេះមកទេ។
យោងតាមមាត្រា១៣១ និងមាត្រា១៣២ នៃច្បាប់ស្ដីពីសារពើពន្ធឆ្នាំ១៩៩៧បុគ្គលដែលមានការធ្វេស ប្រហែសមិនបានដាក់លិខិតប្រកាសពន្ធ ឬមិនបានបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវទទួលរងពិន័យជាការបង់ប្រាក់ពន្ធបន្ថែមស្មើនឹង ១០% ២៥% និង ៤០% នៃចំនួនប្រាក់ពន្ធដែលបង់ខ្វះ បូកបន្ថែមការប្រាក់២% នៃចំនួន ប្រាក់ពន្ធ ដែលបង់ខ្វះសម្រាប់ខែនីមួយៗ ឬចំណែកនៃខែ ដែលចំនួនប្រាក់ពន្ធខ្វះមិនទាន់បានបង់៕