ដោយៈ រ៉ាណេត
ស្ទឹងត្រែងៈ អាជ្ញាធរខេត្តស្ទឹងត្រែង បានស្នើឲ្យឥណ្ឌូនេស៊ីជួយអភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្នុងខេត្ត ដោយសារស្ទឹងត្រែងជាខេត្តមួយ ដែលមានសក្ដានុពលលើវិស័យទេសចរណ៍ធម្មជាតិប្រចាំតំបន់ភូមិភាគឦសាន ជាពិសេសលើវិស័យអេកូរទេសចរណ៍តែម្ដង ។

-->
ក្នុងជំនួបជាមួយលោកឯកអគ្គរដ្ឋប្រទេសទូតឥណ្ឌូនេស៊ីលោក ស៊ូឌីរម៉ាន់ ហាសែង (SUDIRMAN HASENG) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០០១៩កន្លងមក អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានស្នើសុំភាគីឥណ្ឌូនេស៊ី ឱ្យជួយជំរុញការវិនិយោគិនពីប្រទេសឥណ្ឌូនេស៊ី ចូលមកវិនិយោគក្នុងខេត្តស្ទឹងត្រែង លើវិស័យនានាឱ្យបានច្រើន ជាពិសេសវិស័យទេសចរណ៍ ដើម្បីផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចក្នុងខេត្តទាំងមូលឱ្យកាន់តែមានភាពល្អប្រសើរ។
នៅក្នុងឱកាសជួបសំណេះសំណាលការងារជាមួយ ការងារវិនិយោគពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយពន្លឿនដល់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងខេត្តនិមួយៗឱ្យមានភាពរីកចំរើន។
លោកអភិបាលខេត្តបានបន្តទៀតថា ក្នុងនាមជាអាជ្ញាធរក្នុងតំបន់ សុំឱ្យស្នើដល់លោក ស៊ូឌីរម៉ាន់ ហាសែង ជួយស្វែងរកក្រុមហ៊ុនជាដៃគូ នៅក្នុងប្រទេសឥណ្ឌូនេស៊ីមកធ្វើការវិនិយោគលើវិស័យមួយចំនួន ដែលមានសក្ដានុពលប្រចាំខេត្ត ដូចជាវិស័យកសិកម្ម និងទេសចរណ៍ជាដើម។
ជាមួយគ្នានេះលោកបានចាត់ទុកថា ជំនួបរវាងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីពិតជាមានសារៈសំខាន់ណាស់ និងជាប្រវត្តិសាស្ត្រសម្រាប់ខេត្ត ដោយបានរម្លឹកឡើវវិញផងដែរអំពីកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ តាមរយៈវិស័យពាណិជ្ជកម្ម និងវប្បធ៌ម កាលពីពេលកន្លងទៅ។
ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា លោក ស៊ូឌីរម៉ាន់ ហាសែង បានលើកឡើងថា លោកនឹងរៀបចំកម្មវិធីទស្សនកិច្ចសិក្សា ដោយអញ្ជើញថ្នាក់ដឹកនាំ និងក្រុមអ្នកវិនិយោគពីកម្ពុជា ទៅទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី។ លោកបានបញ្ជាក់ថា តាមរយៈកម្មវិធីមួយនេះ គឺជាឱកាសល្អសម្រាប់កម្ពុជាទាក់ទាញវិនិយោគិនឥណ្ឌូនេស៊ីមកដាក់ទុនវិនិយោគនៅខេត្តស្ទឹងត្រែងលើវិស័យណាមួយ ក៏ដូចជាផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើការងារអភិវឌ្ឍន៍ និងវិនិយោគរវាងកម្ពុជា និងឥណ្ឌូនេស៊ីផងដែរ៕