ដោយ វុត្ថា,ប្រើប្រាស់ប្រាក់ដុល្លារមានភាពទូលំទូលាយនៅកម្ពុជា
ភ្នំពេញៈ ប្រើប្រាស់ប្រាក់ដុល្លារមានភាពទូលំទូលាយនៅកម្ពុជា បណ្តាលមកពីកត្តា ៤យ៉ាងដូចជា កត្តាប្រវត្តិសាស្ត្រ កត្តានយោបាយ កត្តាសេដ្ឋកិច្ច និងកត្តាសង្គម។
បន្ទាប់ពីធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងសាជាថ្មីនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ធនាគារជាតិនៃកម្ពុជា ក៏បានបោះផ្សាយប្រាក់រៀលជាតិឡើងវិញនៅថ្ងៃ ទី២០ ខែមីនា ឆ្នាំ១៩៨០ ប៉ុន្តែភាពជឿជាក់ និងជំនឿទុកចិត្តរបស់សាធារណជនមកលើប្រាក់រៀល នៅមានកម្រិត និងផុយស្រួយនៅឡើយ ក្រោយពីសង្គ្រាមទើបត្រូវបានបញ្ចប់ភ្លាម។
នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNTAC) បានមកកាន់ប្រទេសកម្ពុជា ដើម្បីរៀបចំការបោះឆ្នោតជាតិជាលើកទីមួយ ។ ក្នុងអំឡុងពេលនោះប្រាក់ដុល្លារយ៉ាងច្រើនសន្ធឹកសន្ធាប់ ត្រូវបានយកមកប្រើប្រាស់ សម្រាប់ការទូទាត់ក្នុងសេដ្ឋកិច្ចកម្ពុជា។
ប្រជាជនកម្ពុជា បានចាប់ផ្តើមស្គាល់ពីតម្លៃរបស់ប្រាក់ដុល្លារ ហើយបានប្រើប្រាស់កាន់តែច្រើនឡើងៗ ក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងជំនួញ ។ ដោយការរក្សាបាននូវស្ថិរភាព និងការបើកចំហនៃសេដ្ឋកិច្ច សកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគបរទេសបានកើនឡើងជាបន្តបន្ទាប់ និងបានជំរុញដល់ការរីកចម្រើនសេដ្ឋកិច្ច។
ជាលទ្ធផល ប្រាក់ដុល្លារទទួលបានការពេញនិយមកាន់តែច្រើន និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ សម្រាប់ស្ទើរគ្រប់សកម្មភាពជំនួញ ជាពិសេសប្រតិបត្តិការដែលមានទំហំទឹកប្រាក់ធំ និងនៅតាមទីប្រជុំជន។ ទោះជាយ៉ាងណាក៏ដោយផ្អែកតាមការស្ទាបស្ទង់មតិមួយចំនួនបានបង្ហាញថា ប្រាក់រៀលជាតិត្រូវបានប្រើប្រាស់យ៉ាងសកម្មនៅតាមទីជនបទ និងក្នុងប្រតិបត្តិការដែលមានទំហំទឹកប្រាក់តូច សម្រាប់ជាមធ្យោបាយទូទាត់ សន្សំ និងផ្តល់ឥណទាន។
តម្រូវការប្រាក់រៀលមានការកើនឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ និងកំពុងបន្តកើនឡើងបន្ថែមទៀត ដោយសារទទួលបានទំនុកចិត្តពីសាធារណៈជនកាន់តែច្រើន៕