ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា នៅឆ្នាំ ២០១៨កម្ពុជាបាននាំចេញទៅប្រទេសជប៉ុនមានទំហំទឹកប្រាក់ប្រមាណ ១៦០០លានដុល្លាអាមេរិក។ តែសម្រាប់នៅក្នុងឆ្នាំ ២០១៩នេះវិញ រយៈពេលត្រឹមតែ ៥ខែប៉ុណ្ណោះ ទំហំពាណិជ្ជកម្មកម្ពុជានាំចេញទៅជប៉ុនបានកើនឡើងដល់ ១៧០០លានដុល្លារសហរដ្ឋអាមេរិក ។

-->
សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ហ៊ីដេហ៊ីសា អូរីណូអ៊ូជី (Hidehisa Hironouchi) ឯកអគ្គរាជទូតជប៉ុន ដែលត្រូវចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ថា នេះគឺជាជោគជ័យដ៏ធំនៅក្នុងបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរាជទូតក្នុងការពង្រឹងទំនាក់ទំនង ហើយជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលជាមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សម្ដេចតេជោបន្តថា ជាការពិតការវិនិយោគ ពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍ដែរ បានកើនឡើងយ៉ាងខ្លាំងនោះសោតគឺទទួលបានអំពីការប្រឹងប្រែងរបស់ ឯកឧត្តមអគ្គរាជទូតជប៉ុននៅព្រះរាជាណាចក្រកម្ពុជា ចូលរួមចំណែកយ៉ាងធំ នៅក្នុងបញ្ហានេះ ជាក់ស្ដែងជាលទ្ធផលនៃការវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាលពីឆ្នាំ ២០១៨ ជប៉ុននាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ប៉ុន្មាន ៤៤០លានដុល្លារតែប៉ុណ្ណោះប៉ុន្តែនៅឆ្នាំ២០១៩នេះ ក្នុងរយៈពេលត្រឹមតែ៥ខែប៉ុណ្ណោះ ជប៉ុនបាននាំចូលមកកម្ពុជាយើងចំនួន ៤៤០លានដុល្លារស្រេចទៅហើយ។
លោក ហ៊ីដេហ៊ីហ្សា ឯកអគ្គរាជទូតជប៉ុនបានឱ្យដឹងដែរថា ក្នុងរយៈពេល៣ឆ្នាំ ក្នុងការបំពេញបេសកកម្មការទូត នៅរាជាណាចក្រកម្ពុជា សេដ្ឋកិច្ចកម្ពុជា បានរីកចម្រើន និងអភិវឌ្ឍយ៉ាងឆាប់រហ័សជាទីបំផុតក្នុងនោះមានកំណើនយ៉ាងខ្លាំងលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។

លោក ហ៊ីដេហ៊ីហ្សា ឯកអគ្គរាជទូតជប៉ុននឹងចាកចេញពីរាជធានីភ្នំពេញនៅពីរសប្តាហ៍ទៀត ហើយឆ្ពោះទៅកាន់ប្រទេសហូឡង់ ដើម្បីទទួលតួនាទីថ្មីជា ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហូឡង់៕