ដោយ ៖ រ៉ាណេត
ប៉ោយប៉ែត ៖ ទើបតែមានការប្រកាសបើកដំណើរការជាផ្លូវការណ៍ផ្សារទំនើបដ៏ធំ និងលើកដំបូងគេបង្អស់នៅលើទឹកដីក្រុងប៉ោយប៉ែតនាដំណាច់ឆ្នាំ២០១៩ ពេលនេះមានក្រុមហ៊ុនអភិវឌ្ឍផ្សារទំនើបធំៗចំនួន២បន្ថែមទៀត ដែលមានប្រភពដើមនៅប្រទេសថៃ គ្រោងនឹងបោះទុនវិនិយោគរាប់សិបលានដុល្លារ បង្កើតសាខារបស់ខ្លួនព្រមគ្នាក្នុងពេលតែមួយ។
តាមការឱ្យដឹងពីសំណាក់មន្ត្រីដែលបម្រើការងារនៅក្រុងប៉ោយប៉ែតបានបង្ហើបប្រាប់តាមទូរស័ព្ទក្នុងល័ក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នេះថា មិនយូរទៀតនោះទេ ក្រោយពេលដែលផ្សារទំនើបដំបូងគេនៅក្នុងក្រុងប៉ោយប៉ែត ដែលមានឈ្មោះថា Big C ប្រកាសសម្ពោធបើកដំណើរការជាផ្លូវការនៅដំណាច់ខែវិច្ឆិកា ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ នឹងមានវត្តមានក្រុមហ៊ុនអភិវឌ្ឍផ្សារទំនើបធំៗចំនួន២ ទៀតមកពីប្រទេសថៃ គ្រោងបោះទុនវិនិយោគនៅក្នុងក្រុងប៉ោយប៉ែតបន្ថែមទៀត។
-->
មន្ត្រីខាងលើនេះបានបន្តឱ្យដឹងទៀតថា បើតាមគម្រោង ផ្សារទំនើបធំៗដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេសថៃទាំង២នេះ មានឈ្មោះ Star Plaza និងផ្សារ Macro ដែលមានទឹកប្រាក់វិនិយោគសរុបប្រមាណជិត ១០០ លានដុល្លារ និងចង់ដាក់ទីតាំងរបស់ខ្លួននៅជិតផ្សារទំនើប Big C ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះតែម្ដង។
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Four stars plus Four លោក សួង សុខហ៊ាង ដែលបានធ្វើការជិតស្និទ្ធជាមួយអ្នកវិនិយោគថៃ ទៅលើគម្រោងអភិវឌ្ឍផ្សារទំនើបBig C បានប្រាប់តាមទូរស័ព្ទថា ចំពោះដំណឹងនៃការចូលខ្លួនវិនិយោគបន្ថែមពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍផ្សារទំនើបមកពីប្រទេសថៃ លោកពិតជាធ្លាប់ឮគេនិយាយដូចជាការលើកឡើងខាងលើមែន ប៉ុន្តែមិនច្បាស់ត្រង់ឈ្មោះក្រុមហ៊ុន និងប្រភេទផ្សារនោះទេ។
លោក សួង សុខហ៊ាង បានប្រាប់បន្តទៀតថា “វាមិនមែនជាព័ត៌មានចម្លែកនោះទេ ដែលក្រុមហ៊ុនអន្តរជាតិមានគម្រោងវិនិយោគធំៗចូលមកកាន់ក្រុងប៉ោយប៉ែត”។ លោកបានបន្តថា “ស្រដៀងគ្នានឹងការលើកឡើងរបស់ប្រភពខាងលើនេះ កាលពីពេលថ្មីៗនេះធ្លាប់មានអ្នកជំនាញខាងអភិវឌ្ឍផ្សារទំនើបដ៏ល្បីឈ្មោះប្រចាំនៅប្រទេសថៃឈ្មោះ Star Plaza ចុះមកសិក្សាពីលទ្ធភាពក្នុងការវិនិយោគម្ដងជាពីរដងរួចមកហើយ ប៉ុន្តែនៅមិនទាន់ច្បាស់ការណ៍ថា នឹងចូលមកវិនិយោគពេលណាប្រាកដនោះទេ គ្រាន់តែដឹងថា ទំហំ និងទីតាំងដែលត្រូវធ្វើគឺធំជាងផ្សារទំនើប Big C ប្រមាណជិត៣ដង”។
ជាមួយគ្នានេះ ក្នុងនាមជាអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ និងផ្សារទំនើប លោក សួង សុខហ៊ាង បានបង្ហាញពីកិច្ចស្វាគមន៍ចំពោះវត្តមានថ្មីនៃការចូលមកវិនិយោគពីសំណាក់ក្រុមហ៊ុនអន្តរជាតិធំៗនៅក្នុងក្រុងប៉ោយប៉ែត ដែលវាជាកត្តាមួយជួយជំរុញឱ្យក្រុងមួយនេះកាន់តែមានសក្ដានុពល និងមានកំណើនសេដ្ឋកិច្ចកាន់តែល្អ ដែលស័ក្ដិសមទៅនឹងតំបន់ប៉ូលសេដ្ឋកិច្ចពិសេសរបស់កម្ពុជា ៕
អានបន្ត៖ សារទំនើប Big C តម្លៃជាង ១០លានដុល្លារ នឹងបើកដំណើរការនៅក្រុងប៉ោយប៉ែត នាខែវិច្ឆិកាខាងមុខនេះ