ដោយ Donald Lee
ភ្នំពេញៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលត្រូវបានធ្វើបច្ចុប្បន្នភាពរវាងបណ្តាប្រទេសអាស៊ាន និងចិនគ្រោងនឹងចាប់ផ្តើមនៅខែនេះ។
ក្របខ័ណ្ឌតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិនដើម (ACFTA) ត្រូវបានអនុម័តនៅឆ្នាំ ២០១៥ ចាប់តាំងពីមានកិច្ចព្រម ព្រៀងមក ចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាន ជាមួយនឹងទំហំទឹកប្រាក់ជាង៥៩០ពាន់លានដុល្លារ។ បច្ចុប្បន្នពាណិជ្ជកម្មរបស់ចិនមានទំហំ ២១ភាគរយនៃពាណិជ្ជកម្មអាស៊ានទាំងអស់។
-->
លើសពីនេះទៀត ចិនបានក្លាយជាប្រភពដ៏ធំបំផុតមួយ នៃការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងតំបន់។
យោងតាមរបាយការណ៍វិនិយោគថ្មីរបស់ចិន ដែលចេញផ្សាយដោយធនាគារ Maybank បានឱ្យដឹងថា គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់១ផ្លូវ១ (BRI) របស់ចិនបានចាក់បញ្ចូលទឹកប្រាក់ជាង១១ពាន់លានដុល្លារ ទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ ដែលចំនួននេះ ស្ទើរតែទ្វេដងនៃការវិនិយោគ បើប្រៀបធៀបនឹងឆមាសទី១ឆ្នាំមុនពិធីសារដែលត្រូវបានធ្វើបច្ចុប្បន្នភាព នឹងធ្វើឱ្យងាយស្រួលដល់ច្បាប់នៃប្រភពដើម (ROOs) និងវិញ្ញាបនប័ត្រ នៃនីតិវិធីដើមដើម្បីធានាដល់វិធានការណ៍ សម្រាប់ការលើកកម្ពស់ និងការសម្របសម្រួលការវិនិយោគ ហើយវិនិយោគលើសមត្ថភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច និងភ័ស្តុភារនៅក្នុងបណ្តាប្រទេសអាស៊ាន។
ខណៈសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិននៅតែបន្តកើតឡើង ក្រុមហ៊ុនកាន់តែច្រើន កំពុងផ្លាស់ប្តូរប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ ចេញពីប្រទេសចិនមកកាន់តំបន់អាស៊ីអាគ្នេយ៍។ ពិធីសារស្តីពីពាណិជ្ជកម្ម ដែលបានធ្វើបច្ចុប្បន្នភាពគួរតែជួយទ្រទ្រង់ដើមទុនវិនិយោគរវាងចិន និងអាស៊ីអាគ្នេយ៍ និងផ្តល់ជំនួយដល់ក្រុមហ៊ុនក្នុងការជៀសវាងពន្ធគយថ្លៃដើមនៅពេលនាំចេញទៅសហរដ្ឋអាមេរិក។
ពិធីសារពាណិជ្ជកម្ម ដែលបានធ្វើបច្ចុប្បន្នភាពនេះ ក៏អាចជួយឱ្យកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់អាស៊ានបូក ៦ (RCEP) ទទួលបានសន្ទុះទៅមុខ ហើយអាចនឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ។
អាស៊ាន និងប្រទេសដែលមានសេដ្ឋកិច្ចធំៗទាំងអស់នៅអាស៊ី បានត្រៀមជាស្រេច ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តាមបែបសហភាពអឺរ៉ុប។ ប្លុកពាណិជ្ជកម្មនេះ នឹងរួមបញ្ចូលប្រជាជនពាក់កណ្តាល នៃចំនួនប្រជាជនពិភពលោក និងស្មើនឹង៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក៕
អានបន្ត៖ ការព្យាករណ៍៖ អាស៊ានអាចនឹងក្លាយជាប៉ូលសេដ្ឋកិច្ចធំលំដាប់ទី៤ នៅលើពិភពលោកនៅឆ្នាំ២០៥០