ដោយ ម៉ាណេត
ភ្នំពេញៈ ទិន្នន័យវិភាគនៃតម្លៃនាំចេញបានបង្ហាញថា វិស័យស្បែកជើងទទួលបាននូវកំណើនយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល៥ខែចុងក្រោយនេះ ខណៈសមាគមរោងចក្រកាត់ដេរនៅក្ពុជា (GMAC) បានជំរុញឱ្យសហភាពអឺរ៉ុបបន្តរក្សាកម្មវិធីអនុគ្រោះពន្ធ លើគ្រប់មុខទំនិញលើកលែងតែគ្រឿងសព្វាវុធ (EBA) ដល់កម្ពុជា។
នេះបើយោងតាមរបាយការណ៍ចុងក្រោយ របស់អង្គការកាងារអន្តរជាតិនៅចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៨ ចំណែកទីផ្សារនៃវិស័យស្បែកជើង ក្នុងការនាំចេញផលិតផលកាត់ដេរ វាយនភណ្ឌ និងស្បែកជើង សរុបនៅកម្ពុជាបានកើនឡើង ៤,៤ភាគរយ ខណៈទីផ្សារនៃវិស័យកាត់ដេរបានថយចុះជិត១០ភាគរយ។
-->
របាយការណ៍នេះបានលើកឡើងថា “ការអភិវឌ្ឍនេះបានចោទជាសំណួរថា តើវិស័យស្បែកជើង ផ្តល់ឱកាសថ្មីដល់ការវិនិយោគ និងផលិតកម្មនៅកម្ពុជា។
វិស័យវាយនភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជាបានរក្សាកំនើនទ្វេដង ជាកំនើនដ៏រឹងមាំក្នុងអំឡុងឆ្នាំ២០១៨ ។ ចំណែកទីផ្សាររបស់ខ្លួនក្នុងការនាំចេញទំនិញរបស់កម្ពុជាមានចំនួន ៧៤ភាគរយ។
របាយការណ៍បានបន្តថា “សហគមន៍អ៊ឺរ៉ុប និងអាមេរិកនៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ប្រទេសកម្ពុជា ក្នុងវិស័យនេះដែលមានចំនួន៦៩ភាគរយ នៃការនាំចេញក្នុងវិស័យនេះ។
របាយការណ៍ឲ្យដឹងទៀតថា “ទាំងកម្រិតការងារ និងប្រាក់ឈ្នួលជាមធ្យមបានបញ្ចប់ខ្ពស់ជាងចុងឆ្នាំ២០១។ ការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ចាប់តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ ក្នុងការងារឈរលើលក្ខខណ្ឌរបស់កម្មករក្នុងវិស័យនេះ ដែលពឹងផ្អែកយ៉ាងខ្លាំង ទៅលើអត្រាប្រាក់ឈ្នួលអប្បបរមា បន្តតាមដានពីផលប៉ះពាល់នៃ ប្រាក់ឈ្នួលអប្បបរមានៅតែជាបញ្ហាអាទិភាព។
ស្របពេលនេះផងដែរ សមាគមរោងចក្រកាត់ដេរនៅក្ពុជា (GMAC) បានជំរុញឱ្យសហភាពអឺរ៉ុបបន្តរក្សាកម្មវិធីអនុគ្រោះពន្ធ លើគ្រប់មុខទំនិញលើកលែងតែគ្រឿងសព្វាវុធ (EBA)ដល់កម្ពុជា ដើម្បីផ្តល់ការងារដល់កម្មករ និយោជិតចំនួន ៧៥០០០០ នាក់ និងសុខមាលភាពប្រជាពលរដ្ឋប្រមាណ៣លាននាក់ស្ថិតនៅក្នុងហានីភ័យ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សមាគមរោងចក្រកាត់ដេរនៅម្ពុជា (GMAC)ចេញផ្សាយកាលពីថ្ងៃទី១៣ ខែសីហាកន្លងមកនេះបានឱ្យដឹងថា ប្រទេសកម្ពុជាបានទទួលអត្ថប្រយោជន៍ពីកម្មវិធី EBA តាំងពីឆ្នាំ២០០១ ។ អ្នកដែលទទួលបានអត្ថប្រយោជន៍ចម្បងគឺកម្មករ កម្មការិនី ដែលកំពុងធ្វើការនៅក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (Travel Goods) ក្នុងប្រទេសកម្ពុជា។
ឧស្សាហកម្មទាំងនេះ តំណាងឲ្យប្រមាណ៧៥ភាគរយ នៃការនាំចេញទំនិញសរុបរបស់កម្ពុជា និង៩០ភាគរយ នៃការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប។ ពាណិជ្ជកម្មចំនួន៤,៧៧ ពាន់លានអឺរ៉ូក្នុងឆ្នាំ២០១៨ កើនឡើងចំនួន១០ដង ចាប់ពីកម្មវិធី EBA ត្រូវបានផ្តល់ឱ្យកម្ពុជាដំបូង។
សមាគមរោងចក្រកាត់ដេរនៅម្ពុជា ដែលជាតំណាងរោងចក្រចំនួន៥៨០ នៅកម្ពុជាបានអះអាងបន្តថា ដោយសារតែការគាំទ្ររបស់សហភាពអឺរ៉ុប តាមរយៈកម្មវិធី EBA ប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់បានចេញផុតពីភាពក្រីក្រ និងបានរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេស។
កម្មករចំនួន ៧៥០,០០០នាក់នៅក្នុងឧស្សាហកម្មនេះ តំណាងជាងពាក់កណ្តាលនៃកម្លាំងការងារសរុបក្នុងប្រព័ន្ធរបស់ប្រទេសកម្ពុជា ហើយឧស្សាហកម្មនេះផ្តល់ការគាំទ្រចំណូលផ្ទាល់ដល់គ្រួសារជាង២០ភាគរយ នៃគ្រួសារទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ជាង៨០ភាគរយនៃកម្មកររបស់យើងជាស្ត្រី ហើយពួកគេភាគច្រើនបំផុតមានអាយុក្រោម ៣៥ឆ្នាំ។
សរុបទៅកម្មវិធី EBA មានផលវិជ្ជមានដល់ជីវិត ប្រជាពលរដ្ឋប្រមាណ៣លាននាក់ក្នុងប្រទេសកម្ពុជា។
ជាថ្មីម្តងទៀតសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអះអាងថា ការព្យួរអត្ថប្រយោជន៍ EBA ពីសហភាពអឺរ៉ុប និងបណ្តាលឱ្យមានការបាត់បង់ការងារច្រើននៅក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ហើយនឹងមិនបម្រើគោលបំណងលុបបំបាត់ភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃកម្មវិធី EBA ទេ។
“វានឹងជាលទ្ធផលក្រៀមក្រំនិងគួរឱ្យសោកស្តាយ សម្រាប់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងកម្លាំងការងារដែលបានធ្វើការងារយ៉ាងច្រើន ក្នុងការសហការជាមួយអង្គការ ILO ហើយជាការពិតនៅក្នុងការលើកកម្ពស់តួនាទីរបស់ខ្លួន ក្នុងការតាមដានសិទ្ធិកម្មករ នៅក្នុងប្រទេសកម្ពុជាព្រមទាំងនៅក្នុងប្រទេសដទៃៗទៀត។
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៩ សហភាពអឺរ៉ុប បានចាប់ផ្តើមស៊ើបអង្កេតទៅលើការចោទប្រកាន់ថា មានការរំលោភ បំពានសិទ្ធិមនុស្ស និងសិទ្ធិការងារដោយរដ្ឋាភិបាលកម្ពុជា។ ការស៊ើបអង្កេតនេះ អាចនឹងនាំឱ្យមានការដកកម្មវិធី អនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែគ្រឿងសព្វាវុធ (EBA)ពីកម្ពុជា។
កម្មវិធីនេះ អនុញ្ញាតឱ្យរដ្ឋសមាជិកអឺរ៉ុបនាំចូលផលិតផល (លើកលែងតែគ្រឿងសព្វាវុធ) ដោយរួចពន្ធ និងគ្មានកូតា។ សេចក្តីសម្រេចលើបញ្ហានេះ ត្រូវបានរំពឹងថានឹងត្រូវប្រកាសនៅខែកុម្ភៈ ឆ្នាំ២០២០ ៕
អានបន្ត៖ GMAC ជំរុញសហភាពអឺរ៉ុបរក្សាកម្មវិធីអនុគ្រោះពន្ធ EBA ដើម្បីផ្តល់ជីវភាពកម្មករ និយោជិត ១លាននាក់