រដ្ឋាភិបាល​ត្រៀម​ដី៥០ហិកតា សង់​ស្ថានីយ៍​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ខេត្តសៀមរាប

0

ដោយៈ រ៉ា​ណេ​ត

សៀមរាបៈ ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានសម្រេច​ត្រៀម​ដី​ទំហំ​ប្រមាណ ៥០ហិកតា ដែល​ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ខេត្តសៀមរាប ដើម្បី​សាងសង់​អាង​ស្តុក​និង​ស្ថានីយ៍​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ដើម្បី​បញ្ចៀស​បញ្ហា​ទឹក​កខ្វក់​ចេញពី​ទីក្រុង​ទេសចរណ៍​មួយ​នេះ។

កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ លោក ស៊ុន ចាន់ថុល​បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​សមាសភាព​ក្រុមហ៊ុន​ដៃគូ​អភិវឌ្ឍន៍​នៅក្នុង​វិស័យ​មួយ​នេះ ចុះ​ធ្វើការ​ត្រួតពិនិត្យ​ពី​ស្ថានភាព​ស្ថានីយ​ប្រព្រឹត្តិកម្ម និង​បណ្ដាញ​លូទឹកកខ្វក់ និង​មើល​ពី​សមត្ថភាព​ជាក់ស្ដែង​របស់​អាង​ដែលមាន​ស្រាប់ ធៀប​នឹង​ទំហំ​បរិមាណ​ទឹក​កខ្វក់ ដែល​ប​បញ្ចេញ​ចោល​ពី​ប្រភព​នានា​នៅក្នុង​ខេត្តសៀមរាប សំដៅ​ពង្រីក​សមត្ថ​ភាពជា​បណ្ដើរៗតាម​ផែនការ។

លោក​ស៊ុន ចាន់ថុល បាន​មានប្រសាសន៍ថា “ដោយសារ​ភូមិសាស្ត្រ​ខេត្ត​នេះ អំណោយផល​ល្អ និង​ពោរពេញ​ទៅដោយ​សក្ដានុពល​ទាំង​ផ្នែក​កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ជាពិសេស​វិស័យ​ទេសចរណ៍ បានធ្វើឱ្យ​ខេត្ត​នេះ​មានការ​រីកចម្រើន​យ៉ាងខ្លាំង ដែលជា​ហេតុ​ធ្វើឱ្យ​បរិមាណ​កាកសំណល់​បាន​កើនឡើង​លើសពី​ការរំពឹងទុក។

លោក​បាន​បញ្ជាក់ទៀតថា ក្រសួង​មាន​ទីតាំង និង​ទំហំ​ដី​គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​កាកសំណល់​ទឹក​កខ្វក់​ទាំងនេះ។ ជាក់ស្ដែង យើង​មាន​ទំហំ​ផ្ទៃដី​នៅ​ភាគ​ខាងលិច​ក្រុង​ចំនួន៣៨ហិច​តា ដែល​បាន​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​រួច លើ​ទំហំ​ផ្ទៃដី២០ហិច​តា។ លោក​បន្តទៀតថា ផ្ទៃដី​បម្រុង​នៅ​ភាគ​ខាងកើត​ក្រុង មាន​ចំនួន​ប្រមាណ​ជាង ៥០ហិច​តា ហើយ​លើសពីនេះទៅទៀត ក្រសួង​នឹង​ប្រើប្រាស់​បច្ចេកទេស ដើម្បី​បង្កើន​សមត្ថភាព​បន្សុទ្ធ​ទឹក​កខ្វក់ ឱ្យបាន​ច្រើនជាង​នេះ​ទ្វេដង និង​បូ​ប​ភក់​បាត​អាង​ដើម្បី​ផលិត​ជា​ជីសរីរាង្គ​ផងដែរ។

បច្ចុប្បន្ន​ខេត្តសៀមរាប មាន​ស្ថានីយ៍​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​មួយកន្លែង ដែល​បច្ចុប្បន្ន​សមត្ថភាព​ច្រោះ​កាកសំណល់ ទឹក​កខ្វក់​ចំនួន៨.០០០ម៉ែត្រគូប​ក្នុង​មួយថ្ងៃ និង​មាន​ម៉ាស៊ីន​បូ​ប​ទឹក​កខ្វក់​ចំនួន៣កន្លែង ពោលគឺ​ម៉ាស៊ីន​មេ​មួយកន្លែង និង​ម៉ាស៊ីន​រង​ចំនួន២ ដែលមាន​សមត្ថភាព​បូ​ប​ទឹក ៥៦.៣៨៦ម៉ែត្រគូប​ក្នុង​មួយថ្ងៃ។

លើសពីនេះ​បណ្ដាញ​លូ​គ្រប់គ្រង​ទឹកភ្លៀង និង​ទឹក​កខ្វក់​ជាច្រើន​គីឡូម៉ែត្រ​ត្រូវបាន​សាងសង់​រួច ព្រមទាំង​បាន​ត​ភ្ជាប់​បណ្ដាញ​លូទឹកកខ្វក់ ពី​លំនៅឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ ចូលទៅក្នុង​បណ្ដាញ​លូ​មេ​បាន​មួយចំនួន​ផងដែរ។ ទោះបី​សមត្ថភាព​ផ្ទុក​ទឹក​កខ្វក់​បច្ចុប្បន្ន នៅមានកម្រិត​ក្ដី ក្រសួង​មាន​ផែនការមេ​របស់ខ្លួន ដោយ​បង្កើន​សមត្ថភាព​ច្រោះ​ទឹក​កខ្វក់​ឱ្យដល់​ពី៥០.០០០ម៉ែត្រគូប ទៅ៨០.០០០ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​នៅ​ឆ្នាំ២០៤០ ដោយ​អនុវត្តតាម​ផែនការ​រយៈពេល​ខ្លី មធ្យម និង​វែង ដូច​បានកំណត់​នៅក្នុង​ផែនការមេ៕

អានបន្ត៖ ក្រុមហ៊ុន​ធំ​មួយ​របស់​ចិន​ស្នើសុំ​សិក្សា​លម្អិត​ពី​គម្រោង​ស្ថាបនាប្រព័ន្ធបង្ហូរទឹកនៅ​ក្រុងព្រះសីហនុ

LEAVE A REPLY

Please enter your comment!
Please enter your name here