ដោយ វុត្ថា
ភ្នំពេញៈ នីតិពាណិជ្ជកម្ម គឺជាវិធានទាំងឡាយដែលអនុវត្តន៍ ទៅលើទំនាក់ទំនងរវាងពាណិជ្ជករ និងពាណិជ្ជករ នៅក្នុងសកម្មភាពពាណិជ្ជកម្មរបស់ពួកគេ។
ម្យ៉ាងទៀត នីតិពាណិជ្ជកម្ម គឺជាបណ្ដាវិធានទាំងឡាយណា ដែលទាក់ទងទៅនិងប្រតិបត្តិការ ឬសកម្មភាពពាណិជ្ជកម្ម និងពាណិជ្ជកិច្ចដែលចាត់ចែងឡើង ដោយពាណិជ្ជករដែលជារូបវន្តបុគ្គល និងនីតិបុគ្គល (ក្រុមហ៊ុនពាណិជ្ជកម្ម) ហើយជួនកាលរវាងពាណិជ្ជករ និងពាណិជ្ជករគ្នាឯង និងជួនកាលរវាងសហគ្រិន និងអតិថិជនរបស់ខ្លួន។
-->
នីតិពាណិជ្ជកម្មជានីតិពិសេស ពីព្រោះវាបញ្ចូលនូវវិធានពិសេស ដែលហួសពីគោលការណ៍និងនីតិរដ្ឋប្បវេណី បើប្រៀបធៀបទៅនឹងនីតិរដ្ឋប្បវេណី។
ប្រវត្តិនៃនីតិពាណិជ្ជកម្ម
វិធានពាណិជ្ជកម្ម ត្រូវបានគេឃើញមានចាប់តាំង ពីពេលមានកំណើតពាណិជ្ជកម្មមកម្ល៉េះ។ ច្បាប់ពិសេសដែលគ្រប់គ្រងមុខរបរ និងប្រតិបត្តិការជំនួញបានមានកំណើតតាំងពីសតវត្សរ៍ទី១១ នៅក្នុងមណ្ឌលសំខាន់ៗដូចជា: ផ្នែកខាងជើងនៃប្រទេសអ៊ីតាលី អាឡឺម៉ង់ និងតំបន់ខ្លះនៃប្រទេសបារាំង។
ដោយសារមានមុខរបរ និងប្រតិបត្តិការជំនួញនេះហើយ ទើបគេបានបង្កើតច្បាប់ស្ដីពីកិច្ចសន្យាការបង្កើតរូបិយាណត្តិ។ នៅឆ្នាំ១៨០៧ ប្រទេសបារាំងបានដាក់ឲ្យប្រើប្រាស់ក្រមពាណិជ្ជកម្ម ដែលក្រមនេះចែកជា៤ ផ្នែកគឺពាណិជ្ជកម្មទូទៅ ពាណិជ្ជកម្មសមុទ្រ ក្សយធន និង សាលជម្រះក្ដីពាណិជ្ជកម្ម។
ពាណិជ្ជកម្ម គឺជាសកម្មភាពទិញ លក់ទំនិញ ឬសេវាដែលត្រូវបានអនុវត្តជាប្រចាំក្នុងគោលដៅធ្វើ ការដោះដូរ និងស្វែងរកចំណេញ។ រូបវ័ន្តបុគ្គល (Natural Person) ឬនីតិបុគ្គល (Legal Entity) ទាំងឡាយណាដែលធ្វើពាណិជ្ជកិច្ច ហើយដែលយកពាណិជ្ជកិច្ចនេះជាមុខរបរខ្លួនជាប្រចាំ ហៅថាពាណិជ្ជករ៕