កម្ពុជា​នឹង​រៀបចំ​សន្និសីទ​ទេសចរណ៍​ម្ហូបអាហារ​លំដាប់​ពិភពលោក​លើកដំបូងនៅ​ស្អែក

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ក្រសួងទេសចរណ៍​នឹង​រៀបចំ​ធ្វើ​សន្និសីទ​លើក​ទី១ នៃ​មហា​ព្រឹត្តិការណ៍​ទេសចរណ៍​ម្ហូបអាហារ​លំដាប់​ពិភពលោក​លើកដំបូង (The First International Conference on Cambodia Gastronomy and Food Tourism) នៅ​សណ្ឋាគារ សុខា ភ្នំពេញ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ ទេសចរណ៍​ពិភពលោក (UNWTO)។

នៅក្នុង​សេចក្ដីប្រកាស ដែល​ចេញ​ដោយ​ក្រសួងទេសចរណ៍ កាលពី​ល្ងាច​ថ្ងៃទី១៩ ខែសីហា ម្សិលមិញ​នេះ​បាន​បញ្ជាក់ថា សន្និសីទ​អន្តរជាតិ​លើក​ទី១នេះ ស្តីពី “ទេសចរណ៍​ម្ហូបអាហារ​កម្ពុជា “លើកកម្ពស់​គុណ​តម្លៃ​ប្រពៃណី និង​បេតិកភណ្ឌ​សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចីរភាព” ។

យោងតាម​សេចក្តីប្រកាស​ព៌​ត​មាន​របស់​ក្រសួងទេសចរណ៍ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី១៩ សីហា​កន្លងមកនេះ​បាន​ឲ្យ​ដឹងថា ការរៀបចំ​ឱ្យមាន​ពិធី​ដ៏​ធំ​ជា​លើកដំបូង​នៅ​កម្ពុជា​នាពេលនេះ គឺមាន​គោលដៅ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​ម្ហូបអាហារ និង​ផលិតផល​ខ្មែរ ឱ្យ​ក្លាយជា​ផលិតផល​ទេសចរណ៍ ប្រកបដោយ​ភាព​ទាក់ទាញ​ថែមទៀត ។ ជាពិសេស ដើម្បី​ចូលរួម​លើកកម្ពស់​ម្ហូបអាហារ និង​ផលិតផល​ខ្មែរ ដែល​បង្ហាញ​ពី​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិ ទៅកាន់​ពិភពលោក​ឱ្យបាន​ទូលំទូលាយ ស្របតាម​បរិបទ​អាស៊ាន និង​ពិភពលោក ក៏ដូចជា​ស្របតាម​ការដាក់​ចុះ​យុទ្ធនាការ “នំ​បញ្ចុក​សន្តិភាព” ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន។

សន្និសីទ​អន្តរជាតិ​នេះ ក៏​នឹងមាន​ការចូលរួម​ពី​វាគ្មិន​ជាតិ-អន្តរជាតិ តំណាង​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) ប្រទេស​សមាជិក​អាស៊ាន ព្រមទាំង​មានការ​ចូលរួម​ពី​ស្ថាប័នរដ្ឋ ឯកជន សិស្ស និស្សិត និង​មាន​ការតាំង​បង្ហាញ​ផលិតផល​ខ្មែរ​មកពី​បណ្តា​រាជធានី-ខេត្ត​នានា​ផងដែរ។

ជាមួយគ្នា​នោះ ក្រសួងទេសចរណ៍​ក៏បាន​អញ្ជើញ​ប្រតិបត្តិ​ករ​ទេសចរណ៍ ដៃគូ​អភិវឌ្ឍន៍ សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​ផ្នែក​រដ្ឋ ឯកជន និង​ស្ថាន​ប័ន​ពាក់ព័ន្ធ​នានា សហការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ឱ្យបាន​ឱឡារិក។

ជាមួយនឹង​ការត្រៀម​រៀបចំ​កម្មវិធី​លំដាប់​ពិភពលោក​នេះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​ថោង ខុន ក៏បាន​ធ្វើការ​ណែនាំ​ដល់​បណ្តា​ក្រុមហ៊ុន​ភ្នាក់ងារ​ឯកជន​នានា ដើម្បី​ពង្រឹង​សមាគម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ​ក្រសួង ផ្នែក​ឯកជន និង​ប្រធាន​សមាគម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ សរុប​ប្រមាណ ៤០នាក់។

នៅក្នុង​កិច្ច​ប្រជុំបាន​ផ្តោត​សំខាន់​ទៅលើ​ការពង្រឹង​តួនាទី និង​ភារកិច្ច​របស់​ផ្នែក​ឯកជន និង​សមាគម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ក្នុងការ​ចូលរួម និង​សហការ​ជាមួយ​ក្រសួងទេសចរណ៍ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ និង​ពង្រឹងគុណភាព​ឧស្សាហកម្ម សេវាកម្ម​ទេសចរណ៍ និង​ការឃោសនា​ផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា។

ផ្នែក​ឯកជន​ដើរតួនាទី​សំខាន់​ធ្វើជា​ស្ពាន សម្រាប់​នាំមក​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ​ចាំបាច់​នានា​ពាក់ព័ន្ធ នឹង​ការប្រកប​អាជីវកម្ម​រកស៊ី​របស់​ផ្នែក​ឯកជន បញ្ជូនមក​ក្រសួងទេសចរណ៍ និង​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ និង​មាន​វិធានការ​ដោះស្រាយ​អោយបាន​សមស្រប ជាក់ស្តែង និង​មាន​ប្រសិទ្ធភាព។

លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ក្រសួង​បន្តធ្វើ​ការពិគ្រោះ​ពិភាក្សាគ្នា​ជាមួយ​ផ្នែក​ឯកជន និង​សមាគម ដើម្បី​ពិនិត្យ​ទៅលើ​បញ្ហា​ប្រឈម សំណូមពរ​ចាំបាច់​នានា និង​ការផ្តល់​គោលនយោបាយ​លើកទឹកចិត្ត​នានា ដល់​សមាគម​ដើម្បី​ទាក់ទាញ​ការចូល​ជា​សមាជិក​ឲ្យ​កាន់តែច្រើន សំដៅ​រួមគ្នា​ដោះស្រាយ និង​ដាក់ចេញ​នូវ​គោលការណ៍ យុទ្ធសាស្ត្រ និង​វិធានការ​ចាំបាច់​នានា​ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍ និង​ពង្រឹង​ភាពជា​ដៃគូ​រដ្ឋ-ឯកជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here