ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រសួងទេសចរណ៍នឹងរៀបចំធ្វើសន្និសីទលើកទី១ នៃមហាព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារលំដាប់ពិភពលោកលើកដំបូង (The First International Conference on Cambodia Gastronomy and Food Tourism) នៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមកិច្ចសហការជាមួយអង្គការ ទេសចរណ៍ពិភពលោក (UNWTO)។

-->
នៅក្នុងសេចក្ដីប្រកាស ដែលចេញដោយក្រសួងទេសចរណ៍ កាលពីល្ងាចថ្ងៃទី១៩ ខែសីហា ម្សិលមិញនេះបានបញ្ជាក់ថា សន្និសីទអន្តរជាតិលើកទី១នេះ ស្តីពី “ទេសចរណ៍ម្ហូបអាហារកម្ពុជា “លើកកម្ពស់គុណតម្លៃប្រពៃណី និងបេតិកភណ្ឌសម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព” ។
យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រសួងទេសចរណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី១៩ សីហាកន្លងមកនេះបានឲ្យដឹងថា ការរៀបចំឱ្យមានពិធីដ៏ធំជាលើកដំបូងនៅកម្ពុជានាពេលនេះ គឺមានគោលដៅផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ម្ហូបអាហារ និងផលិតផលខ្មែរ ឱ្យក្លាយជាផលិតផលទេសចរណ៍ ប្រកបដោយភាពទាក់ទាញថែមទៀត ។ ជាពិសេស ដើម្បីចូលរួមលើកកម្ពស់ម្ហូបអាហារ និងផលិតផលខ្មែរ ដែលបង្ហាញពីវប្បធម៌ និងអត្តសញ្ញាណជាតិ ទៅកាន់ពិភពលោកឱ្យបានទូលំទូលាយ ស្របតាមបរិបទអាស៊ាន និងពិភពលោក ក៏ដូចជាស្របតាមការដាក់ចុះយុទ្ធនាការ “នំបញ្ចុកសន្តិភាព” ដោយសម្តេចតេជោ ហ៊ុន សែន។
សន្និសីទអន្តរជាតិនេះ ក៏នឹងមានការចូលរួមពីវាគ្មិនជាតិ-អន្តរជាតិ តំណាងអង្គការទេសចរណ៍ពិភពលោក (UNWTO) ប្រទេសសមាជិកអាស៊ាន ព្រមទាំងមានការចូលរួមពីស្ថាប័នរដ្ឋ ឯកជន សិស្ស និស្សិត និងមានការតាំងបង្ហាញផលិតផលខ្មែរមកពីបណ្តារាជធានី-ខេត្តនានាផងដែរ។
ជាមួយគ្នានោះ ក្រសួងទេសចរណ៍ក៏បានអញ្ជើញប្រតិបត្តិករទេសចរណ៍ ដៃគូអភិវឌ្ឍន៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ផ្នែករដ្ឋ ឯកជន និងស្ថានប័នពាក់ព័ន្ធនានា សហការចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យបានឱឡារិក។
ជាមួយនឹងការត្រៀមរៀបចំកម្មវិធីលំដាប់ពិភពលោកនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន ក៏បានធ្វើការណែនាំដល់បណ្តាក្រុមហ៊ុនភ្នាក់ងារឯកជននានា ដើម្បីពង្រឹងសមាគមក្នុងឧស្សាហកម្មទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួង ផ្នែកឯកជន និងប្រធានសមាគមក្នុងឧស្សាហកម្មទេសចរណ៍ សរុបប្រមាណ ៤០នាក់។

នៅក្នុងកិច្ចប្រជុំបានផ្តោតសំខាន់ទៅលើការពង្រឹងតួនាទី និងភារកិច្ចរបស់ផ្នែកឯកជន និងសមាគមក្នុងឧស្សាហកម្មទេសចរណ៍ក្នុងការចូលរួម និងសហការជាមួយក្រសួងទេសចរណ៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងពង្រឹងគុណភាពឧស្សាហកម្ម សេវាកម្មទេសចរណ៍ និងការឃោសនាផ្សព្វផ្សាយទេសចរណ៍រួមគ្នា។
ផ្នែកឯកជនដើរតួនាទីសំខាន់ធ្វើជាស្ពាន សម្រាប់នាំមកនូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានាពាក់ព័ន្ធ នឹងការប្រកបអាជីវកម្មរកស៊ីរបស់ផ្នែកឯកជន បញ្ជូនមកក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងមានវិធានការដោះស្រាយអោយបានសមស្រប ជាក់ស្តែង និងមានប្រសិទ្ធភាព។

លោករដ្ឋមន្ត្រីបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងបន្តធ្វើការពិគ្រោះពិភាក្សាគ្នាជាមួយផ្នែកឯកជន និងសមាគម ដើម្បីពិនិត្យទៅលើបញ្ហាប្រឈម សំណូមពរចាំបាច់នានា និងការផ្តល់គោលនយោបាយលើកទឹកចិត្តនានា ដល់សមាគមដើម្បីទាក់ទាញការចូលជាសមាជិកឲ្យកាន់តែច្រើន សំដៅរួមគ្នាដោះស្រាយ និងដាក់ចេញនូវគោលការណ៍ យុទ្ធសាស្ត្រ និងវិធានការចាំបាច់នានាដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងពង្រឹងភាពជាដៃគូរដ្ឋ-ឯកជន៕