ដោយ វុត្ថា
ប្រទេសចិនៈ ក្រុមហ៊ុន Huawei Technologies Co Ltd បានសម្រេចបោះទុនវិនិយោគ៨០០លានដុល្លារ ដើម្បីសាងសង់រោងចក្រមួយនៅប្រទេសប្រេស៊ីល ដែលជាទីផ្សារស្មាតហ្វូនធំបំផុតទី៤ នៅលើពិភពលោកនៅឆ្នាំ២០២២ខាងមុខ។
យោងតាមការចុះផ្សាយរបស់គេហទំព័រ china.org.cn កាលពីកន្លងទៅថ្មីៗនេះថា រោងចក្រនេះ ស្ថិតនៅភាគខាងត្បូងឈាងខាងកើតនៃរដ្ឋ Sao Paulo ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្កើនវត្តមានរបស់ក្រុមហ៊ុននៅក្នុងទីផ្សារបរទេស។
-->
លោក Joao Doria អភិបាលរដ្ឋ Sao Paulo នៅក្នុងដំណើរទស្សកិច្ចទៅកាន់ទីក្រុងសៀងហៃ និងជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Huawei កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុន Huawei កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីសាងសង់រោងចក្រនេះ ខណៈប្រទេសប្រេស៊ីលនឹងធ្វើការដេញថ្លៃ 5G របស់ខ្លួននៅខែមីនា ឆ្នាំ២០២០ខាងមុខ ដែលជាការដេញថ្លៃធំជាងគេបំផុតនៅលើពិភពលោក។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនHauwei បានបង្ហើបនៅក្នុងសេចក្តីថ្លែងការណ៍មួយពីលទ្ធភាព នៃការផលិតទូរស័ព្ទស្មាតហ្វូននៅរោងចក្រថ្មីនេះ ដោយបាននិយាយថា“ ផ្អែកលើលទ្ធផលនៃប្រតិបត្តិការស្មាតហ្វូននៅក្នុងទីផ្សារក្នុងស្រុក ក្រុមហ៊ុនHuawei នឹងពិចារណាសាងសង់រោងចក្រមួយនៅរដ្ឋ Sao Paulo នាពេលខាងមុខ។
សារព័ត៌មាន China Daily ធ្លាបបានចុះផ្សាយថា ក្រុមហ៊ុន Huawei ទំនងជាផលិតឧបករណ៍ទូរគមនាគមន៍ទាក់ទងទៅនឹង 5G នៅក្នុងរោងចក្រនេះដែរ រួមទាំងស្មាតហ្វូន 5G និងមូលដ្ឋានស្ថានីយ៍។
ក្រុមហ៊ុន Huawei បានដំណើរការនៅក្នុងប្រទេសអាមេរិកខាងត្បូងអស់រយៈពេលជាងពីរទសវត្សមកហើយ។ នៅក្នុងខែឧសភាក្រុមហ៊ុននេះ បានដាក់បង្ហាញម៉ូដែលទូរស័ព្ទ P30 Pro និង P30 Lite របស់ខ្លួនជាមួយនឹងកាមេរ៉ា ដែលមានគុណភាពបង្ហាញខ្ពស់នៅក្នុងប្រទេសនេះ។
ប្រេស៊ីលជាប្រទេសមួយដែលមានអាជីវកម្មព័ត៌មាន និងបច្ចេកវិទ្យារីកចម្រើនយ៉ាងឆាប់រហ័សហើយក៏ជាទីផ្សារដ៏មានសក្តានុពលមួយ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាផងដែរ។ សមាគមកម្ម software ប្រេស៊ីល ABES ព្យាករណ៍ថា នឹងមានការកើនឡើង១០,៥ ភាគរយ លើការចំណាយផ្នែកព័ត៌មានវិទ្យា នៅក្នុងប្រទេសនៅឆ្នាំនេះ ដែលខ្ពស់ជាងកំណើន ៩,៨ ភាគរយកាលពីឆ្នាំ ២០១៨កន្លងមកនេះ។
ទោះបីជាក្រុមហ៊ុន Huawei កំពុងប្រឈមនឹងឧបសគ្គខ្លះនៅលើទីផ្សារបរទេសចំពេលដែលភាពមិនប្រាកដប្រជា នៃពាណិជ្ជកម្មពិភពលោក បច្ចុប្បន្ននេះបានទទួលការគាំទ្រពីប្រទេសជាច្រើនរួមទាំងប្រទេសប្រេស៊ីល។
លោក Hamilton Mourao មន្ត្រីជាន់ខ្ពស់របស់ប្រទេសប្រេស៊ីលធ្លាប់បានឱ្យដឹងថា ក្រុមហ៊ុន Huawei នឹងមិនត្រូវបានហាមឃាត់ មិនឱ្យដំណើរការបណ្តាញទូរគមនាគមន៍ចល័ត 5G នៅក្នុងប្រទេសប្រេស៊ីលនោះទេ ព្រោះប្រទេសប្រេស៊ីលត្រូវធ្វើសមាហរណកម្មតាមបែបឌីជីថល៕