កម្ពុជា​ស្នើ​ឡាវ​ព​ន្លឿ​ន​ការអនុវត្ត​កិច្ចព្រមព្រៀង​ទិញ-លក់​អគ្គីសនី​ដើម្បី​ធានា​ស្ថិរភាពវិស័យ​ថាមពល​កម្ពុជា

0

ដោយ ​វុត្ថា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានស្នើ​ប្រទេស​ឡាវ​ជួយ​សម្របសម្រួល​និង​ព​ន្លឿ​ន​ការបញ្ជូន​អគ្គិសនី​មកកាន់​ប្រទេស​កម្ពុជា ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង​ទិញ-លក់​អគ្គីសនី ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា កាលពី​កំឡុង​ខែមីនា ឆ្នាំ២០១៩ ដើម្បី​ធានា​ស្ថិរភាព​ការប្រើប្រាស់​វិស័យ​ថាមពល នៅក្នុង​ប្រទេស​កម្ពុជា។

លោក​ប៉ាន សូរ​សក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ លោក Amphay KIDAVONG ឯកអគ្គរដ្ឋទូត​ឡាវ​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ បាន​ថ្លែងអំណរគុណ​ភាគី​ឡាវ ដែល​បាន​ឯកភាព​ជួយ​បំពេញតម្រូវការ​ប្រើប្រាស់​ថាមពលអគ្គីសនី​នៅក្នុង​ប្រទេស ខណៈដែល​កម្ពុជា​កំពុង​សម្រុក​សាងសង់​រោង​ចក្រ​អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម៧០០មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្ត​ព្រះសីហនុ និង​រោងចក្រ​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ២៤០មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និង​ពោធិ៍សាត់ ដើម្បី​ដាក់ឱ្យ​ដំណើរការ​ជា​បន្តបន្ទាប់​នៅក្នុង​ឆ្នាំនេះ និង​ឆ្នាំក្រោយ។

លោក​បន្តថា “ក្រៅពី​គម្រោង​ខាងលើ កម្ពុជា​ក៏បាន​ទិញ​ម៉ាស៊ីនភ្លើងធំៗចំនួន​ពីរ ពី​ប្រទេស​ហ្វាំ​ង​ឡង់ និង​អាល្លឺម៉ង់ ដើម្បី​បង្ការ​មិន​ឱ្យមាន​បញ្ហា​កង្វះ​អគ្គិសនី​កើតឡើង​ឆ្នាំក្រោយ ហើយ​នៅ​ថ្ងៃ​អនាគត បើសិនជា​យើង​មាន​ថាមពល​ប្រើប្រាស់​គ្រប់គ្រាន់ លើសពី​តម្រូវការ យើង​នឹង​លក់​ថាមពល​អគ្គិសនី ដែល​សល់​ពី​ការប្រើប្រាស់​ក្នុងស្រុក ទៅកាន់​ប្រទេស​សមាជិក​អាស៊ាន​ផងដែរ។

បន្ថែម​លើ​នោះ​ទៀត លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ភាគី​ឡាវ ពិចារណា​បើក​ជើងហោះហើរ​ត្រង់​មកកាន់​កម្ពុជា និង​ជំរុញ​ការដោះដូរ​ទំនិញ និង​សេវាកម្ម​ដ៏​មាន​សក្តានុពលផ្សេងៗ តាមរយៈ​ព្រឹត្តិការណ៍​ធុរកិច្ច និង​ពិព័រណ៍​ពាណិជ្ជកម្ម​នានា ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ។

លោក Amphay KIDAVONG ឯកអគ្គរដ្ឋទូត​ឡាវ​ប្រចាំ​កម្ពុជា​បានឱ្យដឹង​ដែរ​ថា នៅក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​បាន​សន្យា​ជួយ​សម្របសម្រួល ការបញ្ជូន​ថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ មកកាន់​ប្រទេស​កម្ពុជា ឱ្យបាន​ទាន់ពេលវេលា​នៅក្នុង​ឆ្នាំក្រោយ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here