រដ្ឋាភិបាល​ចិន​គាំទ្រ​កម្ពុជា ​ក្នុង​ការប្រកាស​ផ្អាក​ការ​ចេញ​អាជ្ញាប័ណ្ណ​អាជីវកម្ម​ល្បែង​អន​ឡាញ​

0

ដោយ​ ម៉ា​ណេត

​ប៉េកាំង​៖ រដ្ឋាភិបាល​ចិន​បាន​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ និង​ហ្វីលីពីន​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ជា​អប្បបរមា​នៃ​ប្រតិបត្តិ​ការ​ល្បែងស៊ីសង​តាម​អ៊ិ​នធើ​ណេត​ក្នុង​ស្រុក​របស់​ប្រទេស​ទាំងពីរ​។ នេះ​បើ​យោង​តាម​គេហទំព័រ​ CalvinAyre​ ចុះផ្សាយ​ព័ត៌មាន​នៅ​ថ្ងៃនេះ​។

នៅ​ថ្ងៃអង្គារ​នេះ​សន្និសីទ​សារព័ត៌មាន​ទៀងទាត់​របស់ក្រ​សួង​ការបរទេស​លោក​ Geng​ Shuang​ បាន​លើកឡើង​នូវ​សំណួរ​មួយចំនួន​ទាក់ទង​នឹង​សេចក្តី​ប្រកាស​របស់​កម្ពុជា​នា​ពេល​ថ្មី​ៗនេះ​ដែល​ថា​ ខ្លួន​នឹង​បញ្ឈប់​កម្មវិធី​ផ្តល់​អាជ្ញាប័ណ្ណ​ល្បែងស៊ីសង​តាម​អ៊ិ​នធើ​ណេត​ ក៏ដូចជា​ហ្វីលីពីន​ប្រកាស​ផ្អាក​ក្នុង​ការ​ចេញ​អាជ្ញាប័ណ្ណ​លេងល្បែង​អន​ឡាញ​ថ្មី​។

លោក​ Geng​ បាន​និយាយ​ថា​ ចិន​សូម​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការសម្រេច​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ហាមឃាត់​ការ​លេងល្បែង​តាម​អ៊ិ​នធើ​ណេត​ដោយ​ផ្អែកលើ​ជំនឿ​របស់ក្រ​សួង​ថា​ វា​នឹង​ជួយការ​ពារ​ផលប្រយោជន៍​របស់​កម្ពុជា​ និង​ចិន​ព្រមទាំង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ ពង្រឹង​ច្បាប់​ និង​ទំនាក់ទំនង​មិត្តភាព​របស់​ប្រទេស​ទាំងពីរ​។

នៅ​ថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០១៩កន្លងមក​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សារា​ចរណ៍​ណែនាំ​ ឲ្យ​បញ្ឈប់​ការ​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​ តាម​ម៉ាស៊ីន​អេ​ឡិក​ត្រូ​និក​គ្រប់​ប្រភេទ​ក្នុង​និង​ក្រៅប្រទេស​។សាលា​រា​ចរណ៍​ណែនាំ​នេះ​ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ។

នៅក្នុង​សារាចរណែនាំ​ រា​ជដ្ឋា​ភិបាល​បាន​ធ្វើការ​ណែនាំ​ចំនួន៣ចំណុច​ដូច​ខាងក្រោម​ ទី១​ មន្ត្រី​នគរបាល​យុត្តិធម៌​ និង​អាជ្ញាធរ​មានសមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ ត្រូវ​បង្កើន​ការស្រាវជ្រាវ​ និង​បង្ក្រាប​អាជីវកម្ម​ល្បែងភ្នាល់​ តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និច​ តាម​រយៈ​អ៉ិន​ធើ​ណេន​អន​ឡាយ​ ក្នុង​និង​ក្រៅប្រទេស​គ្រប់​ប្រភេទ​ និង​គ្រប់រូប​ភាព​ ដែល​ធ្វើសកម្មភាព​ដោយ​មិន​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ ស្ថាប័ន​មានសមត្ថកិច្ច​។

ទី២​ ចំពោះ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​ អេ​ឡិច​ត្រូ​និច​តាម​រយៈ​អ៉ិន​ធើ​ណែ​តអន​ឡាយ​ក្នុង​ និង​ក្រៅប្រទេស​ដែល​មាន​អាជ្ញាប័ណ្ណ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើសកម្មភាព​រហូត​ផុត​សុពលភាព​ ​ដែល​បាន​កំណត់​ក្នុង​អាជ្ញាប័ណ្ណ​។

បន្ទាប់ពីនេះ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​មិន​បន្ត​សុពលភាព​ នៃ​អាជ្ញាប័ណ្ណ​អនុញ្ញាត​ ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​ប្រភេទ​នេះ​តទៅទៀត​ឡើយ​។ ទី៣​ រាជរដ្ឋាភិបាល​បញ្ឈប់​ការ​ផ្តល់​គោលការណ៍​ និង​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និច​ តាម​រយៈ​អ៉ិន​ធើ​ណេត​អន​ឡាយ​ទាំង​ក្នុង​ និង​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​លើ​សារាចរណែនាំ​នេះ​តទៅ​។

ការ​ចេញ​សារា​ណែនាំ​នេះ​ ធ្វើឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​សង្កេតឃើញ​ថា​ សកម្មភាព​អាជីវកម្ម​ល្បែងភ្នាល់​ តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និច​តាម​អយៈ​អ៉ិន​ធើ​ណេត​ ក្នុង​ និង​ក្រៅប្រទេស​មួយចំនួន​ បាន​ទទួល​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ និង​មួយចំនួន​ទៀត​លួចលាក់​ធ្វើសកម្មភាព​នៅ​តាម​ទី​តាំង​ផ្សេង​ៗគ្នា​ ហើយ​ពួក​ឧក្រិដ្ឋជន​បរទេស​មួយចំនួន​ បាន​ជ្រក​ក្រោម​រូបភាព​ល្បែងភ្នាល់​ប្រភេទ​នេះ​ ដើម្បី​ធ្វើសកម្មភាព​បោកប្រាស់​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ​ និង​របៀបរៀបរយ​ក្នុង​សង្គម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here